សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសប្រារពទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​ ១ធ្នូ​ ឆ្នាំ២០២២​ ក្រោមប្រធានបទ​ «ធ្វេីឱ្យមានសមភាព»

ចែករំលែក៖

ភ្នំពេញ : ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមជាមួយពិភពលោកទាំងមូល ដើម្បី ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដែលប្រព្រឹត្តទៅនៅថៃ្ងព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមប្រធានបទ“ធ្វើឱ្យមាន សមភាព” ទិវានេះប្រារព្ធឡើងក្នុងគោលបំណងរួមគ្នាជាសកល ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ របស់ប្រជាជននៅលើសកលលោក ចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗក្នុង ការទប់ស្កាត់ការរាលដាលមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រ និង យកចិត្តទុកដាក់ដល់អ្នកផ្ទុកមេរោគអេដស៍ និងអ្នករងផលប៉ះពាល់ពីមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងការទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គម ឱ្យកាន់តែទូលំទូលាយថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា សូមអបអរសាទរចំពោះសមិទ្ធផលដែល ព្រះរាជាណាចក្រកម្ពុជាយើងទទួលបានក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺ អេដស៍ ដូចមានចំណុចសំខាន់ៗខាងក្រោមនេះ ៖

១) នៅឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ប្រទេសកម្ពុជាយើងត្រូវបានទទួលស្គាល់ថាមានអត្រា គ្របដណ្តប់សេវាព្យាបាល ថែទាំអ្នកជំងឺអេដស៍រហូតដល់៩៩% ដែលជាអត្រាខ្ពស់ជាង គេនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក គឺខ្ពស់ជាងប្រទេសធំៗដូចជា ចិន ឥណ្ឌា ថៃ វៀតណាម ជាដើម។

២) អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា ត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រជាជនក្រីក្រដែល កំពុងទទួលបានការគាំពារសង្គមកាន់តែទូលំទូលាយ។ ជាមួយគ្នានេះ អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានសហការជាមួយក្រសួងផែនការ ដើម្បីកែសម្រួលនីតិវិធីក្នុង ការអនុញ្ញាតឱ្យអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ដែលពុំទាន់ទទួលការគាំពារសង្គម អាច ទទួលបណ្ណសមធម៌ ឬអត្តសញ្ញាណបណ្ណជនក្រីក្រ។ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ ចំនួន៦៣.៦១០នាក់ បានកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ដោយឥតគិតប្រាក់ពីមន្ទីរពេទ្យរដ្ឋ ហើយក្នុងនោះអ្នកផ្ទុក មេរោគអេដស៍ ចំនួន ៦.៦១៧នាក់ បានទទួលបានប័ណ្ណមូលនិធិសមធម៌ផងដែរ។
៣) ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសឈានមុខមួយ ដែលកំពុងផ្លាស់ប្ដូរមុខមាត់កម្មវិធី អេដស៍ពីការពឹងផ្អែកលើតែជំនួយខាងក្រៅ មកជាកម្មវិធីអេដស៍ដែលមានភាពធន់ និង មានចីរភាព។

៤) ព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្ដើមពង្រឹងប្រព័ន្ធជាតិ សំដៅបង្កើតចរន្តជាតិមួយដែល មុតស្រួចក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ដោយបង្កលក្ខណៈឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍គ្រប់លំដាប់ថ្នាក់ និងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ អង្គការអន្តរ ជាតិ រួមទាំងអង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិលជាតិ និងអន្តរជាតិផងដែរ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងអំណរគុណ និងកោតសរសើរចំពោះក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងចរន្ត ជាតិនៃការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាសេនាធិការ។

