(ភ្នំពេញ)÷ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះបានបញ្ចប់ហើយនៅវេលារសៀលថ្ងៃទី ៦ ខែធ្នូឆ្នាំ ២០២២ ជាមួយការកត់សម្គាល់ឃើញថា ដំណើរការទូទៅនៃការប្រឡងមិនមានបញ្ហាអ្វីនោះទេពោលគឺបានបញ្ចប់ដោយរលូននិងមានទំនុកចិត្ត។យ៉ាងណាក៏ដោយ មានការកត់សម្គាល់ឃើញថាបេក្ខជនប្រឡងឆ្នាំនេះអវត្តមានច្រើនដោយមិនបញ្ជាក់អំពីមូលហេតុ។
ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសថា អំឡុងប្រលងពីរថ្ងៃ មានបេក្ខជនអវត្តមាន ២៤០០នាក់, ៧០នាក់ មានបញ្ហាសុខភាព, មិនអាចបន្តដំណើរការប្រលងបាន ៣ករណី និងមេប្រយោគ ១៤នាក់មានបញ្ហាសុខភាព។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចាថ្លែងនៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ថា ដំណើរ ការប្រលងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំង ២ ថ្ងៃ បានប្រព្រឹត្តទៅដោយរលូន ទោះបីបេក្ខជនមានអាការវិលមុខ ខ្យល់គរ និងក្អួតមួយចំនួនក្ដី។
លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមគោរពអនុញ្ញាតជម្រាបជូនទិដ្ឋភាពទូទៅស្តីពីដំណើរការសំណេរនៃប្រឡងបាក់ឌុបថ្ងៃ០៥-០៦ ធ្នូ ២០២២ នៅទូទាំងប្រទេស។ ដំណើរការសំណេរនៃការ ប្រឡងបាក់ឌុបឆ្នាំ២០២២ បានបញ្ចប់ទៅដោយរលូនតាមការគ្រោងទុក ប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ល្អ ដែលជាកត្តាចូលរួមផ្តល់ភាពជឿជាក់គួរជាទីទុកចិត្តរឹតតែខ្ពស់ ប្រកបដោយក្តីសង្ឃឹម»។
លោក រស់ សុវាចា បានបន្ថែមទៀតថា ជារួម នៅតាមមណ្ឌលប្រឡងទាំងអស់ មានដំណើរការល្អ ប្រកប ដោយសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយ។ បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធ បានអនុវត្តគោលការណ៍ទាំងបួនគឺគោលការណ៍ច្បាប់, យុត្តិធម៌, តម្លាភាព និងលទ្ធផលទទួលយកបានគួរជាទីទុកចិត្ត ស្របនឹងវិធានការសុខភាពសុវត្ថិភាព។
បន្ថែមពីនោះទៀត អ្នកនាំពាក្យក្រសួងអប់រំ បានគូស បញ្ជាក់ថា បេក្ខជនប្រឡងសមជាយុវជនមានភាពសាកសមជាពលរដ្ឋល្អ ប្រកបដោយភាពអត់ធ្មត់ និងការខិតខំប្រឹងប្រែង និងមានទំនុកចិត្តលើខ្លួនឯង ក្នុងការអនុវត្តបទបញ្ញត្តិប្រឡង ចេះថែទាំសុខភាពបុគ្គល និងគោរពច្បាប់ចរាចរណ៍។
អ្វីដែលជាការកត់សម្គាល់ថែមទៀតនោះ គឺនៅតាមមណ្ឌលប្រឡង បេក្ខជនមួយចំនួនតូច មានបញ្ហាសុខភាពកម្រិតស្រាល នៅក្នុងដំណើរការប្រឡងទាំង ពីរថ្ងៃនេះ។ បញ្ហាសុខភាពរបស់បេក្ខជនរួមមាន៖ អាការៈវិលមុខ ខ្យល់គរ ក្អួត និងបានទទួលការជួយ សង្គ្រោះបឋមពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួមបញ្ចប់ការប្រឡងបាន។
ក្រសួងអប់រំ យុវជន និងកីឡា សូមសំដែងនូវកត្តាញ្ញូតាធម៌ ជូនចំពោះក្រសួងមហាផ្ទៃ,ក្រសួងសុខាភិបាល, កង រាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុក រលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គីសនីកម្ពុជា ដែលបានផ្តល់នូវកិច្ចសហការជិតស្និទ្ធជាមួយគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស និងគ្រប់ភាគីពាក់ព័ន្ធ។
ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែង អំណរគុណដល់បេក្ខជនប្រឡង និងមាតាបិតាដែលបានបន្តចូលរួមគាំទ្រ និងអនុវត្តបទបញ្ញត្តិ វិធានការ និងយន្តការប្រឡងបាក់ឌុប។ ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណដល់អង្គសារព័ត៌មានទាំងអស់ ដែលបាននិងបន្តចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំ រួមមានគុណភាពការប្រឡងបាក់ឌុប។
លោក រស់ សុវាចា បានលើកឡើងថា លទ្ធផលនៃការប្រឡងបាក់ឌុប ដែលនឹងប្រកាសនាពេលខាងមុខនេះ មិនមែនជាទីបញ្ចប់នៃការសិក្សាទេ តែជាចំណុចចាប់ ផ្តើមថ្មីមួយ របស់អ្នកសិក្សា ពេញមួយជីវិត ដើម្បីបន្តសម្រេចគោលបំណងជីវិតបុគ្គលនិងគ្រួសារ។ សូមបេក្ខជនប្រឡងទាំងអស់បន្តផ្តល់ក្តីសង្ឃឹមឲ្យខ្លួនឯង។ ក្តីសង្ឃឹម ដើរតួនាទីជាអ្នកលើកទឹកចិត្តយើង នៅក្នុងគ្រប់កាលៈទេសៈ។
ក្នុងឱកាសឆ្នាំថ្មី ២០២៣ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមបេក្ខជនប្រឡង មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធទទួលបាននូវពរជ័យ បវរប្រសើរ និងសុខសុភមង្គល។ សូមបន្តអនុវត្តជានិច្ច នូវវិធានការសុខាភិបាល និងគោរពច្បាប់ចរាចរណ៍ ដើម្បីសុខសុវត្ថិភាពបុគ្គល និងគ្រួសារ។ សម្រាប់ទិដ្ឋភាពលម្អិត សូមរង់ចាំតាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្ដីពីដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ០៥ ធ្នូ ២០២២។
សូមជម្រាបថា សម្រាប់ឆ្នាំនេះ មានបេក្ខជនសរុបចំនួន ១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១ មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេត ការណ៍រាជធានី ខេត្តចំនួន២ ៧០០នាក់៕