រថយន្ត​ហុីយ៉ាន់ដាយដឹកខ្សាច់បែកកង់រេចង្កូតជ្រុលទៅបុករថយន្តកូរ៉េមួយគ្រឿងទៀតបណ្តាលឱ្យរថយន្តដឹកខ្សាច់ក្រឡាប់ផ្ងារជើង រងរបួសធ្ងន់២នាក់

ចែករំលែក៖

​     ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្ដម៉ាកហ៊ីយ៉ាន់ដាយដឹកខ្សាច់ក្នុងល្បឿនលឿន​ ហើយបានបែកកង់មុខរេចង្កូតទៅបុករថយន្តកូរ៉េមួយគ្រឿងចំពីមុខពេញទំហឹងបណ្ដាលឱ្យរថយន្តដឹកខ្សាច់ក្រឡាប់ផ្ងារជើងនិងធ្វើឱ្យបុរស២នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ​។
​     គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងនៅវេលាម៉ោង៤​និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី៧​ ខែធ្នូ​ ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
​     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង​ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-2714 បើកបរដោយបុរសម្នាក់និងរួមដំណើរជាមួយនឹងព្រូម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ​ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ​ ស្រាប់តែឃើញមានរថយន្តម៉ាកហុីយ៉ាន់ដាយដឹកខ្សាច់មួយគ្រឿង​ ក្បាលពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ​ 3F-1926 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ បញ្រ្ចាសទិសគ្នាក្នុងល្បឿនលឿន ហេីយស្រាប់តែបែកកង់មុខរេចង្កូត ជ្រុលទៅបុករថយន្តកូរ៉េដឹកទឹកកកចំពីមុខយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តដឹកខ្សាច់ក្រឡាប់ផ្ងារជើងជះខ្សាច់ចោលពេញផ្លូវ ចំណែកឯរថយន្តដឹកទឹកកកវិញខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ហើយតៃកុងរថយន្តទាំង២រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យឯកជនមួយកន្លែង ។
​    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍រាជធានីឱ្យចុះមកធ្វេីការវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print