ក្រុមជម្រើសជាតិព័រទុយហ្គាល់ត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិស្វ៊ីសនៅរាត្រីនេះ សម្រាប់វគ្គ១៦ក្រុមចុងក្រោយ ដែលក្រុមទាំង២ចាំបាច់ត្រូវប្រជែងគ្នាយកកៅអីវគ្គ៨ក្រុមបន្តទៀតក្នុងព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។ ការប្រកួតនេះនឹងធ្វើឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ដោយធ្វើឡើងក្នុងកីឡដ្ឋាន Lusail Iconic Stadium ប្រទេសកាតា។
ក្រុមទាំង២នេះមើលទៅមានគីឡូប្រហាក់ប្រហែលគ្នាក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ដោយព័រទុយហ្គាល់ឈរលេខ១ក្នុងពូល H ខណៈដែលស្វ៊ីសឈរលេខ២ក្នុងពូល G នៃការប្រកួតវគ្គចែកពូលកន្លងទៅ។ ការប្រកួតនេះប្រសិនបើព័រទុយហ្គាល់ឈ្នះនោះនឹងអាចសងសឹកផងដែរនៃការបរាជ័យចុងក្រោយពេលស្វ៊ីសយកឈ្នះ១ទល់០ក្នុងព្រឹត្តិការណ៍ National League កាលពីខែមិថុនាកន្លងទៅ ប៉ុន្តែបើស្វ៊ីសនៅតែបន្តធ្វើបានល្អនោះ ការបរាជ័យនឹងជាប់គ្នាផ្ទួនៗលើព័រទុយហ្គាល់ជាមិនខាន។
ព័រទុយហ្គាល់បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន៨ដងចាប់តាំងពីឆ្នាំ១៩៦៦ ដោយទទួលបានចំណាត់ថ្នាក់លេខ៣បានម្តងកាលពីឆ្នាំ១៩៦៦នោះ, ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៤ម្តងកាលពីឆ្នាំ២០០៦ និងធ្លាប់ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយបាន២ដង(២០១០, ២០១៨)។ ក្រៅពី World Cup ព័រទុយហ្គាល់ធ្លាប់ឈ្នះជើងឯកយូរ៉ូបានម្តងកាលពីឆ្នាំ២០១៦, ឈ្នះជើងឯក Nations League ម្តងកាលពីឆ្នាំ២០១៩ និងធ្លាប់ជាប់លេខ៣ម្តងកាលពីឆ្នាំ២០១៧ក្នុងពានរង្វាន់ FIFA Confederation Cup។
៥ប្រកួតចុងក្រោយរបស់ក្រុមព័រទុយហ្គាល់គឺ ឈ្នះ៣ប្រកួត និងចាញ់២ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់គឺ ឈ្នះហ្គាណា ៣–២ ក្នុងជំនួប World Cup 2022 វគ្គជម្រុះតាមពូល, ឈ្នះអ៊ុយរ៉ាហ្គាយ ២–០ ក្នុងជំនួប World Cup 2022 វគ្គជម្រុះតាមពូល និងចាញ់កូរ៉េខាងត្បូង ២–១ ក្នុងជំនួប World Cup 2022 វគ្គជម្រុះតាមពូលខែរ។
ចំណែកស្វ៊ីសបានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន១២ដងចាប់តាំងពីឆ្នាំ១៩៣៤ ដោយធ្លាប់ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៣ដង (១៩៣៤, ១៩៣៨, ១៩៥៤) និងធ្លាប់ឡើងទៅកាន់វគ្គ១៦ក្រុងចុងក្រោយចំនួន៣ដង។ ក្រៅពី World Cup ក្រុមនេះធ្លាប់ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់យូរ៉ូម្តង(២០២០) និងធ្លាប់ជាប់ចំណាត់ថ្នាក់លេខ៤ម្តងកាលពីឆ្នាំ២០១៩ក្នុងពានរង្វាន់Nations League។
៥ប្រកួតចុងក្រោយរបស់ក្រុមស្វ៊ីសគឺឈ្នះ៣ប្រកួត និងចាញ់២ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិស្វ៊ីសគឺ ឈ្នះក្រុមជម្រើសជាតិកាមេរូន ១–០ ក្នុងជំនួប World Cup 2022 វគ្គជម្រុះតាមពូល, ចាញ់ប្រេស៊ីល ១–០ ក្នុងជំនួប World Cup 2022 វគ្គជម្រុះតាមពូល និងឈ្នះស៊ែប៊ី ៣–២ ក្នុងជំនួប World Cup 2022 វគ្គជម្រុះតាមពូល។
ប្រវត្តិជួបគ្នារវាងក្រុមទាំង២ក្នុង៧ប្រកួតគឺ ព័រទុយហ្គាល់ឈ្នះ៤ដង, ស្វ៊ីសឈ្នះ៣ដង ដោយព័រទុយហ្គាល់ធ្លាប់ឈ្នះ ៤–០, ៣–១, ២–០និង ១–០ ក្នុងទឹកដីរបស់ខ្លួន។ ចំណែកស្វ៊ីសវិញធ្លាប់ឈ្នះ ១–០, ២–០ និង ២–០ ក្នុងទឹកដីរបស់ខ្លួនដែរ ។ តាមការព្យាករណ៍របស់សារព័ត៌មានកីឡាផ្សេងៗគឺគូទាំងអាចស្មើគ្នា១ទល់១ ឬព័រទុយហ្គាល់ឈ្នះ១ទល់០ ៕ (រូបភាព ៖ soccerway.com)