រុស្ស៊ីបានបញ្ជាក់ថា គម្រោងទិញអាវុធរបស់ទីក្រុងវ៉ាស៊ីនតោន គឺមានចេតនាអូសបន្លាយសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន ចង់ឲ្យសង្គ្រាមអ៊ុយក្រែនអូសបន្លាយ៣ឆ្នាំទៀត។
ក្នុងពេលនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក (Antony Blinken) បានបង្ហាញក្ដីសង្ឃឹមថាសហរដ្ឋអាមេរិកអាចនឹងបានហៅប្រទេស ស៊ុយអែត និងហ្វាំងឡង់ថាជាសម្ព័ន្ធមិត្ត NATO ក្នុងពេលឆាប់ៗនេះ ខណៈដែលកង្វល់របស់ទួរគីពាក់ព័ន្ធនឹងការចូលរួមរបស់ប្រទេសទាំង២ក្នុងបក្សសម័ន្ធយោធាមួយនេះកំពុងត្រូវបានដោះស្រាយ។
លោក ប្ល៊ីនខិន បានធ្វើការកត់សម្គាល់ខាងលើនៅឯសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយសមភាគី ស៊ុយអែត និងហ្វាំងឡង់របស់លោកនៅក្រសួងការបរទេសអាមេរិក។ លោក ប៊ី្លនខិន បានគូសបញ្ជាក់ដូច្នេះថា «វាមិនមែនជាបញ្ហានៃទំនាក់ទំនងទ្វេភាគីរវាង សហរដ្ឋអាមេរិក នឹងទួរគីនោះទេ…ស៊ុយអែត និងហ្វាំងឡង់ សម្រេចបានភាពជឿនលឿនទៅមុខគួរឱ្យកត់សម្គាល់ក្នុងការធ្វើការជាមួយទួរគី ដើម្បីដោះស្រាយក្ដីកង្វល់ ហើយវិធានការចម្បងៗមួយចំនួនត្រូវបានអនុវត្ត។ ដូច្នេះខ្ញុំរំពឹងថាប្រទេសទាំង២អាចនឹងក្លាយជាសមាជិកផ្លូវការឆាប់ៗនេះ»។
ស៊ុយអែត និងហ្វាំងឡង់ បានស្នើសុំចូលជាសមាជិកបក្សសម្ព័ន្ធយោធា NATO នៅក្នុងឆ្នាំ២០២២នេះ ស្របពេលរុស្ស៉ីកំពុងឈ្លានពានអ៊ុយក្រែន ប៉ុន្តែទួរគី បានជំទាស់អនុម័តលើសំណើរបស់ប្រទេសទាំង២ រហូតទាល់តែលក្ខខណ្ឌទាមទារមួយចំនួនរបស់ទីក្រុងអង់ការ៉ា ត្រូវបានបំពេញ ក្នុងនោះរួមមាន ទាំងការប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះក្រុមសកម្មប្រយុទ្ធឃើដ និងការលុបចោលបម្រាមលក់អាវុធរបស់ប្រទេសទាំង២លើទួរគី៕ ដោយធីរីណា
រូបថត : Reuters