ខេត្តក្រចេះ៖ បុរសជនជាតិវៀតណាមម្នាក់ឯកទេសសំណង់និងអគ្គីសនីធ្វើការក្នុងក្រុមហ៊ុនទូរស័ព្ទ Metfone បានស្លាប់ដោយសារឆក់ចរន្តអគ្គីសនីធ្លាក់ពីលើផ្ទះថ្មជាន់ទី១ នៅស្រុកឆ្លូង ខណៈដែលបុរសរងគ្រោះបានឡើងតភ្លើងលើកស្លាកឡូហ្គូ ហើយភ្លាត់ស្នៀតឆក់ស្លាប់តែម្តង ។
ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងភុមិជ្រោយថ្មលើ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ។
នគរបាលស្រុកឆ្លូងបានឲ្យដឹងថា បុរសរងគ្រោះបានស្លាប់ក្រោយពេលបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកឆ្លូង ក្រោយពីជនរងគ្រោះឆក់ខ្សែភ្លើងនៅពេលកំពុងឡើងលើកស្លាកឡូហ្គូទូរស័ព្ទ Metfone ។
អធិការនគរបាលស្រុកឆ្លូងលោកវរសេនីយ៍ទោ ឌួង សុទ្ឋី បានឱ្យដឹងថា ជនរងគ្រោះជាជនជាតិវៀតណាមជំនាញខាងផ្នែកសាងសង់ដំឡើងឡូហ្គូក្រុមហ៊ុនទូរស័ព្ទ Metfone រូបនេះឈ្មោះ ជឿង មិនញឹក អាយុ២៩ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ និងបានមកដំឡើងស្នាក់ការក្រុមហ៊ុន មិត្តហ្វូន នៅស្រុកឆ្លូងមានរយៈពេលប៉ុន្មានថ្ងៃមុនកើតហេតុ។
លោកអធិការបន្តថា ជនរងគ្រោះជាជនជាតិវៀតណាមរូបនេះពិតជាបានស្លាប់ដោយសារឧប្បត្តិហេតុឆក់ចរន្តអគ្គិសនី ក្រោយពេលដែលជនរងគ្រោះរូបនេះ ធ្វើការមិនប្រយ័ត្ននិងបានប៉ះចំតំណរខ្សែរភ្លើងក៏ត្រូវឆក់និងរមៀលធ្លាក់ពីលើផ្ទះថ្មជាន់ទី១ មកហើយក៏ត្រូវស្លាប់ពេលបញ្ជូនមកសង្រ្គោះ ចំណែកសាកសពត្រូវបានប្រគល់ទៅឱ្យខាងក្រុមហ៊ុនដើម្បីចាត់ចែងបន្តទៅក្រុមគ្រួសាររងគ្រោះ ៕
ដោយ៖ កោះទ្រុង