ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅអគារស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហព័ន្ធកីឡាហែលទឹកកម្ពុជាបានធ្វើសន្និសីទសារព័ត៌មានមួយស្តីពីប្រកួតកីឡាហែលទឹកដណ្តើមពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី១ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៦ខាងមុខនេះ នៅអាងហែលទឹក ក្នុងពហុកីឡាដ្ឋានជាតិ ។
លោក ហែម គិរី អគ្គលេខាធិការសហ ព័ន្ធកីឡាហែលទឹកកម្ពុជាបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងចំនួន៣ធំៗ ទី១-រំលឹកដល់ស្នាដៃរបស់ លោកព្រឹទ្ធាចារ្យ ហែម ថុន ដែលជាស្ថាបនិក របស់សហព័ន្ធដោយលោកមានស្នាដៃជា ច្រើនក្នុងការកសាងវិស័យកីឡាហេលទឹក ។ ទី២-ចង់អភិវឌ្ឍន៍លើកស្ទួយវិស័យកីឡាហែលទឹកនិងចង់ពង្រឹងគុណភាពយុវជនថ្នាល់ដែលកំពុងប្រមូលផ្តុំហ្វឹកហាត់នៅ មជ្ឈមណ្ឌលហែលទឹកមរតកតេជោនៅ ឯខេត្តកំពង់ចាមដើម្បីជំរុញឲ្យពួកគេក្លាយទៅជាកីឡាករកីឡាការិនីជម្រើសជាតិនាពេលអនាគត ។ ទី៣-សហព័ន្ធមានបំណងពង្រឹងសហប្រតិបត្តិការល្អជាមួយដៃគូ ឧបត្ថម្ភតាមរយៈការអភិវឌ្ឍវិស័យកីឡា មួយនេះឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខ ។
លោកអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹករូបនេះបានបន្តទៀតថា ចំពោះ កម្មវិធីនេះមានកីឡាករកីឡាការិនីសរុប ១០៥នាក់ ក្នុងនោះគណៈកម្មការរៀបចំការប្រកួតបានដាក់ចេញនូវវិញ្ញាសា ចំនួន៣០លើ៥ប្រភេទអាយុមានដូចជា កុមារាកុមារីអាយុ៦ឆ្នាំដល់១១ឆ្នាំកុមារា កុមារីអាយុចាប់ពី១២ឆ្នាំដល់១៤ឆ្នាំ យុវ ជនអាយុពី១៥ឆ្នាំដល់១៨ឆ្នាំ កីឡាករ កីឡាការិនី ជម្រើសជាតិ ដោយឡែកជន ពិការមានតែ២វិញ្ញាសាប៉ុណ្ណោះ ។
ជាមួយគ្នានោះដែរ លោក Hi Deo Sato ប្រធានក្លិបកីឡា Zunze បានមាន ប្រសាសន៍ដែរថា ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកដណ្តើមពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី១នេះ ក្លិបកីឡារបស់លោកបានចូលរួមឧបត្ថម្ភចំនួន៣.០០០ ដុល្លារ ។
លោកបញ្ជាក់ថា ក្លិបកីឡា Zunze ក៏មាន គោលបំណងចូលរួមលើកស្ទួយវិស័យកីឡា នៅប្រទេសកម្ពុជាតាមរយៈការជួយឧបត្ថម្ភ ទៅលើកីឡាបាល់ទាត់រត់ម៉ារ៉ាតុង និង កីឡាហែលទឹកខណៈដែលក្លិបកីឡារបស់លោកក៏មានសាលាហ្វឹកហាត់កីឡាដូចជាកីឡាហែលទឹក កីឡាការ៉ាតេដូផងដែរ ។
លោក Metoki IKITO ប្រធានក្រុមហ៊ុន ផលិតសម្លៀកបំពាក់ និងសម្ភារកីឡានៅក្នុងប្រទេសកម្ពុជា សម្រាប់នាំចេញទៅលក់នៅទីផ្សារប្រទេសជប៉ុន បានចូលរួមឧបត្ថម្ភមួកសម្រាប់ពាក់ពេលហែលទឹកដល់ កីឡាករកីឡាការិនីចំនួន២០០មួក៕
ដោយ៖ សារីម