តើបញ្ជូនខ្លួនជនសង្ស័យដែលបើកឡានទាំងស្រវឹងបុកមនុស្សអោយរបួសធ្ងន់៣នាក់ កំពុងសង្គ្រោះបន្ទាន់ ទៅតុលាការ ឬបញ្ជូនត្រឹមតែសំណុំរឿង អត់បញ្ជូនជនបង្ក ! អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ បកស្រាយមិនច្បាស់លាស់ !

ចែករំលែក៖

ភ្នំពេញ : រឿងជនបង្កបើករថយន្តទំនើប បុកម៉ូតូនៅលើស្ពានជ្រោយចង្វាចាស់ បណ្តាលអោយ មនុស្ស៣នាក់របួសធ្ងន់ ក្នុងនោះមានកុមារអាយុ ៦០ថ្ងៃថែមទៀតកំពុងស្ថិតក្នុងសង្គ្រោះបន្ទាន់ ក្លាយជារឿងក្តៅគគុក ដែលមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នកច្បាប់ តាមដានដោយយកចិត្តទុកដាក់បំផុត ថាតើ ជនរងគ្រោះជាជនក្រីក្រ រើសអេតចាយ ទទួលបានយុត្តិធម៌ទេ ខណៈប្រទេសជាតិកំពុងគ្រប់គ្រងដោយច្បាប់ ! ហើយខាងមន្ត្រីនគរបាលយុត្តិធម៌ផ្នែកចរាចរណ៌ ធ្វើកំណត់ហេតុ ស្តាប់ចម្លើយ សំយោគបទល្មើស បញ្ជូនជនបង្កទៅតុលាការដែរឬអត់ ឬក៏បញ្ជូនត្រឹមតែសំណុំរឿង ជនបង្ករួចផុតពីសំណាញ់ច្បាប់ ខណៈមានសំណងរដ្ឋប្បវេណី ត្រឹម ២៥០០ដុល្លារ អាចរលត់បណ្តឹងអាជ្ញាត្រឹមមន្ត្រីនគរបាលយុត្តិធម៌ មែន?

