ភ្នំពេញ : លទ្ធផលនៃជំនួបពិភាក្សាការងាររវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក Christophe-André FRASSA សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានគណៈកម្មការនយោបាយនៃសភាប្រើប្រាស់ភាសាបារាំង (APF) ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហោះនៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា, នៅថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំអាហារថ្ងៃត្រង់ការងារជូន លោក Christophe- André (FRASSA / សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានគណៈកម្មការនយោបាយបារាំង (APF ក្នុងអំឡុងពេលនៃបេសកកម្មសុឆន្ទៈរបស់ លោកនៅព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចចាប់ផ្តើម លោក ប្រាក់ សុខុន បានរំឭកពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និងស្ថាប័នហ្វ្រង់កូហ្វូនី និងបានបញ្ជាក់ថា នៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ត្រីជាច្រើនរូប និយាយភាសាបារាំង។ លោក Christophe-André FRASS បានសាទរចំពោះប្រការនេះ និង បានគូសបញ្ជាក់ពីការចូលរួមយ៉ាងសកម្ម និងស្មោះស្ម័គ្ររបស់កម្ពុជានៅក្នុងគ្រួសារ APF ដ៏ធំនេះ ជាពិសេស នៅក្នុងកិច្ចប្រជុំសំខាន់នានារបស់ APF។
ទាក់ទងនឹងការបោះឆ្នោតឃុំ-សង្កាត់កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្នកចូលរួមបោះឆ្នោតមានអត្រាខ្ពស់លើសពី ៨០% ហើយ ជាលទ្ធផល អាសនៈចំនួន ២០% នៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានកាន់កាប់ដោយគណបក្ស ផ្សេងៗ។ យោងទៅលើបរិបទពិភពលោកបច្ចុប្បន្ន និងអស្ថិរភាពក្នុងសកលលោក តួលេខនេះគឺជា សូចនាករដ៏ល្អសម្រាប់ការបោះឆ្នោតនីតិប្បញ្ញត្តិនៅឆ្នាំ២០២៣ ខាងមុខ នេះជាលទ្ធផលនៃការ អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅ កម្ពុជា ដែលស្ដែងឡើង ជាពិសេស តាមរយៈការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំង ប្រទេស ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាជាង ៩៥% បានទទួលវ៉ាក់សាំង។
ប្រធានគណៈកម្មការនយោបាយ បានបង្ហាញពីបំណងពិភាក្សាពីការបោះឆ្នោតនាពេលខាងមុខនេះ ជាមួយនឹងចក្ខុវិស័យថ្មី ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្ដល់ព័ត៌មាន ដើម្បីអាចឱ្យអ្នក សង្កេតការណ៍អន្តរជាតិបានដឹងអំពីសកម្មភាពទាំងឡាយដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្ត នៅ ក្នុងក្របខណ្ឌនៃការបោះឆ្នោតនីតិប្បញ្ញត្តិនាពេលខាងមុខ។
ដោយទទួលស្គាល់ថា កំណត់សម្គាល់នេះពិតជាត្រឹមត្រូវលោកឧបនាយករដ្ឋមន្ត្រី បានថ្លែង អំណរគុណចំពោះ លោក Christophe-André FRASSA និងមានប្រសាសន៍ដោយប្រើន័យធៀបថា “សកម្មភាពដែលខ្ញុំផ្តល់ព័ត៌មាន ដូច្នេះ គឺជាសក្ខីកម្ម និងភស្តុតាងគ្រប់គ្រាន់នៃតថភាពអត្តសញ្ញាណ របស់ខ្ញុំ ។ ជាចុងក្រោយ ប្រធានគណៈប្រតិភូនៃគណៈកម្មាធិការនយោបាយ APF បានលើកជា សំណើចំនួនពីរ៖
កិច្ចសហប្រតិបត្តិការផ្លូវការរវាង APF និងសភាអន្តរសភាអាស៊ាន (AIPA)
ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនាពេលអនាគតរបស់ APF នៅកម្ពុជា ដែល នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូង ចាប់តាំងពីការបង្កើតអង្គការនេះ ក្នុងឆ្នាំ ១៩៦៧។
ភាគីកម្ពុជានឹងសិក្សាដោយយកចិត្តទុកដាក់ទៅលើសំណើទាំងពីរនេះ។ ក្នុងករណីមានការ បញ្ជាក់ជាផ្លូវការពីអាជ្ញាធរអាស៊ាន-AIPA និងអាជ្ញាធរកម្ពុជា APFនឹងឯកភាពលើសំណើនេះ។ ជំនួបនេះបានប្រព្រឹត្តទៅនៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយការស្ថាបនា និង បានបញ្ចប់ទៅដោយការពេញចិត្តទៅវិញទៅមករបស់ភាគីទាំងពីរ៕
ដោយ : សុខ ខេមរា