(កំពង់ចាម)៖ លោកស្រី ងួន គីថារី ហៅស្រីនិច ម្ចាស់ផ្សារសំបូរ (ហៅផ្សាររុងរឿង) ទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរស្រុកបាធាយ ខេត្តកំពង់ចាម កំពុងរងការរិះគន់ និង បណ្តឹងពីពលរដ្ឋដែលរស់នៅជុំវិញថា បង្កើតផ្សារដោយមិនខ្វល់ខ្វាយពីបញ្ហាបរិស្ថាន គ្មានអនាម័យ ផ្សារសាងសង់ឡើងខុសច្ចេកទេស គ្មានច្បាប់ទម្លាប់ គ្មានអាជ្ញាបណ្ណ និងបង្កការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
បើយោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋលេខ៥៨២ ប.ស្ថ ក.ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ដែលពលរដ្ឋបានប្តឹងទៅមន្ទីរបរិស្ថានខេត្តកំពង់ចាម កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ថ្មីនេះ ប្រជាពលរដ្ឋបានស្នើដល់ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម ឲ្យជួយមើលបរិស្ថានអនាម័យ ក្នុងផ្សារសំបូរ ហៅផ្សារុងរឿង របស់លោកស្រី ងួន គីថារី ហៅ ស្រីនិច្ច ដែលបានបើកផ្សារលក់ដូរ យ៉ាងអាណាធិបតេយ្យ ខ្វះបច្ចេកទេសផ្នែកបរិស្ថាន អនាម័យ បង្កកសំរាម បង្កើតជាភក់ជ្រាំ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញ។
ប្រជាពលរដ្ឋបានបន្តទៀតថា៖ សកម្មភាពរបស់លោកស្រី ងួន គីថារី និងបក្ខពួកកូនចៅ ឃើញតែដើរទារលុយថ្លៃភាសុី ថ្លៃតូប ថ្លៃអនាម័យសណ្តាប់ធ្នាប់ តែបើរឿងការសំអាតអនាម័យវិញនោះគឺគ្មានទេ បណ្ដោយឱ្យសំរាមហូរកកស្ទះលិចពេញផ្លូវ ក្លាយជាក្លិនស្អុយរលួយពេលភ្លៀងធ្លាក់មកម្តងៗ។
លោក ខឹម គឹម មេឃុំសំបូរ ស្រុកបាធាយ បានឲ្យដឹងដែរថា: ផ្សាររបស់លោកស្រី ងួន គីថារី គឺជាផ្សារអនាធិបតេយ្យ គ្មានច្បាប់ទម្លាប់ គ្មានអជ្ញាបណ្ណ ពោលគឺជាផ្សារសេះហោះ។
ចំណែកលោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុកបាធាយបានអោយដឹងថា រឿងនេះយើងបានបន្តដោះហើយព្រោះមានហេតុច្រើន តែផ្សារចាស់នោះវាអត់មានច្បាប់ទម្លាប់មែន ហើយផ្សារថ្មីកំពុងរត់ច្បាប់។
ដោយឡែក លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម បានឲ្យដឹងថា៖ លោកបានដឹងរឿងនេះហើយ លោកក៏ធ្លាប់បានចាត់ការមួយជំហានហើយដែរ ប៉ុន្តែដោយម្ចាស់ផ្សាររូបនេះ មានចរិតមានះ អឿអួតអាងខ្លាំងពេក មិនខ្លាចរអា មិនគោរពច្បាប់ឡើយ ពោលគឺលោកស្រី ងួន គីថារី ហៅស្រីនិច្ច មិនបានសហការជាមួយនឹងមន្ត្រីជំនាញរបស់លោកទេ ហើយលោកនឹងសុំគោលការណ៍ទៅលោកអភិបាលខេត្តចាត់ការបន្តពីបញ្ហានេះ។
ជុំវិញការចោទប្រកាន់ខាងលើនេះ ភ្ងាក់ងារយើងនៅមិនទាន់អាចសុំការបកស្រាយបំភ្លឺពីលោកស្រី ងួន គីថារី ហៅស្រីនិច្ចបាននៅឡើយទេ។
ទោះជាយ៉ាងណា ចំពោះករណីខាងលើនេះ ពលរដ្ឋទទូចស្នើសុំ ដល់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មេត្តាចាត់វិធានការ បញ្ជូនមន្ត្រីជំនាញចុះស្រាវជ្រាវ ចំពោះផ្សារសំបូរហៅផ្សាររុងរឿងរបស់លោកស្រី ងួន គីថារី ហៅស្រីនិច្ច ទីតាំងនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ផងទាន៕