សារលិខិតរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២២​ ក្រោមប្រធានបទ​ «សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត»

ចែករំលែក៖

ភ្នំពេញ : សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានថ្លែងថា, ថ្ងៃនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានក្តីសោមនស្សរីករាយ ចូលរួមអបអរជាមួយសមាគមជាតិកាកបាទក្រហម-អឌ្ឍចន្ទក្រហមទូទាំងសកលលោកចំនួន ១៩២ និងអង្គការស្មគ្រចិត្តជាតិ-អន្តរជាតិដទៃទៀតក្នុងការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២២ ក្រោមប្រធានបទ “ សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត ។ ជាការពិតណាស់ប្រធានបទនេះ មាន គោលបំណងគូសបញ្ជាក់ឲ្យយើងទាំងអស់គ្នាបានដឹងថា យើងត្រូវតែរួមកម្លាំងគ្នាឲ្យបានទ្វេដង ធ្វើ សកម្មភាពក្នុងស្មារតីសាមគ្គីភាពជាធ្លុងមួយដោះស្រាយបញ្ហាប្រឈមនានា ដែលបង្កឡើងដោយការ ប្រែប្រួលអាកាសធាតុ ជំងឺកូវីដ១៩. វិបត្តិភ័យ សង្គ្រាមតាមតំបន់នានា ដើម្បីវឌ្ឍនភាព និងវិបុលភាព នៅលើភពផែនដីយើងនេះ។

អ្នកស្មគ្រចិត្តគឺជាឆ្អឹងខ្នង និងជាប្រតិបត្តិករជួរមុខដ៍សកម្ម ពុំអាចខ្វះបានឡើយរបស់ កាកបាទក្រហមកម្ពុជា និងអង្គការស្ម័គ្រចិត្តនានា។ អ្នកស្ម័គ្រចិត្តគឺជានិម្មិតរូបនៃការលះបង់កម្លាំង កាយចិត្ត ពេលវេលា ធ្វើការរួមគ្នាក្នុងសាមគ្គីភាពជាធ្លុងមួយ ដើម្បីជំនះបានរាល់ការលំបាកនិង បញ្ជ ប្រឈមនានា។ ជាក់ស្ដែងសាមគ្គីភាពដ៏រឹងមាំរបស់កម្លាំងស្មគ្រចិត្តពីគ្រប់មជ្ឈដ្ឋាន នៅក្នុងប្រទេស បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាយើងកាន់តែរឹងមាំក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិទូលំទូលាយ គ្រប់ជ្រុងជ្រោយជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យប្រទេសជាតិយើង អាចគ្រប់គ្រងបានជំងឺកូវីដ-១៩ ជំងឺ ឆ្លងរាតត្បាតសកលនានា ហើយបាននិងកំពុងតែស្តារ និងជម្រុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងបរិបទ នៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងជោគជ័យជាបន្តបន្ទាប់ទៀត ដូចជាការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធថ្មីៗនេះ។
ក្នុងទិវាអន្តរជាតិនៃអ្នកស្មត្រចិត្តដ៏មានសារៈសំខាន់នេះ ក្នុងព្រះបរមនាម ហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះគណៈកិត្តិយស គណៈកម្មាធិការសាខា-អនុសាខាទូទាំង២៥រាជធានី-ខេត្ត ដែលតែងតែយក ចិត្តទុកដាក់ក្នុងការរកមូលនិធិជួយឧបត្ថម្ភគាំទ្រដល់សាខា-អនុសាខា និងក្រុមប្រតិបត្តិ ដែលបាននឹង កំពុងដឹកនាំក្មួយៗជាយុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងការអនុវត្ត ដូចភ្លៀង រលឹមផែនការសកម្មភាពរបស់សាខា-អនុសាខា តាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ២០២១- ២០៣០ ស្របតាមទិសស្លោក “ សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល ” ។

ក្នុងស្ថានភាពដែលពិភពលោកទាំងមូលកំពុងតែទាមទារឲ្យរួមកម្លាំងសាមគ្គីភាពតាមរយៈការ ស្មគ្រចិត្តដើម្បីពូតផ្តុំជាកម្លាំងរឹងមាំ ក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅលើភពផែនដីនេះ និង ក្នុងនាមស្ថាប័នមនុស្សធម៌ធំជាងគេនៅក្នុងប្រទេសមានកម្លាំងស្មគ្រចិត្ត ជាង៥ ម៉ឺននាក់ ខ្ញុំសូមអំពាវនាវ ដូចតទៅ៖

