ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងញៀនខេត្តនិងមានការចូលរួមសហការពីកម្លាំងនគរបាលក្រុងសិរីសោភ័ណ និងនគរបាលស្រុកមង្គលបុរី បានចេញប្រតិបត្តិការចំណាយពេល២ថ្ងៃជាប់គ្នាចេញបង្រ្កាបបានជនសង្ស័យគ្រឿងញៀនប្រុសស្រីចំនួន១១នាក់ មានកាំភ្លើងខ្លី១ដើម និងរកឃើញចាប់យកថ្នាំញៀនមួយចំនួនធំ ។
កម្លាំងនគរបាលខេត្តបន្ទាយមានជ័យចេញបង្រ្កាបជនសង្ស័យគ្រឿងញៀនគេមើលឃើញថាមានលក្ខណៈទ្រង់ទ្រាយធំ នៅពេលនេះ ក្រោយពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមាន ជ័យ ទើបតែដាក់ចេញនូវវិធានការនិងបទបញ្ជាម៉ឺងម៉ាត់ដល់កម្លាំងនគរបាលក្រោមបង្គាប់គ្រប់ផ្នែកនិងជំនាញចេញបង្រ្កាបបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាសន្តិសុខសុវត្ថិភាពឱ្យល្អប្រសើរឡើង។
ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនធ្វើឡើងកាលពីថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់ភ្នំពេជ្រផ្លូវទៅវត្តចំការខ្នុរ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងផ្ទះសំណាក់គ្មានយីហោមួយកន្លែងទៀត ក្នុងភូមិជំទាវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ក្នុងចំណោមជនសង្ស័យទាំង១១នាក់ក្នុងនោះមានជនសង្ស័យជាស្រ្តី២នាក់និង មុខសញ្ញា ជួញដូរថ្នាំញៀនចំនួន២នាក់ ក្នុងនោះមានម្នាក់ជាម្ចាស់កាំភ្លើងខ្លី និងមុខសញ្ញាប្រើប្រាស់ថ្នាំញៀន៩នាក់។ ជនសង្ស័យជួញដូរថ្នាំញៀនទាំង២នាក់មានទី១ឈ្មោះសុខ សារិៈ ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ចាប់យកថ្មាំញៀនពីជនសង្ស័យរូបនេះនូវថ្នាំញៀន មេតនហ្វេតាមីនទឹកកកចំនួន៣៩កូនថង់ ស្មើនិង២៤.១ក្រាម និងថ្នាំញៀនមេតំហ្វតាមីនWY២គ្រាប់ រួមនិងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនធំ ទី២ឈ្មោះហន សុខា ហៅច្រឹង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ជននេះជាម្ចាស់កាំភ្លើងខ្លីម៉ាករ៉ូឡូ និងគ្រាប់៦គ្រាប់ ផងដែរ។
ជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀនខាងលើគេទិញនៅក្នុងកាស៊ីណូក្រុងប៉ោយប៉ែត ហើយលក់ក្នុង១កញ្ចប់តូច៤ម៉ឺនរៀល ចំណែកកាំភ្លើងខ្លីនោះវិញគេទិញពីស្រុកសំពៅលូនខេត្តបាត់ដំបងពីបុរសខ្មែរសុរិន្ទម្នាក់ ក្នុងតម្លៃជាង១ម៉ឺនបាតគេទិញទុកការពារខ្លួនឯង។
លោក វរសេនីយ៍ទោ ធិន ស៊ិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្តប្រាប់ឱ្យដឹងថា កម្លាំងនគរបាលបង្រ្កាបជនង្ស័យខាងលើបានសម្រេចនៅពេលនេះ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត ដែលលោកទទួលព័ត៌មានរាយការណ៍តាមទូរស័ព្ទ ហើយលោកឧត្តមសេនីយ៍ស្នងការក៏បានបញ្ជាលោកផ្ទាល់ដឹកនាំកម្លាំងចុះទៅបង្រ្កាបជនសង្ស័យគ្រឿងញៀនចំនួន៩នាក់កំពុងធ្វើសកម្មភាពប្រព្រឹត្តបទ ល្មើសគ្រឿងញៀននៅក្នុងបន្ទប់លេខ៩និងលេខ១០ ផ្ទះសំណាក់ ភ្នំពេជ្រ និងបន្ទាប់មកកម្លាំង នគរបាលបន្តបង្រ្កាបជនសង្ស័យ២នាក់ទៀតនៅក្នុងផ្ទះសំណាក់ក្នុងស្រុកមង្គលបុរី។ ជនង្ស័យគ្រឿងញៀនទាំងនោះរួមនិងវត្ថុតាងថ្នាំញៀនកម្លាំងការិយាល័យជំនាញ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ សំ វិច្ឆិកា