ភ្នំពេញ: រថយន្ត Ford មួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យរេចង្កូតឡើងលើខឿនផ្លូវជ្រុលបុករះបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដីនិងបង្គោលភ្លើងស្តុបបណ្តាលឱ្យទ្រេត ឯរថយន្តរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ២០២២ នៅជាប់របងសណ្ឋាគារឡឺ រ៉ូយ៉ាល់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអត់ដឹងថាមុនកើតហេតុគេឃើញរថយន្ត Ford មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BQ-7077ធ្វើដំណើរតាម បណ្តោយផ្លូវព្រះមុនីវង្សទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យរេចង្កូតឡើងខឿនផ្លូវជ្រុលទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមបាក់រៀបដល់ដីនិងបង្គោលភ្លើងស្តុបមួយដើមទៀតបណ្ដាលឱ្យទ្រេត ចំណែករថយន្តផ្ទប់ជាប់នឹងបង្គោលភ្លើងស្តុបរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។
ក្រោយកើតហេតុម្ចាស់រថយន្តបានប្រញាប់ប្រញាល់ដោះស្លាកលេខរថយន្តយកទៅបាត់បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចចុះមកធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ៖សុខាសែនជ័យ






