ខេត្តសៀមរាប៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក «មហាសន្និបាតលើកទី៣នៃសមាគមបង្គន់អនាម័យពិភពលោក និងសន្និសីទអន្តរជាតិរបស់សមាគមបង្គន់ពិភពលោក»នៅព្រឹកថ្ងៃច័ន្ទទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខា ល័យអង្គរ ខេត្តសៀមរាប។
ក្នុងនាមលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយមេត្រីភាព ដែលកំពុងបន្តជំនួយអភិវឌ្ឍន៍បង្គន់សាធារណៈ របស់សមាគមបង្គន់ពិភពលោក តាមរយៈសាលាក្រុង Suwon នៃសាធារណរដ្ឋកូរ៉េ (ដែលមាន លោក Tae-young YEOM ជាអភិបាលក្រុង Suwon និងបច្ចប្បន្នជាប្រធានសមាគមបង្គន់ពិភពលោក) និងសមាគមបង្គន់កូរ៉េនៅកម្ពុជា (រួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង) ។
លោក ប៉ាក់ សុខុម បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិទាំងមូលមានសុខសន្តិភាព សុវត្ថិភាពស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាងនេះទៅទៀត ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមាន លក្ខណៈសម្បូរបែប ដែលពោពេញដោយភាពស៊ីវិល័យជាមួយនឹងសម្បត្តិបេតិកភណ្ឌដ៏ច្រើនឥតគណនា ហើយប្រជាជនមានភាពរួសរាយរាក់ទាក់ និងមានវប្បធម៌ដ៏គួរឱ្យទាក់ទាញ។
លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការទស្សនាទីក្រុងគឺជាផ្នែកមួយនៃសក្កានុពលទាក់ទាញភ្ញៀវទេសទេសចរ។ កម្ពុជាបានបង្កើតស្តង់ដារទីក្រុងស្អាតទេសចរ និងបានបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីគ្រប់គ្រងការអភិវឌ្ឍន៍ទីក្រុងស្អាតទេសចរ។ ម្យ៉ាងវិញទៀត កម្ពុជាបានឈានដល់កម្រិតថ្នាក់តំបន់ ដូចជា៖ អាស៊ាន ដោយបានធ្វើឱ្យប្រសើឡើងនូវស្តង់ដារទីក្រុងស្អាតទេសចរអាស៊ាន។ ប្រទេសកម្ពុជា មានសម្ព័ន្ធភាពជាមួយសកលវិទ្យាល័យ Sunshine Coast ប្រទេសអូស្ត្រាលី បានចូលរួមយ៉ាងសកម្មក្នុងការបង្កើតនូវស្តង់ដារសហគមទេសចរណ៍។ ជាងនេះទៅទៀត កម្ពុជា និងអាស៊ាន ជាអ្នកត្រួសត្រាយផ្លូវស្តង់ដារអាស៊ាន ដែលបានផ្តោតលើការអភិវឌ្ឍន៍ និងការគ្រប់គ្រងបង្គន់សាធារណៈផងដែរ។
លោកបានបន្ថែមទៀតថា បញ្ហាបង្គន់អនាម័យ បញ្ហាខ្វះអនាម័យ ត្រូវបានផ្តោតការយកចិត្តទុកដាក់ ទាំងកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោកផងដែរ។ មូលហេតុដែលយើងមកប្រជុំគ្នាថ្ងៃនេះ គឺក្នុងគោលបំណងបង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅកាន់ការលុបបំបាត់ជំងឺឆ្លងដ៏កាចសាហាវ និងភាពក្រីក្រដោយវិសមភាពអនាម័យ ហើយមិនគួរឲ្យមាននរណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតដោយពុំមានបង្គន់អនាម័យប្រើប្រាស់ និងកង្វះអនាម័យក្នុងជីវភាពរស់នៅ នេះគឺជាហេតុផល ដែលប្រទេសកម្ពុជាបានចូលរួមជាមួយសមាគមបង្គន់សាធារណៈនៃទីក្រុង Suwon សកលវិទ្យាល័យ Sunshine Coast និងសកលវិទ្យាល័យ Griffithe ដែលបានសហការរៀបចំសិន្និសីទអន្តរជាតិ ស្តីអំពី ប្រតិឃាតវិស័យទេសចរណ៍ ក្រោមប្រធានបទ «ការអនុវត្តអនាម័យ សម្រាប់សុខមាលភាពប្រជាជន និងសុខភាពបរិស្ថាន» មហាសន្និបាតលើកទីបីនៃសមាគមបង្គន់ពិភពលោក ដើម្បីផ្សព្វផ្សាយនូវសារៈសំខាន់នៃវប្បធម៌បង្គន់សាធារណៈ ការអនាម័យ និងសុខភាពអេកូឡូស៊ី។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ប៉ាក់ សុខុម បានសម្តែងនូវការដឹងគុណ និងកោតសរសើចំពោះ លោក Sim Jae-duck អតីតប្រធាន និងជាស្ថាបនិកសមាគបង្គន់ពិភពលោក ដែលបានផ្តល់ជំនួយអភិវឌ្ឍបង្គន់សាធារណៈលើកដំបូងនៅរាជធានីភ្នំពេញ ហើយលោក Sim Jae-duck ក៏ជាអតីតអភិបាលក្រុង Suwon ផងដែរ។ ព្រះរាជាណចក្រកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីរបស់សមាគមបង្គន់ពិភពលោក (WTA) តាមរយៈអាជ្ញាធរនៃទីក្រុង Suwon ដែលនឹងមានគម្រោងជំនួយអភិវឌ្ឍន៍បង្គន់សាធារណៈចំនួន ០៥ ថែមទៀតដល់កម្ពុជាសម្រាប់ឆ្នាំ២០១៧ ក្នុងគោលបំណង រួមចំណែកបម្រើផលប្រយោជន៍សាធារណៈក៏ដូចជាសម្រាប់សុខុមាលភាពរបស់ប្រជាពលរដ្ឋ បរិស្ថានអនាម័យ ការកែលម្អអនាម័យ និងសេចក្តីថ្លៃថ្នូរផងដែរ។
នារាត្រីដ៏ត្រកាលនោះផងដែរ ក្រសួងទេសចរណ៍បានរៀបចំពិធីជប់លៀងពិសារភោជនាហារ ជូនដល់គណៈប្រតិភូ និងសមាជិកសមាជិកានៃអង្គមហាសន្និបាតក្នុងបរិយាកាសដ៏រីករាយនិងស្និទ្ធស្នាល៕
ដោយ៖ សីលា