នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ TF1 ក្នុងអំឡុងពេលទស្សនកិច្ចនៅសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា អឺរ៉ុបចាំបាច់ត្រូវរៀបចំ សម្រាប់រចនាសម្ព័ន្ធសន្តិសុខនាពេលអនាគត នៅពេលដែលរុស្ស៊ីយល់ព្រម អង្គុយនៅតុចរចាដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
លោក Macron បាននិយាយថា “នោះមានន័យថា បញ្ហាមួយក្នុងចំណោមបញ្ហាដែលយើងត្រូវដោះស្រាយ ដូចដែលប្រធានាធិបតី ពូទីន តែងតែនិយាយនោះ គឺការព្រួយបារម្ភដែលអង្គការណាតូ កំពុងពង្រីកកងកម្លាំងរបស់ខ្លួន នៅលើមាត់ទ្វាររបស់រុស្ស៊ី ឬការដាក់ពង្រាយអាវុធ ដែលអាចគំរាមកំហែងដល់ប្រទេសរុស្ស៊ី”។
មេដឹកនាំបារាំងរូបនេះបានបន្ថែមថា “វានឹងជាប្រធានបទមួយ នៃការចរចាសន្តិភាព ដូច្នេះយើងត្រូវរៀបចំ សម្រាប់អ្វីដែលយើងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការ ការពារប្រទេសជាសមាជិក និងសម្ព័ន្ធមិត្តរបស់យើង” ។ មេដឹកនាំបារាំងបានបន្ថែមថា តើការធានាអ្វីខ្លះដល់រុស្ស៊ី នៅពេលពួកគេត្រលប់មកតុចរចា»។
ការលើកឡើងខាងលើនេះ ត្រូវបានធ្វើឡើងនៅពេលដែលលោក Macron ធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ជួបពិភាក្សាជាមួយលោកប្រធានាធិបតី Joe Biden។ ក្នុងឱកាសនេះ មេដឹកនាំទាំងពីរបានបញ្ជាក់ ពីការត្រៀមខ្លួនក្នុងការចរចាជាមួយក្រុងមូស្គូ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ លោក Biden បាននិយាយថា លោកបើកចំហ ក្នុងការពិភាក្សាជាមួយសមភាគី លោក ពូទីន អំពីរបៀបដោះស្រាយវិបត្តិអ៊ុយក្រែន ប្រសិនបើម្ចាស់វិមានក្រឹមឡាំង “កំពុងស្វែងរកមធ្យោបាយ ដើម្បីបញ្ចប់ជម្លោះ”។ បន្ទាប់មក វិមានក្រឹមឡាំង បានច្រានចោលសំណើរបស់ចៅហ្វាយសេតវិមាន។
ការលើកឡើងរបស់លោក Macron បង្ហាញពីការអាណិតអាសូរចំពោះការទាមទាររបស់រុស្ស៊ី សម្រាប់ការធានាសន្តិសុខ។ ប៉ុន្មានសប្តាហ៍មុន ពេលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធា ពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន រុស្ស៊ីបានស្នើសុំម្តងហើយម្តងទៀត ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ របស់ខ្លួនសម្រាប់ការប្តេជ្ញាចិត្តក្នុងការបន្ធូរបន្ថយ កង្វល់សន្តិសុខរបស់ទីក្រុងមូស្គូ។ នៅពេលនោះ លោកប្រធានាធិបតី ពូទីន បាននិយាយថា រុស្ស៊ីនឹងបន្តទាមទារចម្លើយពីលោកខាងលិច លើការទាមទារសន្តិសុខសំខាន់ៗចំនួនបីរបស់ទីក្រុងមូស្គូ ក្នុងនោះមាន៖ អង្គការណាតូ បញ្ឈប់ការពង្រីក ការមិនដាក់ពង្រាយកាំជ្រួចមីស៊ីលនៅជិតព្រំដែនរុស្ស៊ី ការនាំយកហេដ្ឋារចនាសម្ព័ន្ធ កម្រិតយោធារបស់ណាតូនៅអឺរ៉ុប គឺត្រលប់ទៅឆ្នាំ 1997 ។ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោន និងណាតូគិតថា សំណើរបស់រុស្ស៊ី គឺមិនទំនងទាល់តែសោះ៕ ដោយធីរីណា
រូបថត :AFP