ខេត្តបន្ទាយមានជ័យ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃចន្ទទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហាញពី ស្ថានីយផូស៊ីលភ្នំជញ្ជាំង (Phnom ChunhChoing Fossil Site)។ នេះបេីយោងតាមការដកស្រង់ចេញពីបុរេជីវៈចម្រុះកំណត់ត្រាផូស៊ីលនៅកម្ពុជា។
ក្រសួងបរិស្ថាន បានឱ្យដឹងថា ភ្នំជញ្ជាំងជាស្ថានីយផូស៊ីលសត្វសមុទ្រ មានទីតាំងស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចំណុចនិយាមកា WGS1984 (277268- 1503173) ។
ភ្នំនេះស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៥ មានវត្តភ្នំជញ្ជាំង។ តាមរយៈក្រសួងបរិស្ថាន ភ្នំនេះត្រូវបានរាជរដ្ឋាភិបាល ដាក់ជាតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំជញ្ជាំង ដោយអនុក្រឹត្យ លេខ៦៥អនក្រ.បក មានផ្ទៃដីទំហំ១៩ហិកតា ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។
ភ្នំជញ្ជាំងជាប្រភេទភ្នំថ្មកំបោរដែលកកក្តាំងជាផ្ទាំងថ្មមានរាងដូចជញ្ជាំង មានអាយុកាលក្នុងស័ក Paleozoic (ភេលាអូហ្សូអ៊ីក) សម័យកាល Permian (ភ័រមៀន) (២៩៨,៩-២៥១,៩លានឆ្នាំ) ។
តាមរយៈសណ្ឋានដីភ្នំនេះជាប់នឹងភ្នំបាក់ នៅតាមជញ្ជាំង ភ្នំយើងរកឃើញពពួក Crinoid (គ្រីណូអ៊ីត) ដែលកកជាថ្មផ្ទាំងៗ ផ្នែកជើងភ្នំដែលកៀក នឹងភ្នំបាក់មានផូស៊ីលច្រើនប្រភេទដូចជា ផ្កាថ្ម ពពួក Brachiopods៕ដោយ៖សហការី