ពាក់ព័ន្ធករណីនេះ លោក សាន សុខសីលា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទថា៖ ទាក់ទងបញ្ហានឹងគឺយើងបានអនុវត្តតាមនីតិវិធីរួចហើយ មានការឃាត់មនុស្ស មានការឃាត់ឡាន ព្រមទាំងការធ្វើការផាកពិន័យតាមច្បាប់ចរាចណ៌ ទាំងការរៀបចំសំណុំរឿងទៅតុលាការ ។ លោក សាន សុខសីលា បានលើកឡើងទៀតថា៖ ទាក់ទងនឹងរឿងបន្តទៀត ជាឆន្ទានុសិទ្ធ ជាស៊ើបអង្កេត ជាការមើលអង្គហេតុ ជាការត្រួតពិនិត្យអីផ្សេងៗ ជាសិទ្ធខាងតុលាការ យើងបានបំពេញតួនាទីភារកិច្ចរួចរាល់ ហើយការឯកភាពគ្នារវាងជនរងគ្រោះនិងជនសង្ស័យ នោះគឺជារឿងផ្ទាល់របស់គាត់ទេ គ្រាន់តែយើងជាអ្នកអនុវត្តច្បាប់ ជាអ្នកធ្វើកំណត់ហេតុអីផ្សេងៗនៅពេលដែលគាត់ឯកភាពគ្នាតែប៉ុណ្ណោះ ។ ជាមួយនឹងសំណួរជាញឹកញាប់សួរថា៖ តើមន្ត្រីនគរបាលចរាចរណ៍ផ្នែកយុត្តិធម៌ ចាំបាច់ត្រូវតែកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ជាមួយសំណុំរឿងទៅតុលាការដែរឬអត់ ឬមួយបញ្ជូនតែសំណុំរឿង មិនបញ្ជូនជនសង្ស័យទៅតុលាការ ? លោក សាន សុខសីហាបានឆ្លើយថា៖ ជាធម្មតាយើងបញ្ជូនទាំងឯកសារពាក់ព័ន្ធ ការអនុវត្តផ្សេងៗ ! តុលាការគាត់នឹងធ្វើការចាត់ចែងតាមហ្នឹង ! ជាឆន្ទានុសិទ្ធរបស់គាត់ ។ ចំពោះសំណួរទៀតថា៖ តើបច្ចុប្បន្នឯនសង្ស័យស្ថិតនៅក្នុងការឃាត់ខ្លួនរបស់មន្ត្រីនគរយុត្តិធម៌ផ្នែកចរាចរណ៌ឬអត់ ? លោកអ្នកនាំពាក្យបានឆ្លើយថា៖ «បាទៗ ! បើយើងនេះ …! យើងបញ្ជូនទៅទាំងអស់ហើយ។ សួរទៀតថា, (មានន័យថា៖) បញ្ជូនជនសង្ស័យទៅជាមួយសំណុំរឿងដែរមែន លោកអ្នកនាំពាក្យឆ្លើយថា៖ (បាទ.បាទ)…រួចក៏បិទទូរស័ព្ទទៅ ។ គេសង្ស័យថា, ជនសង្ស័យអាចត្រូវបានដោះលែង ទើបការឆ្លើយរបស់ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនសូវច្បាស់សោញ។
មានការរិះគន់ជាច្រើនបានលើកឡើងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើន ដូចជាគណនី facebook ឈ្មោះថា,( Vanilla វ៉ាន់នីឡា) បានសរសេរថា, មានមិត្តភក្តប្រាប់មិនអោយខ្ញុំរវល់ទេ ខ្លាចបាត់ប្រជាប្រិយភាព ខ្ញុំអត់ខ្វល់ទេ ខ្ញុំមិនអាចធ្មេចភ្នែកឃើញរឿងដ៏សោកសៅនឹងអយុត្តិធម៌បែបនេះបាន .
សូមបងប្អូនទាំងអស់គ្នាជួយ share ចំពោះករណីនេះ
-ស្រវឹងហើយបើកបរ គឺខុសច្បាប់មួយតង់ហើយ
-ទីពីរ បើកលើសល្បឿន
-ទីបី បើករត់
-ទីបួន កោងកាងដាក់អ្នកកាស្សែតចង់វៃគេ
-ទីប្រាំ សងជំងឺចិត្ត 2500$ បញ្ចប់រឿង

សួរវិញថា ចុះជីវិតក្មេង ? សូមប៉ូលីសជួយបកស្រាយ
សូមសំណូមពរដល់ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្រសួងយុត្តិធម៌ Ministry of Justice មេត្តាជួយអន្តរាគមន៍នឹងរកយុត្តិធម៌ជូនជនរងគ្រោះ ជាពិសេសទារកដែលមិនដឹងថាអាចនឹងមានជីវិតរឺអត់ 🙏🏻😭😭។
ភ្លាមនោះ លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះផេកផ្លូវការយ៉ាងខ្លី តែមានន័យបំផុតថា, ( អាជ្ញាធរគួរឆ្លើយអោយបានរហ័សផង !) ។
សូមបញ្ជាក់ថា, ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ លោកមេធាវី​ គី​ តិច​ បានបញ្ជាក់ប្រាប់សារព័ត៌មាន នៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះថា លោកបានចាត់តាំងមេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ ចំនួន៤រូប ដើម្បីការពារក្តីតាមផ្លូវច្បាប់ដល់ស្ត្រីរងគ្រោះ និងទារក ​ដែល​ត្រូវរថយន្តបុកបង្ករគ្រោះថ្នាក់​ធ្ងន់ធ្ងរ។
សូមជម្រាបថា, ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០២ និង១០នាទី ត្រង់ចំណុចមុខបង្គោលភ្លើងទី៤ ខាងកើត លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បានធ្វើ ដំណើរតាមបណ្តោយស្ពានជ្រោយចង្វារចាស់ ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ បានបុក ពីក្រោយម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978 បន្ទាប់មករថយន្តបេីករត់គេចពីកន្លែងកេីតទៅដល់ផ្លូវកែវចិន្តា​ ក្នុងសង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ ទេីបសមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់បានទាំងរថយន្ត​ និងអ្នកបេីកបរ​យកមកការិយាល័យចរាចរណ៍ផ្លូវគោក ។

