ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានគេដេញវាយហូរឈាមពេញខ្លួនព្រោះតែគេចោទថាជាចោរគាស់ផ្ទះ បង្ករអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងទាំងយប់ នាំគ្នាដេញស្ទាក់ចាប់បានព្រួតគ្នាវាយស្ទើរស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង.៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ៣០ខែឧសភាឆ្នាំ២០១៦ តាមបណ្តោយផ្លូវរថភ្លើងស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌប្ញស្សីកែវ ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានលឺសូរសំលេងមនុស្សជិះម៉ូតូដេញវាយគ្នា ដោយស្រែកថា ចោរ! លុះពេលដែលអ្នកភូមិផ្អើលចេញមកមើលក៏ស្រាប់តែឃើញបុរស២នាក់ជិះម៉ូតូមិនចាំម៉ាក់ចេញទៅ រួមទាំងមនុស្ស៥ទៅ៦នាក់ទៀត ដើរចេញ បន្សល់ទុកយុវជនម្នាក់រងរបួសឈាមស្រោចពេញខ្លួនដួលសន្លប់ នៅជាប់ផ្លូវរថភ្លើង ។
ប្រភពដដែលបានបន្តទៀតថា ពេលដែលធ្វើការសាកសួរយុវជនដែលត្រូវគេវាយនោះ បាននិយាយទាំងសំលេងខ្សាវៗថា រូបគេដើររើសអេដចាយ ក៏ស្រាប់តែមានមនុស្សមួយក្រុមចោទថា រូបគេជាចោរគាស់ផ្ទះ ហើយក៏ដេញតាមវាយរូបគេរហូតដល់បែកឈាមហូរពេញខ្លួនបែបនេះទៅ ។
ក្រោយពេលកើតហេតុខាងលើប្រជាការពារភូមិបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ ដើម្បីចុះមកអន្តរាគមន៍ ។ ដោយពឹងផ្អែកលើទិដ្ឋភាពជាក់ស្តែង គ្មានភស្តុតាង និងដើមបណ្តឹង ទើបសមត្ថកិច្ចមិនអាចធ្វើអ្វីបានក្រៅតែពីយកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ សម្តេចឪ ព្រោះជនរងគ្រោះមានសភាពរបួសធ្ងន់ធ្ងរ ផងនោះ៕
ដោយ៖ ព្រែកជ័យ