ភ្នំពេញ : វត្តមាននៃកូនសត្វខ្ទីងជាច្រើនក្នុងតំបន់ការពារធម្មជាតិគឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់ក្រុមអ្នកអភិរក្សនិងសម្រាប់ជីវៈចម្រុះពិភពលោក ខណៈសត្វខ្ទីងត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថា ជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក ហើយចំនួនរបស់វាត្រូវបានកត់សម្គាល់ថា មាននិន្នាការធ្លាក់ចុះនៅទូទាំងពិភពលោក។ គេនៅមិនទាន់មានទិន្នន័យច្បាស់លាស់ថា នៅកម្ពុជានៅសល់សត្វខ្ទីងចំនួនប៉ុន្មាននៅឡើយនោះទេ។ ប៉ុន្តែយោងតាម ទិន្នន័យទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ និងពីមន្ត្រីឧទ្យានុរក្សដែលបានចុះល្បាតនៅតាមតំបន់ការពារធម្មជាតិនានាបានឱ្យដឹងថា សត្វខ្ទីងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិផ្សេងៗ។
នៅក្នុងហ្វូងខ្ទីងដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ គឺមានវត្តមានកូនខ្ទីងនិងសត្វខ្ទីងជំទង់ជាច្រើនដែលនេះបង្ហាញថា សត្វខ្ទីងបន្តមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា និងបានបន្តពូជបង្កើតកូនតូចៗជាច្រើនដែលជាផ្នែកមួយនៃការរក្សាបានប្រភេទពូជសត្វដ៏កម្ររបស់ពិភពលោកនៅកម្ពុជា និងការថែរក្សាបាននូវទីជម្រកប្រកបដោយសុវត្ថិភាពសម្រាប់ពួកគេរស់នៅ និងការចូលរួមអភិរក្សជីវៈចម្រុះពិភពលោក។ វត្តមានកូនខ្ទីងនិងខ្ទីងជំទង់ជាច្រើនត្រូវបានប្រទះឃើញក្នុងតំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីប្រសិទ្ធភាពនៃការការពារជម្រកនិងសុវត្ថិភាពសត្វព្រៃកាន់តែប្រសើរ។
ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថានកាលពីពេលថ្មីៗនេះបានថតបានហ្វូងសត្វខ្ទីង ដែលមានទាំងសត្វខ្ទីងធំ សត្វខ្ទីងតូចៗ ជាច្រើនតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងដែនជម្រកសត្វព្រៃនៅកម្ពុជា។ សត្វខ្ទីងធ្លាប់មានវត្តមាននៅតាមតំបន់ព្រៃក្នុងតំបន់អាស៊ីភាគខាងត្បូងនិងភាគអាគ្នេយ៍ និងប្រទេសស្រីលង្កា។ ចំនួនសត្វខ្ទីងត្រូវបានសិក្សាថាមានការថយចុះជាង ៨០ ភាគរយក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ។ សត្វខ្ទីងនៅលើពិភពលោកបានថយចុះប្រមាណ ៩០ ភាគរយ ចាប់ពីពាក់កណ្តាលសតវត្សរ៍ទី ២០ មក។ តាមការសិក្សារបស់អ្នកជំនាញ សត្វខ្ទីងនៅកម្ពុជាមានការធ្លាក់ចុះប្រមាណជាង ៥០ភាគរយ នៅក្នុងអំឡុង ពេលចន្លោះពីឆ្នាំ ១៩៦០ មកដល់ដើមឆ្នាំ ១៩៩០។ ចំនួននេះត្រូវបានរកឃើញថាមានការធ្លាក់ចុះបន្ថែមទៀតរហូតមកដល់ពេលនេះ។
បើទោះបីជាការសិក្សាបានបង្ហាញថា ចំនួនសត្វខ្ទីងនៅកម្ពុជាមានការថយចុះស្របតាមនិន្នាការនៃការថយចុះរបស់ពិភពលោក តែរបាយ ប្រជាសាស្ត្រសត្វខ្ទីងមាននៅស្ទើរគ្រប់តំបន់ការពារធម្មជាតិនានា ហើយវត្តមាននៃកូនខ្ទីងតូចៗ និងខ្ទីងវ័យជំទង់ច្រើន ដែលថតបានក្នុងតំបន់ការពារធម្មជាតិ គឺជាក្តីសង្ឃឹមដ៏មុតមាំពីការបន្តពូជនិងការរីកធំនៃគ្រួសារសត្វខ្ទីង។ យោងតាមការសិក្សារបស់អ្នកជំនាញ បច្ចុប្បន្ននេះ ចំនួនប្រជាសាស្ត្រនៃសត្វខ្ទីងនៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី១៥០០០ ទៅ ៣៥០០០ ក្បាល។ ខ្ទីងកំពុងមានវត្តមានរស់នៅក្នុងប្រទេស ប៊ូតង់ កម្ពុជា ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ថៃនិងវៀតណាម ប៉ុន្តែបានផុតពូជនៅក្នុងប្រទេសស្រីលង្កា និងប្រទេស បង់ក្លាដែស។
ដោយឡែកនៅកម្ពុជា តំបន់ខ្លះមានសត្វខ្ទីងចំនួនច្រើន ដូចជា នៅក្នុងតំបន់ដែនជម្រកសត្វព្រៃក្នុងខេត្តមណ្ឌលគិរីដែលជាតំបន់ដែលមានសត្វខ្ទីងរស់នៅច្រើននៅអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៩០ ចន្លោះពីជាង ៥០០ ទៅជាង ១០០០ក្បាល។ ប៉ុន្តែចំនួននេះបានថយចុះនៅពេលបច្ចុប្បន្នដោយសារតែកត្តាគំរាមកំហែងមួយចំនួនជាពិសេសដោយសារតែអន្ទាក់និងការបរបាញ់ខុសច្បាប់៕
ដោយ : សហការី