ទីបញ្ជាការកណ្តាលរបស់អាមេរិក(CENTCOM) បានប្រកាសថា មូលដ្ឋានល្បាតរបស់អាមេរិកនៅភាគឦសានប្រទេសស៊ីរី រងការវាយប្រហារដោយមីស៊ីល។ តាមការលើកឡើង របស់ (CENTCOM)បានឱ្យដឹងថា យ៉ាងហោចណាស់កាំជ្រួចពីរគ្រាប់បានតម្រង់គោលដៅមកលើមូលដ្ឋានល្បាតរបស់អាមេរិកនៅជិតទីប្រជុំជន al-Shaddadi ភាគឦសានប្រទេសស៊ីរី កាលពីល្ងាចថ្ងៃទី ២៥ ខែវិច្ឆិកា ។
ការវាយប្រហារនេះមិនបណ្តាលឱ្យមានមនុស្សរងរបួស ឬខូចខាតដល់មូលដ្ឋាននិងទ្រព្យសម្បត្តិរបស់កងកម្លាំងចម្រុះឡើយ។ កាំជ្រួចទីបីដែលមិនទាន់បាញ់ត្រូវបានរកឃើញនៅទីតាំងក្បែរនោះ។
អ្នកនាំពាក្យ CENTCOM លោក Joe Buccino បានបន្ថែមថា ការវាយប្រហារ “ប្រភេទនេះបានធ្វើឱ្យកងកម្លាំងចម្រុះ និងជនស៊ីវិលប្រឈមនឹងហានិភ័យ និងធ្វើឱ្យខូចដល់ស្ថិរភាព និងសន្តិសុខនៃប្រទេសស៊ីរី និងតំបន់” ចំពេលមានជម្លោះរវាងទួរគី នឹងកងជីវពលឃឺដក្នុងប្រទេសស៊ីរី។
ប្រទេសទួរគីបានចាប់ផ្តើមប្រតិបត្តិការយោធា “Claw-Sword” នៅក្នុងប្រទេសអុីរ៉ាក់ និងស៊ីរីកាលពីសប្តាហ៍មុន ដោយបានធ្វើការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងទៅលើក្រុមឃឺដ ដែលទីក្រុងអង់ការ៉ាចាត់ទុកថាជាអង្គការភេរវករក្នុងការសងសឹកចំពោះការទម្លាក់គ្រាប់បែកកាលពីថ្ងៃទី១៣ខែវិច្ឆិកានៅទីក្រុងអុីស្តង់ប៊ុល ( Istanbul )ដែលបានសម្លាប់មនុស្ស ៦ នាក់ ។
ការវាយប្រហារដោយមីស៊ីល
កាលពីថ្ងៃទី២៥ ខែវិច្ឆិកាបានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីមន្ទីរបញ្ចកោណបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីសកម្មភាពយោធារបស់ទីក្រុងអង់ការ៉ា ដោយនិយាយថា ការវាយប្រហារពីមុនរបស់ទួរគី “បានគំរាមកំហែងដោយផ្ទាល់” ដល់ទាហានអាមេរិកដែលឈរជើងនៅមូលដ្ឋានមួយផ្សេងទៀតនៅក្នុងប្រទេសស៊ីរី៕ ដោយធីរីណា
រូបថត :AP