(ខេត្តស្វាយរៀង)÷នាព្រឹកថ្ងៃ អង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២២នេះ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង ក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា,លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង។
មានប្រសាសន៍ក្នុងឱកាសនោះលោកអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកផ្ដល់កិត្តិយសអញ្ជើញចូលរួមដោយផ្ទាល់ក្នុងពិធីប្រកាសនាថ្ងៃនេះ ដែលបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ និងជាការផ្ដល់នូវកម្លាំងចិត្តយ៉ាងធំធេងដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ឲ្យបន្តខិតខំបំពេញភារកិច្ចស្នូល ដើម្បីចូលរួមចំណែកកាន់តែសកម្ម ក្នុងបេសកកម្មបម្រើ ធានា ការពារ និងផ្ដល់នូវផលប្រយោជន៍ ជូនបងប្អូនអតីតយុទ្ធជនឲ្យបានរឹតតែល្អប្រសើរថែមទៀត ។
នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេ ខាធិការសមាគមអតីតយុទ្ធជនកម្ពុជាមានប្រសាសន៍ណែនាំដោយត្រូវបន្តបង្កើនសកម្មភាពក្នុងការជួយ ឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារ អតីតយុទ្ធជនរបស់យើង ជាពិសេសនៅពេលមានតម្រូវការ និងបញ្ហាដែលត្រូវជួយដោះស្រាយ ព្រមទាំងត្រូវយកចិត្តទុកដាក់ចាត់ចែងឆ្លើយតបដោះស្រាយឲ្យបានទាន់ ពេលវេលា ។
សូមឲ្យសមាគមអតីតយុទ្ធជនខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ ព្រមទាំងអាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពដែលមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវឧស្សាហ៍ចុះជួបនិងក្ដាប់បញ្ហាតម្រូវការនានារបស់បងប្អូនគ្រួសារអតីតយុទ្ធ ជន ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ជាពិសេសកិច្ចការផ្ដល់សេវាសាធារណៈ សេវាតម្រូវការជូនបងប្អូន ឲ្យ បានល្អប្រសើរ តួយ៉ាងនៅក្នុងការប្រើប្រាស់ប័ណ្ណ បសស ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺនៅ តាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ និងនៅក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗទៀត ដែលជាប្រយោជន៍សម្រាប់បងប្អូនគ្រួសារអតីតយុទ្ធជន ។
សូមឲ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយសមាគម បន្តចាត់ចែងរៀបចំការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារ បន្ថែមទៀត ជាពិសេសដូសទី៥ និងអ្នកដែលមិនទាន់បាន ចាក់កន្លងមក ។
ជាមួយនេះ ក៏សូមលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួមគាំទ្រ និងសហការ ដើម្បីឲ្យសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អនុវត្តការងារ របស់ ខ្លួនឲ្យ បាន កាន់តែល្អប្រសើរ ដើម្បីរួមចំណែកលើកកម្ពស់ តួនាទី របស់អតីតយុទ្ធជន ឲ្យស័ក្តិសម នឹងគុណបំណាច់របស់អតីតយុទ្ធជន ចំពោះបុព្វហេតុ ប្រទេសជាតិ ៕