លោក Piya Prayong ប្រធានក្រុមហ៊ុនអចលនទ្រព្យថៃ Pruksa Real Estate បានឱ្យដឹងថា ក្រុមហ៊ុនកំពុងតែបង្កើនតម្លៃផ្ទះចំនួន ៥ភាគរយក្នុងឆ្នាំនេះ ដោយសារតែតម្លៃដីខ្ពស់ជាងមុន។
លោកបានបន្ថែមទៀតថា ក្រុមហ៊ុនក៏បានបង្កើនការកំណត់នូវប្រាក់ចំណូលរបស់ខ្លួនពី ៥២ពាន់លានបាតទៅ ៥៣ ពាន់លានបាតវិញដែរ ដោយសារតែវិធានការជំរុញកំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនៅក្នុងវិស័យទីផ្សារអចលនទ្រព្យនេះ។
លោកបានបន្ថែមទៀតថា តម្លៃដីកើនឡើងក្នុងចន្លោះពី ២០ ទៅ ៣០ភាគរយចាប់តាំងពីឆ្នាំមុន។ ទោះបីជាតម្លៃដីនេះមិនទាន់ធ្វើឱ្យប៉ះពាល់ដល់តម្លៃសាងសង់និងសំណង់ក៏ដោយ ក៏ក្រុមហ៊ុននេះបានមើលឃើញថា ក្រុមហ៊ុននេះនៅតែមើលឃើញនូវភាពចាំបាច់ត្រូវតែបង្កើនតម្លៃគេហដ្ឋានផងដែរ។
លោក Piya បានមានប្រសាសន៍ទៀតថា បើទោះបីជាសេដ្ឋកិច្ចមិនត្រូវបានគេរំពឹងថានឹងកើនឡើងច្រើនក្នុងឆ្នាំនេះក៏ដោយ ក៏ក្រុមហ៊ុនជឿថា តម្រូវការគេហដ្ឋាននៅតែខ្លាំងគ្រប់គ្រាន់ដើម្បីឈានដល់គោលដៅកំណត់នៅក្នុងទីផ្សារគេហដ្ឋាននៅទីក្រុងបាងកកក្នុងអត្រា ៨ភាគរយស្មើនឹង ៣៨៣,១៨ពាន់លានបាតផងដែរ។តម្រូវការភាគច្រើនគឺផ្តោតទៅលើផ្ទះដែលមានតម្លៃមិនច្រើនជាង ៧លានបាត។
លោក Lersuk Chuladesa សហប្រធានប្រតិបត្តិរបស់ក្រុមហ៊ុននេះបានមានប្រសាសន៍ថា ក្រុមហ៊ុនបានបង្ហាញពីចំណូលចំនួន ១០,២៨ពាន់លានបាត និងប្រាក់ចំណេញសុទ្ធចំនួន ១,២៦លានបាតក្នុងត្រីមាសដំបូងនេះ ពោលគឺកើនឡើង ២៣,៨ភាគរយ និង៤២,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបានបញ្ជាក់ទៀតថា ជាមួយនឹងការកំណត់គោលដៅនៃចំណូលនេះ ក្រុមហ៊ុនគ្រោងនឹងដាក់ចេញនូវគម្រោងគេហដ្ឋានពី ៥០ ទៅ ៥៥ គម្រោងផងដែរ ដែលមានតម្លៃប្រមាណជា ៤០ពាន់លានបាត នៅចុងឆ្នាំនេះ បន្ទាប់ពីបានដាក់ចេញនូវ ១០គម្រោង ដែលមានតម្លៃ ៧,៤១ពាន់លានបាតនៅក្នុងត្រីមាសទី១នេះ។
ខណៈនោះដែរ ក្រុមហ៊ុននេះមានភាពជឿជាក់ថា ចំណូលរបស់ខ្លួននឹងឈានដល់គោលដៅថ្មីគឺ ៥៣ពាន់លានបាត ដោយសារតែខ្លួនទទួលបានការលក់ផ្ទះដាច់ជាច្រើន ហើយរង់ចាំតែផ្ទេរជូនអតិថិជននៅក្នុងឆ្នាំនេះតែប៉ុណ្ណោះ។
លោក Thanapol Sirithanachai ប្រធានក្រុមហ៊ុនអចលនទ្រព្យ Golden Land Property Development ក៏គ្រោងនឹងដាក់ចេញនូវគម្រោងគេហដ្ឋានចំនួន ១២គម្រោងដែលមានតម្លៃ ១៦ពាន់លានបាតផងដែរក្នុង អំឡុងចុងឆ្នាំនេះ ហើយនឹងដាក់គោលដៅចំណូលក្នុងឆ្នាំ២០១៦ដល់ ១០ពាន់លានបាតផងដែរ។
ក្រុមហ៊ុននេះបានបញ្ជាក់ថា ចំណូលរបស់ក្រុមហ៊ុនមានចំនួន ២,៤ពាន់លានបាត និងប្រាក់ចំណេញសុទ្ធមានចំនួន ១៩៨,៤១លានបាតនៅក្នុងត្រីមាសទី១ ពោលកើនឡើង ៤៦ភាគរយដល់ ៥៦,៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបានបន្ថែមទៀតថា លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបានបង្ហាញថា ការកើនឡើងខ្លាំងនេះគឺដោយសារតែវិធានការរបស់រដ្ឋាភិបាលដែលជំរុញតម្រូវការទីផ្សារនៅក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ។
ក្រុមហ៊ុនចុះបញ្ជីភាគច្រើនបានអះអាងថា កំណើនខ្លាំងនេះនៅក្នុងត្រីមាសទី១នេះគឺដោយសារតែវិធានរបស់រដ្ឋាភិបាលដែលបានផុតកំណត់កាលពីខែមុននោះ៕
ដោយ៖ រ័ត្ន