ខេត្តពោធិ៍សាត់ : នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោកសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំ និង ក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល និងមន្ទីរចំណុះសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ បានចុះជួបសំណេះសំណាល ជាមួយមន្រ្តីបុគ្គលិកសុខាភិបាល ដែលកំពុងបំរើការនៅ មណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ស្ថិតក្នុង ស្រុកភ្នំក្រវ៉ាញ និង មណ្ឌលសុខភាពប្រមោយ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិសាត់។
លោកសាស្រ្តាចារ្យ បាន ពាំនាំនូវការសួរសុខទុក្ខ និង ការកោតសរសើរដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនដល់បងប្អូនមន្រ្តីបុគ្គលិកសុខាភិបាល ព្រមទាំងអជ្ញាធរខេត្ត ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកំលាំងកាយចិត្តក្នុងការ បំរើសេវាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសឹទ្ធភាពខ្ពស់ និង វិជ្ជាជីវៈ។
ក្នុងឱកាសនេះ លោកសាស្រ្តាចារ្យ បានចុះពិនិត្យប្រពន្ធ័ត្រជាក់ សំរាប់ថែរក្សា វ៉ាក់សាំង និង ក្រើនរំលឹក ដល់មន្រ្តីបុគ្គលិក នៃមណ្ឌលសុខភាព និង សូមអោយអាជ្ញាធរ មូលដ្ឋានជួយជំរុញប្រជាជនទាំងអស់ ចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ អោយបានគ្រប់ៗគ្នា តាមការណែនាំរបស់រាជរដ្ឋាភិបាល។ បន្ទាប់មក លោក សាស្រ្តាចារ្យ បានចុះពិនិត្យលើការដ្ឋានសាងសង់អគារ ថ្មីបន្ថែម មួយអគារទៀតក្នុងបរិវេណ មណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ដែលជាជំនួយសប្បុសធ៌ម របស់ លោកអ្នកឧកញ្ញា ទ្រី ភាព ។ លោកសាស្រ្តាចារ្យ បានវាយតំលៃខ្ពស់ ថាជំនួយសប្បុរសធម៌នេះ ពិតជា សមស្រប ទាន់ពេលវេលា និងមានតំលៃ សំរាប់បង្កើននូវ ប្រសឹទ្ធិភាព ក្នុងការផ្តល់សេវា របស់មណ្ឌលសុខភាព និងធ្វើអោយ យើងកាន់អាចនាំមកនូវសេវាសុខាភិបាល អោយកាន់តែខិតជិតប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទល់ដែនមួយនេះ។
លើសពីនេះទៀត ដោយពិនិត្យឃើញថាមណ្ឌលសុខភាព ហ៊ុនសែន ថ្មដា ស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាល និងមានតំរូវការជាក់ស្តែង ក្នុងការបញ្ជូនអ្នកជំងឺ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាល បានសំរេចផ្តល់ជូន រថយន្តសង្គ្រោះមួយគ្រឿងសំរាប់មណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ដើម្បីប្រើប្រាស់តាមតំរូវការ។
ជាទីបញ្ចប់ លោកសាស្រ្តាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនជាមន្រ្តីបុគ្គលិកសុខាភិបាល និង អាជ្ញាធរមូលដ្ឋានទាំងអស់ ព្រមទាំងសំណូមពរ អោយពួកគាត់បន្តគាត់បន្តនូវ សកម្មភាពដ៏ប្រពៃ និងគួរជាទីគោរពនេះ បន្តទៀត ដើម្បីធ្វើយ៉ាងណា អោយសេវាសុខាភិបាលប្រកបដោយប្រសឹទ្ធភាព កាន់តែខិតជិតប្រជាពលរដ្ឋ និង អាចរកបានគ្រប់ពេលប្រជាពលរដ្ឋត្រូវការ ៕
ដោយ : សហការី