នៅថ្ងៃទី៣១ ខែឧសភា នេះកងទ័ពប្រដាប់អាវុធអ៊ីរ៉ាក់ អមដោយកងកម្លាំងដៃឆ្នើមរបស់ភ្នាក់ងារប្រឆាំងភេរវកម្ម បានវាយសម្រុកចូលទៅដល់ក្រុងហ្វាលូហ្សា ដើម្បីដណ្តើមក្រុងនេះពួកអង្គការរដ្ឋអ៊ីស្លាមមកវិញ។ ក្រុងហ្វាលូហ្សា នៅកៀកបង្កើយនឹងរដ្ឋធានីបាតដាត ជាក្រុងអ៊ីរ៉ាក់ដំបូងគេ ដែលបានធ្លាក់ក្នុងកណ្តាប់ដៃពួកអង្គការរដ្ឋអ៊ីស្លាម នៅឆ្នាំ២០១៤។
យក ហ្វាលូចា មកវិញជាកម្មវត្ថុដ៏ចំបងរបស់យោធាអ៊ីរ៉ាក់! ប្រសិនបើកងកម្លាំងអ៊ីរ៉ាក់អាចដណ្តើមបានក្រុងហ្វាលូចា មកវិញគឺជាជោគជ័យប្រកបដោយនិម្មិតរូបបំផុតទាំងសម្រាប់អ៊ីរាក់ទាំងសម្រាប់សហរដ្ឋអាមេរិក។
អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលអាមេរិក និងសម្ព័ន្ធមិត្តបង្កើនការវាយប្រហារទៅលើទីតាំងសំខាន់ៗរបស់ក្រុមជីហាតរដ្ឋអ៊ីស្លាមទាំងនៅក្នុងប្រទេសស៊ីរី និងនៅក្នុងប្រទេសអ៊ីរ៉ាក់។ នៅក្នុងប្រតិបត្តិការនេះ កងទ័ពថ្មើរជើង គឺជាកងកម្លាំងក្នុងស្រុក ចំណែកឯអាមេរិក និងប្រទេសសម្ព័ន្ធមិត្តផ្សេងទៀតផ្តល់ការគាំទ្រតាមផ្លូវអាកាស។ ក៏ប៉ុន្តែ បើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់រ៉យទ័រ គេឃើញមានវត្តមានទាហានអាមេរិកចូលរួមក្នុងប្រតិបត្តិការទ័ព ថ្មើរជើងជាមួយកងកម្លាំងក្នុងស្រុក។
ប្រតិបត្តិការយោធាទ្រង់ទ្រាយធំវាយប្រហារទៅលើក្រុមជីហាតរដ្ឋអ៊ីស្លាម នៅក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានគេបែងចែកជាមុខព្រួញធំៗចំនួន៣ គឺទីក្រុងរ៉ាខា នៅស៊ីរី ដែលជាមូលដ្ឋានធំរបស់ក្រុមជីហាត និងមូលដ្ឋានធំពីរទៀតនៅអ៊ីរ៉ាក់ គឺហ្វាលូចា និងមូស៊ុល។
នៅអ៊ីរ៉ាក់ ប្រតិបត្តិការនៅហ្វាលូចាទទួលបន្ទុកដោយកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ រួមជាមួយនឹងកងកម្លាំងស្ហ៊ីអ៊ីត។ ចំណែកឯនៅមូស៊ុលវិញ ទទួលបន្ទុកដោយកងកម្លាំងគួឌីស្ថាន។ កងកម្លាំងថ្មើរជើងអស់ទាំងនេះទទួលបាននូវការគាំទ្រពីសំណាក់ទ័ព អាកាសរបស់អាមេរិកនិងសម្ព័ន្ធមិត្ត។
ក៏ប៉ុន្តែ នៅថ្ងៃអាទិត្យអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលកំពុងយកការណ៍ នៅឯសមរភូមិមុខក្នុងប្រទេសអ៊ីរ៉ាក់ បានកត់សម្គាល់ឃើញមានវត្តមានទាហានអាមេរិក ស្ថិតក្នុងចំណោមកងថ្មើរជើងនៃកងកម្លាំងគួឌីស្ថាន ដែលកំពុងត្រៀមបើកការវាយលុកទៅលើទីក្រុងមូស៊ុល។ នេះអាចជាសញ្ញាបង្ហាញឲ្យឃើញពីការពាក់ព័ន្ធកាន់តែជ្រៅរបស់អាមេរិកទៅក្នុងប្រតិបត្តិការជើងគោកប្រឆាំងនឹងក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រោយពីបានធ្វើការវាយប្រហារតាមផ្លូវអាកាសអស់រយៈពេលជាច្រើនខែ ច្រើនឆ្នាំ តែមិនអាចវាយបំបែកទីតាំងក្រុមជីហាតបាន។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អ្នកនាំពាក្យកងទ័ពអាមេរិកប្រចាំប្រទេសអ៊ីរ៉ាក់ បានទទួលស្គាល់ថា ពិតជាមានទាហានអាមេរិក និងទាហានមកពីប្រទេសជាសម្ព័ន្ធមិត្តផ្សេងទៀត នៅក្នុងចំណោមកងកម្លាំងគួឌីស្ថានមែន ប៉ុន្តែថា ពួកគេមានតួនាទីត្រឹមតែផ្តល់ប្រឹក្សាតែប៉ុណ្ណោះ ដោយមិនចូលរួមប្រយុទ្ធក្នុងសមរភូមិនោះទេ។
លើសពីនេះទៅទៀត មន្រ្តីអ្នកនាំពាក្យរូបនេះក៏មិនបានទទួលស្គាល់ ហើយក៏មិនបានបដិសេធដែរថា ទាហានបរទេសដែលគេឃើញក្នុងចំណោមកងកម្លាំងគួឌីស្ថាន នៅសមរភូមិជួរមុខក្បែរទីក្រុងមូស៊ុល កាលពីថ្ងៃអាទិត្យនោះ គឺជាទាហានអាមេរិកមែនឬមិនមែន ដោយគ្រាន់តែបានលើកឡើងថា ពួកគេអាចជាទាហានអាមេរិក ឬក៏អាចជាទាហានកាណាដា ឬក៏ទាហានមកពីប្រទេសផ្សេងទៀត ដែលចូលរួមក្នុងបក្សសម្ព័ន្ធអន្តរជាតិប្រឆាំងនឹងក្រុមជីហាត៕
ប្រែសម្រួល៖ ម៉ែវ សាធី