ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឱ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះថា៖ លោកកាលពីព្រឹកថ្ងៃទី០១ ខែធ្នូម្សិលមិញនេះ បានជួបសំណេះសំណាលជាមួយ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងក្មួយៗនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីកសិកម្ម ក៏មានមតិផ្តាំផ្ញេី ៣ចំណុច សម្រាប់ជួយគិតទាំងអស់គ្នា៖
១. សាកលវិទ្យាល័យ គឺជាកន្លែងផ្តល់កិត្តិយស កិត្តិស័ព្ទ មោទកភាព និងទំនុកចិត្ត ដល់សាស្ត្រាចារ្យ និងនិស្សិត។ កេរ្តិ៍ឈ្មោះល្អ កើតចេញពី ការខិតខំចូលរួមកសាងទាំងអស់គ្នាឥតឈប់ឈរ។ សាកលវិទ្យាល័យយេីងមានប្រវត្តិយូរមកហើយក៏មានកិត្តិនាមល្អបានបណ្ដុះបណ្ដាលថ្នាក់ដឹងនាំវិស័យកសិកម្មជាច្រើន ដូច្នេះ យើងត្រូវបន្តកសាងនិងថែរក្សាកេរ្តិ៍ឈ្មោះនេះ។
២. សាស្ត្រាចារ្យ គឺជាអ្នកផ្តល់ចំណេះដឹង និងបណ្តុះបណ្តាលធនធានមនុស្ស។ កាលណាធនធានមនុស្សយេីងខ្លាំង នោះយេីងអាចបង្កេីតស្នាដៃ និងអភិវឌ្ឍប្រទេសបានគ្រប់វិស័យ រួមទាំងកសិកម្មផងដែរ។ លោកគ្រូ អ្នកគ្រូ គឺជាអ្នកចាក់សោរបេីកទ្វារឱ្យសិស្សគ្រប់រូបបានចូលចាប់យកចំណេះដឹង ហេីយនៅពេលបានឃើញសិស្សជោគជ័យ កំលាំងចិត្តពីមោទកភាពរបស់លោកគ្រូ អ្នកគ្រូគឺជារង្វាន់ដ៏ធំបំផុត។
៣. និស្សិតត្រូវមានគោលដៅជីវិតច្បាស់លាស់ និងតស៊ូប្រឹងប្រែងដេីម្បីភាពជោគជ័យនៅក្នុងជីវិត។ គ្មានអ្នកណាអាចទទួលខុសត្រូវលេីអនាគតរបស់យេីងជាងយើងខ្លួនឯងនោះទេ។ យើងត្រូវមានផែនការជាក់លាក់ ត្រូវធ្វើការងារតូចតាចឱ្យបានសម្រេចនិងឱ្យកាន់តែបានល្អ។ បើយើងជាធនធានមនុស្សល្អ មិនខ្វះទេអ្នកត្រូវការយើង៕ដោយ៖សហការី