អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានស្នើឱ្យផ្អាកឬរំលាយរដ្ឋធម្មនុញ្ញ។ សកម្មភាពខាងលើបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងក្លាដោយសមាជិកព្រឹទ្ធសភា Chuck Schumer បានហៅអតីតប្រធានាធិបតីថាជា “គ្រោះថ្នាក់ចំពោះលទ្ធិប្រជាធិបតេយ្យអាមេរិក”។
សារព័ត៌មាន AFP ចុះផ្សាយនៅថ្ងៃទី៥ ខែធ្នូថា បន្ទាប់ពីលោកអតីតប្រធានាធិបតី Donald Trump បង្ហោះសារដ៏ចម្រូងចម្រាសលើបណ្តាញសង្គម Truth Social អ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋបានសម្តែងការជំទាស់ទៅលើសកម្មភាពរបស់លោកត្រាំ។
សមាជិកព្រឹទ្ធសភា Chuck Schumer ដែលជាអ្នកប្រជាធិបតេយ្យ និងជាមេដឹកនាំភាគច្រើនបាននិយាយថា “គាត់កំពុងអំពាវនាវឱ្យបញ្ចប់លទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញរបស់អាមេរិក” ។ «គាត់អស់ការគ្រប់គ្រង ហើយជាគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យរបស់យើង»។
តំណាង Ted Lieu ដែលជាអ្នកប្រជាធិបតេយ្យនៃរដ្ឋកាលីហ្វ័រនីញ៉ាបានហៅសំណើរបស់លោក Trump ថា “ប្រឆាំងអាមេរិក និងជាសកម្មភាពហ្វាស៊ីសនិយម” ។
តំណាងលោក Don Beyer ដែលជាអ្នកប្រជាធិបតេយ្យនៃរដ្ឋ Virginia ក៏បានចោទប្រកាន់លោក Trump ថា “បានប្រកាសជាសាធារណៈថាខ្លួនគាត់ជាសត្រូវនៃរដ្ឋធម្មនុញ្ញ ហើយគណបក្សសាធារណរដ្ឋត្រូវតែបដិសេធគាត់” ។ ក្នុងពេលនេះដែរ សេតវិមាន បានថ្កោលទោសលោក ដូណាល់ ត្រាំ ជុំវិញការអំពាវនាវឱ្យរំលាយរដ្ឋធម្មនុញ្ញអាមេរិក។
ជុំវិញការកត់សម្គាល់នេះដែរ ខាងសេតវិមានរបស់លោក ចូ បៃដិន តាមរយៈអ្នកនាំពាក្យ លោក Andrew Bates បានចេញមុខថ្កោលទោសយ៉ាងខ្លាំង។ លោក Andrew Bates បានសង្កត់ធ្ងន់ថារដ្ឋធម្មនុញ្ញអាមេរិកគឺជាឯកសារដ៏ពិសិដ្ឋមិនអាចបំពានបានដែលបង្រួបង្រួមប្រជាជនអាមេរិក ហើយថា ការវាយប្រហារលើរដ្ឋធម្មនុញ្ញ គួរតែត្រូវបានថ្កោលទោសជាសកល៕ ដោយធីរីណា
រូបថត : AP