សមត្ថកិច្ចបញ្ជាក់ថា, ភាគីរថយន្តម៉ាក ជាជនបង្ក ៖ LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បើកបរដោយឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៣ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ឃាត់ខ្លួនកាលពីថ្ងៃ០៥​ ខែធ្នូ​ ឆ្នាំ២០២២​)។ ដោយឡែក ភាគីម៉ូតូម៉ាក ជាជនរងគ្រោះ ៖ HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978 បើកបរដោយឈ្មោះ ហុង រត្នថា ហៅស្វិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ (រងរបួស ធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ) រួមដំណើរជាមួយ មានគ្នា០២នាក់ទី១-ឈ្មោះ មុច សុខឡេង ភេទប្រុស អាយុ៦០ថ្ងៃ (រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា) និងទី២-ឈ្មោះ មុច ស្រីល័ក្ខ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ រើសអេតចាយ (រងរបួសធ្ងន់សម្រាកព្យាបាលនៅគ្លីនិកពន្លឺ) អ្នកទាំងបីស្នាក់នៅផ្ទះជួលលេខ២២៥ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ចំងល់របស់មជ្ឈដ្ឋាន របស់ប្រជាពលរដ្ឋ មន្ត្រីរាជការ ចង់ដឹងថា, តើការកសាងសំណុំរឿងនេះ បញ្ជូនខ្លួនជនសង្ស័យទៅតុលាការដែរ ឬមួយបញ្ជូន តែសំណុំរឿង ហើយជនសង្ស័យដោះលែងទៅហើយ ? ពីព្រោះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បកស្រាយមិនលម្អិតក្នុងករណីនេះ ហើយមានការ Comments ចូលផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យ៉ាងច្រើន នូវចំងល់នេះ និងអាណិតអាសូរដល់ ជនរងគ្រោះ ។ ករណីបាន លោកមេធាវី​ គី​ តិច​ ចាត់តាំងមេធាវីសម្តេចតេជោ ហ៊ុន សែន ចំនួន៤រូប ចុះការពារក្តីស្ត្រីរងគ្រោះ និងទារក តាមផ្លូវច្បាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បង្ករបួសធ្ងន់ ៣នាក់ គឺទទួលបានការគាំទ្រ យ៉ាងខ្លាំង ចំពោះ លោក គី តិច ប្រធានក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ យកចិត្តជួយប្រជាពលរដ្ឋ ក្រីក្រ ទាន់ពេលវេលា ។
អ្នកខ្លះលើកឡើងថា, មាត្រា85 នៃច្បាប់ចរាចរណ៍ផ្លូវគោក ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលអោយអ្នកដ៍ទៃរងគ្រោះ ក្នុងករណី ៖
1-បើកបរក្នុងស្ថានភាពស្រវឹង
2-បើកបរបណ្តាលអោយមានមនុស្សស្លាប់
3-បើកបរដោយគ្មានប័ណ្ណបើកបរ
4-រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងបំណងមិនទទួលខុសត្រូវ

អំពើល្មើសខាងលើ ជាប់ទោសពី 2ឆ្នាំ ទៅ5ឆ្នាំ ពិន័យជាប្រាក់ ពី 10លាន ទៅ 25លាន និងអាចត្រូវផ្តន្ទាទោសបន្ថែមមួយរឺច្រើនថែមទៀត ក្នុងមាត្រា53 នៃក្រម ព្រហ្មទណ្ឌ។

អ្នកខ្លះសរសេរថា, បើកបរដោយស្ថានភាពស្រវឹងបង្ករគ្រោះថ្នាក់ដល់អ្នកដទៃ ហើយ ដោះស្រាយបញ្ហាដោយសំណង ២៥០០ដុល្លារ ដើម្បីបញ្ចប់រឿងគឺ ជាសារ មួយជំរុញលើកទឹកចិត្តដល់ជនល្មើសផ្សេងទៀតបន្តសកម្មភាពដដែលៗ ដោយមិនមានភាពភ័យខ្លាច។ ស្ថាប័នពាក់ពន្ធ័គួរត្រូវបានសិក្សា និងស្វែងរកវិធានការជាក់លាក់មួយ ដើម្បីការពារសុវត្ថិភាព និងយុត្តិធម៌សង្គម៕

 

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print