ភ្នំពេញ៖ សិស្ស ជិត២០០០នាក់ បាន ចូលរួមក្នុងវិធីកីឡា Olympic Move ឬហៅ ថា ចលនាអូឡាំពិកនៅវិទ្យាល័យជម្ពូវ័ន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះបើយោងតាមការបញ្ជាក់ពី លោក ម៉ៃ សំអាត តំណាងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ខណៈដែលវិទ្យាល័យ ឥន្ទ្រទេវី និងវិទ្យាល័យព្រះស៊ីសុវត្ថិរំពឹងថានឹងមានសិស្សចាប់អារម្មណ៍កាន់ច្រើនឡើងបន្ថែមទៀត ។
លោក ម៉ៃ សំអាត តំណាងក្រុមអប់រំនៃបណ្ឌិត្យសភាកីឡាអូឡាំពិកកម្ពុជាបានប្រាប់ឱ្យដឹងថាកម្មវិធី Olympic Move ឬ ចលនាអូឡាំពិកលើកទី២នេះគឺមានប្រភេទកីឡាចំនួន៥ដដែល ក្នុងនោះមានបាល់ទះ បាល់ទាត់ អត្តពលកម្ម កាយសម្ព័ន្ធ និងកីឡាល្បុក្កតោដែលទាំងអស់នេះលោកចាប់ អារម្មណ៍ឃើញថា កីឡាកាយសម្ព័ន្ធ និង កីឡាល្បុក្កតោទទួលបានការគាំទ្រច្រើន។
លោកសំអាតអះអាងថា មូលហេតុដែលកីឡាទាំង២ប្រភេទខាងលើនេះទទួលបានក្មេងៗ និងយុវជន-យុវនារី ចូលរួមច្រើនគឺ ដោយសារតែកីឡាកាយសម្ព័ន្ធមានកម្មវិធីរាំជាលក្ខណៈសប្បាយៗ ។ រីឯក្បាច់គុនល្បុក្កតោគឺជាក្បាច់គុនរបស់ដូនតាបូករួមជាមួយអ្នកជំនាញបង្ហាត់បង្រៀនបានល្អទៀតនោះ ធ្វើឲ្យពួកសប្បាយផងនិងបានធ្វើ ត្រាប់តាមរៀមច្បងចាស់ៗប្រកបដោយទឹកមុខញញឹមគ្រប់ៗគ្នាក្នុងការហ្វឹកហាត់ក្បាច់គុនរបស់ខ្មែរនេះ ។
គួររំលឹកថា គោលបំណងរបស់ចលនាកីឡាអូឡាំពិកគឺបំផុសឲ្យយុវវ័យលេង កីឡាដើម្បីសុខភាពដោយផ្តោតទៅលើយុវ ជនយុវនារីដែលមានអាយុចាប់ពី១៣ឆ្នាំទៅ១៨ឆ្នាំចុះក្រោមដែលជាទិសដៅសម្រេចឲ្យខាងតែបានតាមគោលនយោបាលរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដាក់ចេញ (ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកម្ពុជា ម្នាក់ចេះលេងកីឡា១ប្រភេទដើម្បីឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលប្រទេសកម្ពុជាធ្វើម្ចាស់ ) ។ ម្យ៉ាងវិញ ទៀតយើងចង់បញ្ចៀសកុមារកម្ពុជាឲ្យចេញឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងកុំទុកឲ្យពេលទំនេរក្រៅពីការសិក្សារបស់ពួកគេ៕
ដោយ៖ សារីម