ភ្នំពេញ : នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន Meta រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “តម្លាភាពនៃការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងនយោបាយនិងការបោះឆ្នោត” ក្រោមអធិបតីភាព លោក យ៉ិនទៀង ពុទ្ធិរ៉ា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកបណ្ឌិត ហេង ភក្ដី អ្នកគ្រប់គ្រងគោលនយោបាយសាធសរណ:នៃក្រុមហ៊ុន Meta និងមានការចូលរួមពីសមាជិកខុទ្ទកាល័យនិងជំនួយការថ្នាក់ដឹកនាំក្រសួង-ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្សព្វផ្សាយគន្លឹះ និងចំណេះដឹងបន្ថែមលើការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម Facebook និង Instagram ជាពិសេសលើគោលការណ៍ផ្សាយពាណិជ្ជកម្មថ្មីរបស់ក្រុមហ៊ុន Meta ក្នុងការផ្តល់ព័ត៌មាន និងការទំនាក់ទំនងជាមួយពលរដ្ឋ ក៏ដូចជារបៀបរបបនៃការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងនយោបាយនិងការបោះឆ្នោតតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមទាំងពីរ ដែលតម្រូវឱ្យមានការចុះឈ្មោះនិងបញ្ជាក់អត្តសញ្ញាណរបស់ស្ថាប័ន ឫបុគ្គលជាមុនផងដែរ។
លោក យ៉ិនទៀង ពុទ្ធិរ៉ា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថាវគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់សម្រាប់អ្នកចូលរួមទាំងអស់គ្នា ក្នុងនាមជាតំណាងក្រសួង-ស្ថាប័នដែលត្រូវទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដោយសីលធម៌ តម្លាភាព និងសុចរិតភាព ដើម្បីធ្វើឱ្យសេវាសាធារណៈប្រសើរឡើង ជាពិសេសនៅក្នុងកាលៈទេសៈដែលយើងត្រូវផ្សព្វផ្សាយប្រធានបទ ទាក់ទងនឹង នយោបាយ និងសង្គម។
វគ្គបណ្តុះបណ្តាលខាងលើនេះបានផ្តោតសំខាន់ទៅលើចំនុចមួយចំនួនមានដូចជា :
-១/ការប្រើប្រាស់ Facebook និង Instagram ប្រកបដោយប្រសិទ្ធភាពដើម្បីទំនាក់ទំនងជាមួយពលរដ្ឋ -២/ ទិដ្ឋភាពទូទៅនៃការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងសារនយោបាយនិងការបោះឆ្នោត
– និង ៣/ឧបករណ៍តម្លាភាពនៃការផ្សាយពាណិជ្ជកម្ម និងដំណើរការស្នើសុំការអនុញ្ញតការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងសារនយោបាយ និងការបោះឆ្នោត ៕
ដោយ : សហការី