ចិនបានបង្ហាញការខកចិតយ៉ាងខ្លាំងទៅលើសេចក្តីប្រកាសរួមរបស់មេដឹកនាំ G7 ស្តីពីបញ្ហាញវិវាទនៅសមុទ្រចិនភាគខាងត្បូង ដែលជាទីតាំងកំពុងតានតឹងពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែសកម្មភាពរបស់ចិនដែលមិនខ្វល់ពីច្បាប់សមុទ្រអន្តរជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា កិច្ចប្រជុំ G7 ដែលរៀបចំឡើងនៅក្នុងប្រទេសជប៉ុនបានបំផ្លោង ស្ថានភាពនៅក្នុងតំបន់ធ្វើឲ្យស្ថេរភាពនៅដែនសមុទ្រចិនភាគខាងត្បូងត្រូវបាត់បង់។ ចិនបង្ហាញការខកចិត្តចំពោះសកម្មភាពទាំងនោះរបស់ជប៉ុន ដែលជាម្ចាសផ្ទះនៅក្នុងកិច្ចប្រជុំនោះ។
កន្លងមកមេដឹកនាំ G7 បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះស្ថានភាពដែលកំពុងតែកើតឡើងនៅសមុទ្រចិនភាគខាងត្បូង។ នៅក្នុងសេចក្តីប្រកាសរួមរបស់ប្រទេស អាមេរិក ជប៉ុន អង់គ្លេស បារំាង អាល្លឺម៉ង អីតាលី និងកាណាដា បានបញ្ចាក់ថា «រាល់ការប្រកាសពីដែនអធិបតេយ្យណាមួយត្រូវតែពឹងផ្អែកលើច្បាប់អន្តរជាតិ ហើយប្រទេសទាំងអស់មិនត្រូវធ្វើសកម្មភាពជាឯកតោភាគីនោះឡើយ ហើយមិនត្រូវប្រើអំណាចក្នុងការប្រកាសពីអធិបតេយ្យភាពនោះដែរ»។
សូមរំលឹកថា នៅក្នុងកិច្ចប្រជុំរយពេល២ថ្ងៃកន្លងមកដែលមានប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ មានជប៉ុន អាមេរិក បារាំង អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និងប្រទេសកាណាដា។ មានប្រធានបទសំខាន់ៗជាច្រើនដែលប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលទាំង ៧ប្រទេសត្រូវលើកទៅជជែកនៅក្នុងជំនួបកំពូលរយៈពេល ២ថ្ងៃ។ តែអ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងនៅក្នុងជំនួបកំពូល G7 ឆ្នាំនេះ គឺដំណើរទៅកាន់ទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ារបស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ កន្លងមកនេះ។
ប្រធានបទសំខាន់ៗដែល G7 លើកទៅជជែកនៅក្នុងជំនួបកំពូលឆ្នាំនេះសុទ្ធសឹងជាបច្ចុប្បន្នភាពក្តៅៗដែលពិភពលោកបាននិងកំពុងបន្តជួបប្រទះមកដល់សព្វថ្ងៃរួមមាន វិបត្តិសេដ្ឋកិច្ចសកល វិបត្តិអន្តោប្រវេសន៍ក្នុងទ្វីបអឺរ៉ុប បញ្ហាភេរវនិយម និងជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ តែដូចរៀងរាល់ឆ្នាំ សេដ្ឋកិច្ចនៅបន្តជាប្រធានបទអាទិភាពរបស់ជំនួបកំពូល G7។ លោកនាយករដ្ឋមន្រ្តីជប៉ុន ស្ហ៊ីនហ្សូ អាបេ បានគូសបញ្ជាក់នៅក្នុងសន្និសីទកាសែតជាមួយលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នាថ្ងៃទី២៥ ខែឧសភា ថា លោកនិងលោក អូបាម៉ា បានយល់ឃើញដូចគ្នាពីការស្វែងកំណើនសេដ្ឋកិច្ចសកល សម្រាប់រយៈពេលវែង និងរឹងមាំ។
តែគេបានសង្កេតឃើញជាលក្ខណៈទូទៅថា មានប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលខ្លះរបស់ G7 បានយល់ឃើញ និងឲ្យសារៈសំខាន់ខុសៗគ្នា។ ជប៉ុននិងអាមេរិកបានលើកឡើងពីការអនុវត្តឲ្យមានសមភាពរវាងនយោបាយហិរញ្ញវត្ថុ នយោបាយថវិកានិងនយោបាយកំណែទម្រង់រចនាសម្ព័ន្ធ។ ជប៉ុននិងអ៊ីតាលីបានយល់ឃើញដូចគ្នាពីការបង្កើនការចំណាយដើម្បីជួយផ្តល់សន្ទុះសេដ្ឋកិច្ច។ តែអាល្លឺម៉ង់និងអង់គ្លេសមិនឯកភាពដោយបានឲ្យអាទិភាពលើនយោបាយកំណែទម្រង់រចនាសម្ព័ន្ធ។
សម្រាប់អ្នកខ្លះទៀតយល់ថា ប្រទេសនីមួយៗដែលមានតម្រូវការមិនដូចគ្នានិងមានគោលនយោបាយសេដ្ឋកិច្ចខុសគ្នាគួរតែចាត់វិធានការដោយផ្អែកលើស្ថានការណ៍ និងតម្រូវការជាក់ស្តែងរបស់ខ្លួន និយាយបែបម្យ៉ាងទៀតគេមិនត្រូវមានវិធានការរួមដើម្បីយកទៅអនុវត្តន៍នៅគ្រប់ប្រទេសនោះទេ។ ដូច្នេះ G7 ត្រូវតែរកផ្លូវកណ្តាលមួយដែលអាចទទួលយកបានទាំងអស់គ្នាសម្រាប់ជួយលើកដំកើងសុខភាពសេដ្ឋកិច្ចពិភពលោក៕
ប្រែសម្រួល៖ សាធី