១– សូមគណៈកិត្តិយស និងគណៈកម្មាធិការសាខា-អនុសាខា បន្តលើកទឹកចិត្ត និងផ្តល់ការ ឧបត្ថម្ភគាំទ្រជាស្មារតី ថវិកា ដល់អ្នកស្មគ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាក្នុងការអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវផែនការសកម្មភាព ស្របតាមវិស័យអាទិភាពទាំង ៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់ កក្រក ។

២- សូមបង-ប្អូន អ្នកស្ម័គ្រចិត្ត នៅតាមសហគមន៍ បន្តពង្រឹងកម្លាំងសាមគ្គីភាព សហការជាមួយ ភាគីពាក់ព័ន្ធ ធ្វើសកម្មភាពដូចភ្លៀងរលឹមក្នុងការកសាងភាពធន់សហគមន៍ និងផ្តល់សេវាកម្ម ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះឱ្យបានឆាប់រហ័ស ទាន់ពេលវេលា ស្របតាមបាវចនា “ សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល “ និង “ មិនទុក នរណាម្នាក់ចោល ” ។

៣- សូមក្មួយៗ យុវជន យុវនារី និងអ្នកស្មគ្រចិត្តទាំងអស់ បន្តតាមដានដោយយកចិត្តទុកដាក់ សិក្សាស្វែងយល់ ជាប្រចាំនូវចំណេះដឹងថ្មីៗ ដើម្បីបន្តចូលរួមទទួលខុសត្រូវឱ្យបានខ្ពស់ទាំង អស់គ្នាក្នុងការបន្តទប់ស្កាត់ជំងឺកូវីដ-១៩ មេរោគបំប្លែងថ្មី លើកកម្ពស់កាត់បន្ថយហានិភ័យ និងបញ្ហាប្រឈមនានាបង្កដោយការប្រែប្រួលអាកាសធាតុ វិបត្តិភ័យនានា បញ្ហាកង្វះ ស្បៀងអាហារជាដើម និងសូមធ្វើជាយុវជន ជាអ្នកស្មគ្រចិត្តគំរូ ក្នុងការលើកកម្ពស់បរិស្ថាន ល្អ រស់នៅមានអនាម័យ លើកកម្ពស់វប្បធម៌នៃការចែករំលែក មិត្តអប់រំមិត្ត ប្រកបដោយ ចរិយាធម៌ សីលធម៌ល្អ និងបរិយាប័ន្ន ។

៤- សូមបង-ប្អូនរួមជាតិបន្តនូវវប្បធម៌នៃការចែករំលែកជួយគ្នាទៅវិញទៅមក និងលើកកម្ពស់ ក្តីស្រឡាញ់ការងារស្ម័ត្រចិត្តក្នុងក្រុមគ្រួសារ បង-ប្អូន មិត្តភ័ក្តិ សាច់ញាតិ ដែលជាមូលដ្ឋាន គ្រឹះដ៏រឹងមាំនៃការពង្រឹងភាពធន់សហគមន៍ និងរួមវិភាគទានយ៉ាងធំធេងដល់វឌ្ឍនភាពជាតិ និង វិបុលភាពប្រជាជន ។

ក្នុងទិវា នៃការលើកកម្ពស់សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្តនេះ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានឧបត្ថម្ភ គាំទ្រធនធានថវិកា ដោយការ ស្ម័ត្រចិត្ត ដល់ប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជា នៅទូទាំងប្រទេស ដើម្បីបុព្វហេតុមនុស្សធម៌ និង សូមអំពាវនាវ ចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា សូមបន្តឧបត្ថម្ភគាំទ្រ និងពង្រឹងកម្លាំងសាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត ជាមួយកាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ទៀត។

ជាទីបញ្ចប់ ខ្ញុំសូមគោរពជូនពរជ័យ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ ឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា អ្នកស្ម័គ្រចិត្ត យុវជន យុវនារី និងបងប្អូនរួមជាតិទាំងអស់ សូមបានប្រកបតនឹងសេចក្តីសុខសេចក្តីចម្រើន និងប្រកបតនឹងពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print