ភ្នំពេញ៖ ឆ្លៀកក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី៦៧ទិវាកុមារអន្តរជាតិ១មិថុនា នៅសាលាបឋមសិក្សាយកបាត្រនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ លោកអ៊ាង ស៊ីផាន អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានអំពាវនាវឲ្យក្មួយៗសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ខិតខំរៀនសូត្រក្រេបយកចំណេះដើម្បីអនាគត ។
ក្នុងពិធីនេះដែរមានការចូលរួមពីលោកគ្រូ-អ្នកគ្រួ មាតាបិតាសិស្សនិងសិស្សានុសិស្សជាង៥០០នាក់ ដោយឡែកនៅសាលាបឋមសិក្សាផ្សេងមួយចំនួនទៀតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅក៍បានប្រារព្ធពិធីអបអរសាទរខួបលើកទី៦៧ ទិវាកុមារអន្តរជាតិ១មិថុនាផងដែរ ។
បន្ទាប់ពីអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចប់ លោកអភិបាលខណ្ឌច្បារអំពៅបានមានមតិសំណេះសំណាលទៅកាន់ក្មួយៗសិស្សានុសិស្ស ដូច្នេះថា ក្មួយៗជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ដូច្នេះអ្វីដែលក្មួយៗត្រូវធ្វើដើម្បីអនាគតភ្លឺស្វាងនោះ គឺត្រូវខិតខំរៀនសូត្រប្រែក្លាយខ្លួនទៅជាសិស្សល្អ មិត្តល្អ និងកូនល្អ ស្តាប់តាមដំបូន្មានមាតាបិតានិងអាណាព្យាបាល ជាពិសេសត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់លោកគ្រូ-អ្នកគ្រូ ។ ក្មួយៗត្រូវចាំថា រៀនដើម្បីមានចំណេះដឹង ចំណេះធ្វើ រៀនដើម្បីមានបំណិនជំនាញ រៀនដើម្បីមានឥរិយាបថនិងសីលធម៌ល្អនិងរៀនដើម្បីចេះរួមរស់ជាមួយគ្នា។
លោកអភិបាលបានបន្តថា អនាគតរបស់ក្មួយៗនៅវែងឆ្ងាយណាស់ ដូចនេះមានតែការខិតខំរៀនសូត្រនេះហើយទើបធ្វើឲ្យក្មួយៗចៀសផុតពីភាពអវិជ្ជា និងមានអនាគត់ល្អ ។ ដោយឡែកមាតាបិតានិងអាណាព្យាបាលសិស្សគ្រប់រូបក៍ត្រូវចូលរួមចំណែកណែនាំនិងបង្រៀនបន្ថែមដល់កូនចៅរបស់ខ្លួនផងដែរ ។
ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានឧបត្ថម្ភដល់សាលាចំនួន៥០ម៉ឺនរៀល, ឧបត្ថម្ភដល់លោកគ្រូ-អ្នកគ្រូចូលនិវត្តក្នុងម្នាក់ៗ ៣ម៉ឺនរៀល, ក្រុមកុមារមានបញ្ញាមិនប្រក្រតីចំនួន២០ម៉ឺនរៀល និងឧបត្ថម្ភសិស្សក្រីក្រចំនួន៥០នាក់ក្នុងម្នាក់ៗ ឃីត១កញ្ចប់ ប៉ិច សៀវភៅ និងថវិការ៥,០០០រៀល ៕
ដោយ៖ សណ្ដោស