យើងទាំងអស់គ្នាត្រូវខិតខំថែមទៀត ក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ដែលបាត់មុខមិន ទាន់មកទទួលសេវាព្យាបាលប្រមាណ ១១.០០០នាក់ និងក្នុងការបញ្ចៀសកុំឱ្យមានការបោះបង់ការ ព្យាបាលរបស់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់។ ជាមួយនោះ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវតែដើរតួនាទីនាំមុខ ជាអ្នកសម្របសម្រួលកម្មវិធីបង្ការ ទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ក្នុងចំណោមប្រជាជនគន្លឹះ ដូចជាក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកបម្រើសេវាកម្សាន្តសប្បាយជាដើម។ ដើម្បីឈានទៅសម្រេចជោគជ័យនៃការបង្ការ ទប់ស្កាត់ ការរីករាលដាលនេះ ស្ថាប័នរដ្ឋទាំងអស់ ទាំងថ្នាក់ជាតិទាំងថ្នាក់ក្រោមជាតិ ត្រូវតែសហការឱ្យបាន ជិតស្និទ្ធ ជាមួយប្រតិបត្តិករ ព្រមទាំងជាមួយសហគមន៍នៃប្រជាជនគន្លឹះទាំងអស់ ក្នុងការផ្សព្វផ្សាយ សារសុវត្ថិភាពនៃការរួមភេទ ដូចជាការប្រើប្រាស់ស្រោមអនាម័យ កម្មវិធី PrEP ឬ PEP ឬការធ្វើតេស្ត រកមេរោគអេដស៍ដោយខ្លួនឯងជាដើម។

ការអំពាវនាវឱ្យ “ធ្វើឱ្យមានសមភាព” របស់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ជំរុញឱ្យយើង ធ្វើសកម្មភាពបានកាន់តែមានប្រសិទ្ធភាពឆ្ពោះទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ដោយត្រូវលើកកម្ពស់ភាពអាចរកបាន គុណភាព និងភាពស័ក្តិសមនៃសេវាកម្ម សម្រាប់ការព្យាបាល ការធ្វើតេស្ត និងការបង្ការមេរោគអេដស៍។ ការអំពាវនាវនេះ គឺតម្រូវឱ្យយើងទាំងអស់គ្នា ដោះស្រាយនូវ បញ្ហាវិសមភាព ដែលជាឧបសគ្គចម្បង រារាំងដល់វឌ្ឍនភាពក្នុងការបញ្ចប់អេដស៍។

ក្នុងតួនាទីជាអ្នកដឹកនាំ និងអនុវត្តការងារបង្ការ និងការងារប្រយុទ្ធទប់ស្កាត់ការរីករាលដាល មេរោគអេដស៍/ជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល
៊ត្រូវបន្តការដឹកនាំការប្រយុទ្ធនឹងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព តាំងពីថ្នាក់ជាតិ ដល់ ថ្នាក់ក្រោមជាតិ តាមរយៈ៖

ជំរុញឱ្យអនុវត្តនូវវិធានការទាំង៦ ដែលមានចែងក្នុងសេចក្តីជូនដំណឹង លេខ២១៣ សជណ.ស.ស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១៩ របស់ទីស្តីការគណៈរដ្ឋមន្រ្តីឱ្យ កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ដឹកនាំរៀបចំ និងអនុវត្តគោលនយោបាយលុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨។

ទន្ទឹមនឹងនេះ ខ្ញុំសូមអំពាវនាវដល់អង្គការដៃគូអន្តរជាតិ សូមជួយគាំទ្រការពង្រឹងប្រព័ន្ធជាតិ តាមរយៈការបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺ អេដស៍ក្នុងប្រទេស ក្រោមការដឹកនាំសម្របសម្រួលរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

ខ្ញុំក៏សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ធ្វើការ រួមគ្នាជាពហុវិស័យ សហការយ៉ាងជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន អ្នកផ្ទុកមេរោគអេដស៍ ក្រុមប្រជាជនគន្លឹះ និងសហគមន៍ ដើម្បីលុបបំបាត់ ការចម្លងមេរោគអេដស៍ និងយកជ័យជម្នះលើមេរោគអេដស៍ឱ្យបានតាមកាលកំណត់។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមឧទ្ទិសខ្លឹមសារ និងអត្ថន័យនៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺ អេដស៍ ១ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ “ធ្វើឱ្យមានសមភាព” ឱ្យក្លាយជាចរន្តជាតិដ៏ធំមួយ ដើម្បី ឈានទៅសម្រេចគោលដៅសូន្យ៣គឺ ៖ សូន្យអ្នកឆ្លងថ្មី សូន្យអ្នកស្លាប់ដោយសារជំងឺអេដស៍ និងសូន្យ ការរើសអើងអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ និងប្រគេនពរ ថ្វាយសម្តេច ព្រះថេរានុត្ថេរៈ និង ជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗយុវជន យុវតី សិស្សានុសិស្ស និង បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print