ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សន្តិភាពមានសារៈសំខាន់ខ្លាំងណាស់ បើគ្មានសន្តិភាពនោះទេ ក៏គ្មានការអភិវឌ្ឍន៍នោះដែរ។
សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ក្នុងពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea(Cambodia)។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើគ្មានសន្តិភាពនោះទេ ក្រុមហ៊ុននានាក៏មិនអាចមកវិនិយោគនៅប្រទេសយើងបានដែរ ហើយការវិនិយោគនេះ មិនមែនផ្តើមចេញពីអស្ថិរភាពនិងសង្រ្គាមនោះទេ គឺកើតចេញពីការលើកទឹកចិត្តនានាដែលកត្តាធំបំផុតគឺសន្តិភាពនេះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កត្តាសន្តិភាព បានបង្កើតឱ្យមានសិទ្ធិរស់រានមានជីវិត សិទ្ធិមនុស្ស សិទ្ធិសេរីភាព សិទ្ធិបោះឆ្នោត និងសិទ្ធិនានាផងដែរ ដូចនេះយើងត្រូវតែរួមគ្នាថែរក្សាសន្តិភាពឱ្យបាន។
សូមបញ្ជាក់ថា, ក្រុមហ៊ុនមីនីបៀជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។
ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅឆ្នាំ២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា មានរហូតដល់ទៅ ៤០០លានដុល្លារអាមេរិក និងផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាង ៦ពាន់នាក់។
បច្ចុប្បន្នក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគសរុបរហូតដល់ ១,១២៤ពាន់លានយេន ស្មើនឹងជាង ៨ពាន់លានដុល្លារ នៅ ៩៥កន្លែងទូទាំងពិភពលោក។
សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញចូលរួមក្នុងខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀនៅកម្ពុជា និងបានមកសួរសុខទុក្ខដោយផ្ទាល់ដល់បុគ្គលិក កម្មករ កម្មការិនី ទាំងអស់នៃក្រុមហ៊ុនក្រុមមីនេបៀនាពេលនេះ។ នេះជាលើកទី៤ហើយដែលសម្តេចបានអញ្ជើញមកកាន់ក្រុមហ៊ុននេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជំនឿចិត្ត ជាចំណុចពិសេសនៃការរីកលូតលាស់របស់ក្រុមមីនេបៀ របស់ជប៉ុននៅកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា គោលនយោបាយវិនិយោគរបស់កម្ពុជាគឺ «ត្រីណាមកមុនចាប់យកមុន » គឺមិនប្រកាន់ត្រីតូច ឬត្រីធំនោះទេ។ សម្តេចតេជោបានបង្ហាញនូវក្តីរីករាយ ដែលបានរួមចំណែកឱ្យក្រុមហ៊ុនមីនេបៀនៅកម្ពុជាមានការរីកចម្រើនជាមួយនឹងទុនកើនដល់ ៦០០លានដុល្លារ និងមានមានកម្មករបម្រើការងាររហូតដល់៦ពាន់នាក់នេះ៕
ដោយ : សិលា