នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយដ៏មានសារៈសំខាន់បំផុត ក្នុងកំណែទម្រង់កសាងធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ!

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គកុម្មង់ដូជំនាន់ទី១១ បើកវគ្គជួសជុលអូប័រជំនាន់ទី៦ វគ្គសង្គ្រោះគ្រោះមហន្តរាយ និងបើកវគ្គឆត្រយោងជំនាន់ទី៣៣ វគ្គឆត្របញ្ជាជំនាន់ទី៦ វគ្គឯកទេសមុជទឹកជំនាន់ទី៩ នៅបញ្ជាការដ្ឋានកងទ័ពពិសេស (កំបូល)។
មានមតិក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីភាពជោគជ័យរបស់កម្ពុជា នៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ដោយចាត់ទុកថានេះជាមោទនភាព ជាកិត្យានុភាពរបស់កម្ពុជា ដែលល្បីរន្ទឺលើឆាកអន្តរជាតិ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់យ៉ាងដូច្នេះថា «ជោគជ័យដែលកម្ពុជាទទួលបាន អាស្រ័យដោយកម្ពុជាក្រោមការដឹកនាំឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាពពេញលេញ គ្រប់គ្រងបានល្អជំងឺកូវីដ-១៩ ធានាបានសន្តិសុខ សុវត្ថិភាព ផាសុខភាពជូនឥស្សរជនពិភពលោកដែលចូលរួមក្នុងកិច្ចប្រជុំដោយផ្ទាល់»។
លើវិស័យការពារជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីបរិបទដែលប្រទេសជាតិមានសន្តិភាពពេញលេញ ជាឱកាសដ៏មានតម្លៃសម្រាប់កងយោធពលខេមរភូមិន្ទធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាពជំនាញឲ្យកាន់តែមុតស្រួច ក្នុងបុព្វហេតុបម្រើជាតិ ការពារមាតុភូមិ។
«ក្នុងន័យនេះ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារឱ្យខានតែបាននូវសន្តិភាព ទោះស្ថិតក្នុងតម្លៃណាក៏ដោយ»។ នេះជាការបញ្ជាក់របស់ នាយឧត្ដមសេនីយ៍ វង្ស ពិសេន។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយដ៏មានសារៈសំខាន់បំផុត នៅក្នុងការកែទម្រង់កសាងធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ ពីព្រោះថា ការហ្វឹកហ្វឺនគឺជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់ ទាំងការកសាង និងបង្កើនសមត្ថភាព ការថែរក្សាគ្រឿងបំពាក់ និងការធានានិរន្តរភាពការងារ។
សម្រាប់បញ្ជាការដ្ឋានទ័ពពិសេស នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីយុទ្ធសាស្ត្រនៃការហ្វឹកហ្វឺន ដើម្បីប្រែក្លាយអង្គភាពទ័ពពិសេសទៅជាអង្គភាពមុតស្រួច ធានាបានកិច្ចការពារបូរណភាពទឹកដី ការថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាពសង្គម ដែលទាមទារចាំបាច់ក្នុងការប្រកាន់ខ្ជាប់លក្ខណៈសម្បត្តិ៤យ៉ាង គឺ ទឹកចិត្តក្លាហាន ភក្តីភាព កាយសម្បទា និងជំនាញ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានទ័ពពិសេស បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវភារកិច្ច អនុវត្តម៉ឺងម៉ាត់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីការពារសន្តិភាព បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព ទប់ស្កាត់អំពើភេរវកម្ម និងបង្ក្រាបបទល្មើសនានា ដែលបង្កអស្ថិរភាពក្នុងសង្គមជាតិ៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print