សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវទស្សនៈទាំង៧ចំណុច ដើម្បីជំរុញលើកកម្ពស់វិស័យកីឡាកម្ពុជា និងត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវទស្សនៈទាំង៧ចំណុច ដើម្បីជំរុញលើកកម្ពស់វិស័យកីឡាកម្ពុជា និងត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ការផ្តល់នូវទស្សនៈទាំង៧ចំណុច របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ក្រោមពាក្យស្លោក «កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍ» ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅល្ងាចថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា, ចំណុចទាំង៧រួមមាម ៖

-ទី១៖ ក្រសួងស្ថាប័ន និងអាជ្ញាធររាជធានី-ខេត្ត ដែលមិនទាន់មានក្រុមកីឡាចូលរួមប្រកួត ត្រូវបង្កើតអង្គភាពកីឡា ឬសមាគម កីឡាប្រចាំក្រសួងស្ថាប័ន អាជ្ញាធររាជធានី-ខេត្ត របស់ខ្លួនដោយមានយន្តការគ្រប់គ្រងដឹកនាំច្បាស់លាស់ មានតម្លាភាព ក្នុងការគ្រប់គ្រង និងបង្កើនសមត្ថភាពកីឡាករ-កីឡាការិនី របស់ខ្លួនជាប្រចាំសម្រាប់ចូលរួមក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។

-ទី២៖ ក្រសួង ស្ថាប័ន និងអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការបង្កើតក្រុមកីឡាដែលខ្លួនមានឧត្តមភាព និងត្រូវរៀបចំការប្រកួតក្នុងក្របខ័ណ្ឌផ្ទៃក្នុង តាមពេលវេលា សមស្របសម្រាប់ពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ដើម្បីចូលរួមក្នុងការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឱ្យបានកាន់តែច្រើន។

-ទី៣៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវជំរុញល្បឿននៃការត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយជាស្រេច ដើម្បីធានាបាននូវជោគជ័យខ្ពស់ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិដ៏ធំជាប្រវត្តិសាស្ត្រនេះ។

-ទី៤៖ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវពង្រីកកិច្ចសហការឱ្យបានជិតស្និទ្ធប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ជាបន្ទាន់សំដៅធានាបានប្រសិទ្ធភាពក្នុងការដឹកនាំ ការគ្រប់គ្រង និងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនៅឆ្នាំ២០២៣។

-ទី៥៖ សូមអំពាវនាវដល់វិស័យឯកជន ក្រុមហ៊ុន សហគ្រាស និងសប្បុរសជនទាំងអស់ សូមចូលរួមដល់មូលនិធិកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីរួមចំណែកដល់ភាព ជោគជ័យនៃការរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិនេះ។

-ទី៦៖ សូមអំពាវនាវដល់ប្រជាជនទាំងអស់ សូមប្រកាន់ខ្ជាប់នូវស្មារតី «ប្រជាជនម្នាក់ ជាម្ចាស់ផ្ទះម្នាក់» ពិសេសប្រជាជននៅតាមរាជធានី-ខេត្ត ដែលត្រូវត្រៀមទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សូមរៀបចំអនាម័យ ថែរក្សាបរិស្ថានឱ្យបានល្អ និងរៀបចំតុបតែងលម្អ ដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋានរបស់ខ្លួន សំដៅលើកមុខមាត់កម្ពុជា និងទាក់ទាញការចាប់អារម្មណ៍របស់ប្រតិភូកីឡា និងភ្ញៀវអន្តរជាតិទាំងអស់ដែលនឹងអញ្ជើញមកចូលរួមការប្រកួតនៅកម្ពុជានៅឆ្នាំ២០២៣ ខាងមុខនេះ។

-និងទី៧៖ សូមលើកទឹកចិត្តឱ្យបន្តរៀបចំកម្មវិធីយុទ្ធនាការអប់រំសង្គម «មានអ្វីលើសពីការប្រកួតកីឡា» (Beyond the Games) របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបង្កើនការយល់ដឹងអំពីបច្ច័យជាវិជ្ជមាន នៃការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្ត្រនេះ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា, ៖ ព្រឹត្តិការណ៏អង្គរសង្រ្កាន្ត នឹងធ្វើឡើងវិញនៅឆ្នាំ២០២៣ខាងមុខនេះ។

សម្តេចតេជោថ្លែងក្នុងពិធីថ្លែងសុន្ទរកថា បិទ​ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ​លើកទី១ នាល្ងាចថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនប្រជាពលរដ្ឋថា កម្ពុជានឹងប្រារពព្រឹត្តិការណ៏អង្គរសង្រ្កាន្ត នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ក្នុងឆ្នាំ២០២៣ខាងមុខនេះឡើងវិញ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print