ភ្នំពេញ៖ តាំងពីព្រឹកព្រហាម ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២២ នេះ គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត និងអប្បមាទ បានដឹកសន្លឹកកិច្ចការបេក្ខជន ព្រមទាំងសំណុំឯកសារពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីតាមបណ្តាខេត្តនានា មកមណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោយពីដំណើរការសំណេររយៈពេលពីរថ្ងៃបានបញ្ចប់ទៅដោយជោគជ័យ ក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើ ពុករលួយ និងការការពារសុវត្ថិភាពដោយកម្លាំង ប្រដាប់អាវុធ។
ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសថាការប្រឡងមធ្យមសិក្សាទុតិយភូមិបានប្រកបដោយរលូននិងការទុកចិត្តទាំងអស់គ្នា។ ដំណើរការសំណេរត្រូវបានចូលរួមរៀបចំ ដោយគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានាសរុបចំនួន១៧ ២៤០នាក់, ជំនួយការអប្បមាទ ដែលជាគរុសិស្ស និង គរុនិស្សិត ចំនួន ២៧៥៦នាក់, អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសង្កេតការណ៍ ចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍ រាជធានី ខេត្តចំនួន ២៧០០នាក់។
បើតាមក្រសួងអប់រំ ក្នុងការប្រឡងឆ្នាំនេះ បេក្ខជនអវត្តមានសរុបចំនួន ២៤០០នាក់ ត្រូវជា១,៨៧ភាគរយនៃបេក្ខជនសរុប (ស្រី១០៣៦នាក់) បេក្ខជនចំនួន ៧០នាក់ មានបញ្ហាសុខភាព ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល០៤ករណី និងសង្ស័យវិជ្ជមានជំងឺកូវីដ១៩ មាន៤ ករណី។ បេក្ខជនដែលមិនអាចបន្តដំណើរការសំណេរដោយសារបញ្ហាសុខភាពមានចំនួន០៣ករណី គណៈមេប្រយោគមានបញ្ហា សុខភាពមានចំនួន១៤នាក់ ក្នុងនោះ០១នាក់មានស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
នៅតាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ បានអនុវត្តតាមសេចក្តី ណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា មានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិ ត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសហការពីអង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, ភ្នាក់ងារសុខាភិបាល, កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
ទោះបីនៅតាមខេត្តមួយចំនួនមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិន ប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។ បេក្ខជនបានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ។ បេក្ខជនប្រព្រឹត្ត កំហុសឆ្គងមានចំនួន០១ករណី។
ដំណើរការសំណេរបានបញ្ចប់ទៅនៅម៉ោង១៦:៣០ រសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។ ហឹបសំណៅកិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡង នឹងត្រូវត្រួតពិនិត្យដោយហ្មត់ចត់បំផុត និងត្រូវបញ្ចូនមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីត្រៀមដំណើការកំណែ។
ក្រសួងបញ្ជាក់ថា ជារួម ដំណាក់កាលសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ បានប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»។
ក្រសួងអប់រំ យុវជន និងកីឡា កំណត់ យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំង ប្រទេស៕ ដោយ៖ សូរិយា