លោក លឹម គានហោ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំដើម្បីពិនិត្យនិងវាយតម្លៃលើលទ្ធផលការងារដែលបានអនុវត្តក្នុងឆ្នាំ២០១៥ និងលើកទិសដៅសម្រាប់ការអនុវត្តក្នុងឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៦ នៅទីស្តីការក្រសួង មានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំដើម្បីពិនិត្យនិងវាយតម្លៃលើលទ្ធផលការងារដែលបានអនុវត្តក្នុងឆ្នាំ២០១៥ និងលើកទិសដៅសម្រាប់ការអនុវត្តក្នុងឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីជាន់ខ្ពស់របស់ក្រសួង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ទាំង ២៥ រាជធានីខេត្ត ។

លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំថា មុននឹងឈានទៅដល់ការពិនិត្យវាយតម្លៃលើលទ្ធផល ដែលបានអនុវត្តនាពេលកន្លងមក ខ្ញុំសូមចែករំលែកនូវទស្សនវិស័យពាក់ព័ន្ធនឹងសក្តានុពលទឹកនៅកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការស្វែងយល់ ពិសេសចំពោះលោក លោកស្រី ដែលទើបតែនឹងទទួលបានតួនាទីជាថ្នាក់ដឹកនាំនៅក្រសួងធនធានទឹក និងឧតុនិយម ។

ពាក់ព័ន្ធនឹងស្ថានភាពអាកាសធាតុ លោករដ្ឋមន្ត្រី បានលើកឡើងថា ឆ្នាំ២០១៥ កន្លងទៅគឺជាឆ្នាំមួយដែលអាកាសធាតុមានការប្រែប្រួលគួរឱ្យកត់សំគាល់ ។ បរិមាណទឹកភ្លៀងធ្លាក់តិច ហើយរអាក់រអួល ឯការរាំងស្ងួតក៏អូសបន្លាយពេលយូរដែលកត្តាអវិជ្ជមានទាំងនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណាំកសិកម្ម ពិសេសដំណាំស្រូវ ។ ប៉ុន្តែ ដោយសារក្រសួងបានចាត់វិធានការជាបន្តបន្ទាប់ ដូចជាការខ្ចប់ទឹកទុកក្នុងពេលមានជំនន់លើកទី១ ការប្រើប្រាស់ស្ថានីយបូមទឹក ម៉ាស៊ីនបូមទឹក ដើម្បីបូមអន្តរាគមន៍ ការបិទការដ្ឋានប្រព័ន្ធធារាសាស្ត្រធំៗ ដើម្បីបើកទឹកបញ្ចូល និងរក្សាទុកសម្រាប់ប្រើប្រាស់ ការបង្វែរទឹកពីខេត្តមួយទៅកាន់ខេត្តមួយដែលកំពុងមានការប្រឈម និងការបូមទឹកបញ្ចូលអាងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យការបង្កបង្កើនផលស្រូវវស្សា និងស្រូវប្រាំង នៅព្រះរាជាណាចក្រកម្ពុជា អាចប្រព្រឹត្តទៅបានតាមផែនការដែលបានដាក់ចុះ ។

ពាក់ព័ន្ធនឹងការព្យាករអាកាសធាតុ ក្រសួងបានធ្វើការព្យាករ បានត្រឹមត្រូវ និងជូនដំណឹងបានទាន់ពេលវេលា ពិសេសពាក់ព័ន្ធនឹងឥទ្ធិពលរបស់បាតុភូត El Nino ដែលបានបង្កឱ្យបណ្តាប្រទេសនានាជាច្រើន ក្នុងពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាយើងផង ប្រឈមនឹងកង្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

ពាក់ព័ន្ធនឹងការអភិវឌ្ឍ ការស្តារឡើងវិញ និងការជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រគ្រប់ប្រភេទ ទាំងក្នុងក្របខណ្ឌថវិកាជាតិ និងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ បាននិងកំពុងប្រព្រឹត្តទៅតាមផែនការដែលបានគ្រោងទុក ។ មកដល់ពេលនេះ ការដ្ឋាននីមួយៗសម្រេចបានលទ្ធផលប្រមាណ ៨០ភាគរយ និងកំពុងបន្តយ៉ាងសកម្មដើម្បីឈានទៅបញ្ជប់ជាស្ថាពរក្នុងពេលដ៏ខ្លីខាងមុខ ។

ពាក់ព័ន្ធជាមួយនឹងការសិក្សាស្រាវជ្រាវ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ទាំងក្នុងក្របខណ្ឌការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក៏ដូចជាអាជ្ញាធរទន្លេសាប យើងបានធ្វើជាបន្តបន្ទាប់ និងជាប់ជាប្រចាំ ។ លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ទិន្នន័យដែលបានមកពីការសិក្សាស្រាវជ្រាវទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់រៀបចំផែនការអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម នៅព្រះរាជាណាចក្រកម្ពុជា ។

សម្រាប់ឆ្នាំ ២០១៦ អង្គប្រជុំបានលើកទិសដៅដូចខាងក្រោម ៖
– បន្តកិច្ចសហប្រតិបត្តិការ និងគៀងគររកជំនួយពីដៃគូអភិវឌ្ឍន៍នានា ដើម្បីអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រគ្រប់ប្រភេទ បន្តសាងសង់អាងទឹកធំៗ បន្តសាងសង់សំណង់កាត់ស្ទឺងនៅជុំវិញបឹងទន្លេសាប ព្រមជាមួយនឹងការបន្តធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រក្នុងក្របខណ្ឌទូទាំងប្រទេស ។
– ជំរុញការធ្វើទំនើបកម្មឧតុនិយម និងជលសាស្ត្រ ដើម្បីបង្កើនសុក្រឹត្រភាពនៃការព្យាករអាកាសធាតុ ទឹកជំនន់ និងជូនដំណឹងឲ្យបានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព ។
– ជំរុញការធ្វើទំនើបកម្មលើការសិក្សាស្រាវជ្រាវ ដោយប្រើប្រាស់បច្ចេកវិទ្យា «LIDAR» ដើម្បីប្រមូលទិន្នន័យ និងឈានទៅបង្កើតផែនទីទឹកក្រោមដី ។
– បន្តការចុះអង្កេតស្រាវជ្រាវ និងផ្ទៀងផ្ទាត់ដល់ទីតាំងជាក់ស្តែង ដើម្បីប្រមូលទិន្នន័យ ឈានទៅរៀបចំផែនទីជំនន់នៅព្រះជាណាចក្រកម្ពុជា ៕

...

1 (1)
1 (2)
1 (3)
1 (4)
1 (5)
1 (6)
1 (7)
1 (8)
ដោយ៖ សុខ ខេមរា
1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print