ប្រធានាធិបតីចិនលោក ស៊ីជីងពីន សង្ឃឹមថា ភាគីទាំងពីរនឹងនាំហ្វីលីពីនដើរទៅលើផ្លូវត្រូវ។ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ក្រសួងការបរទេសចិនបានចេញសេចក្តីប្រកាសថា ប្រធានាធិបតីចិនបានទូរស័ព្ទទៅកាន់លោក Rodrigo Duterte ជូនពរលោកជាប់ឆ្នោតជាប្រធានាធិបតី ។ ក្រៅពីនេះលោកក៏បានបញ្ចាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពយូរឆ្នាំ និងជាមិត្តប្រពៃណីទៅហើយ។
ដកស្រង់សម្តីលោក ស៊ីជីងពីន ក្រសួងការបរទេសចិនបានបញ្ចាក់ថា ទំនាក់ទំនងរវាងចិននិងហ្វីលីពីនបានវិវឌ្ឍន៍ទៅមុខយ៉ាងខ្លាំង និងមានស្ថេរភាព មិត្តភាព ពឹងផ្អែកទៅលើផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ ខ្ញុំសង្ឃឹមថា ភាគីទាំងពីរនិងជម្រុញទំនាក់ទំនងឲ្យកាន់តែប្រសើរថែមទៀត។
រយៈពេលកន្លងមកចិន និងហ្វីលីពីនសោះកក្រោះនិងគ្នា ដោយសារតែវិវាទដែនអធិបតេយ្យភាពនៅសមុទ្រចិនភាគខាងត្បូង ដែលជាច្រកផ្លូវដែនសមុទ្រយុទ្ធសាស្ត្រដ៏សំខាន់។ ផ្លូវសមុទ្រនេះមានតម្លៃពាណិជ្ជកម្មរហូតដល់ទៅ ៥,០០០ពាន់លានដុល្លារអាមេរិក។ ភាពតានតឹងកើតឡើងខ្ពស់ក្រោយពេលហ្វីលីពីនប្តឹងចិនទៅកាន់តុលាការអាជ្ញាកណ្តាលអន្តរជាតិ ប៉ុន្តែចិនបានច្រានចោលការចោទប្រកាន់ទាំងនោះ។
ក្រោយពេលជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីនលោក Rodrigo duterte បានប្រាកាសតឹងតែងជាមួយចិន។ លោក បញ្ចាក់ថា ចិនត្រូវតែគោរពច្បាប់អន្តរជាតិស្តីពីដែនសមុទ្រចិនភាគខាងត្បូង ដូចអ្វីដែលតុលាការអាជ្ញាកណ្តាលបានប្រកាស៕
ប្រែសម្រួល៖ សាធី