ម្ចាស់សំណង់អត់ច្បាប់សង់លើដីចំណីផ្លូវសាធារណៈនៅសង្កាត់មនោរម្យ ថ្លើមធំបន្តសាងសង់ទោះហាមឃាត់ក៏ដោយ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីក្រុមការងាររបស់ក្រសួងរៀបចំដែនដី​នគរូបនីយកម្មនិងសំណង់បានចុះផ្អាកសំណង់រឹងមាំនៅលើដីចំណីផ្លូវច្រមុះជ្រូកសាធារណៈ តាមបណ្តោយផ្លូវ១៦៤ កែង១០៩ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នោះក៏ដោយមកទល់នឹងវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ ម្ចាស់សំណង់ខាងលើនេះបានបន្តដំណើរការសាងសង់យ៉ាងគឃ្លើនហាក់ដូចជាពុំ ទទួលយកការចុះផ្អាកហាមឃាត់ពីអាជ្ញាធរសមត្ថកិច្ចនិងជំនាញនោះឡើយ ។

ប្រជាពលរដ្ឋនៅទីនោះនិយាយថា ម្ចាស់សំណង់ពិតជាមនុស្សថ្លើមធំ ហើយក៏អាចមានពាក់ព័ន្ធជាមួយនឹងអាជ្ញាធរជំនាញសុរិយោដីនិងខាងសំណង់ទើបគេហ៊ានសាងសង់សំណង់រឹងមាំរំលោភយកដីសាធារណៈចំកណ្តាលក្រុងស្របពេលដែលច្បាប់កំពុងត្រូវបានរឹងបន្តឹង ។

សកម្មភាពរបស់កម្មករត្រូវបានបន្តសាងសង់ជាមួយនឹងភ្នែកប្រជាពលរដ្ឋជាច្រើននាក់សម្លឹងមើលនិងទទួលស្គាល់ថាម្ចាស់សំណង់មិនមែនជាមនុស្សធម្មតាព្រោះហាមឃាត់ក៏នៅតែព្រហើបន្តសាងសង់ដដែល ។

ពាក់ព័ន្ធករណីនេះលោក ជ័យ សារឿន ចៅសង្កាត់មនោរម្យជាមួយ នគរដ្រេហ្គន នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ពុំបានធ្វើ អត្ថាធិប្បាយអ្វីឲ្យវែងឆ្ងាយទេលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា «ខ្ញុំមិនដឹងមិនហ៊ាននិយាយទេថ្នាក់សង្កាត់ រឿងនេះសូមសួរទៅខាងខណ្ឌថ្នាក់លើចុះខ្ញុំដកខ្លួនហើយ»។

ដោយឡែកលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករាបានឲ្យដឹងថា​ «បញ្ហាសំណង់នេះគឺខាងក្រុមការងាររបស់ក្រសួងចុះមកហើយ ប៉ុន្តែបើមានករណីបន្តសាងសង់ខ្ញុំអរគុណច្រើនចំពោះការផ្តល់ព័ត៌មាននេះដើម្បីឲ្យមន្ត្រីចុះទៅពិនិត្យ» ។

មន្ត្រីបានរិះគន់ថា សំណង់ដ៏រឹងមាំនេះគេមានជំនឿថា ម្ចាស់សំណង់អាចនឹងមានការយោគយល់ក្នុងកម្រិតណាមួយពីថ្នាក់មូលដ្ឋាន មានន័យថា ពីអាជ្ញាធរសង្កាត់ខណ្ឌភូមិបាលខណ្ឌ ឬក៏អាចខាងមន្ទីរផងដែរទើបសំណង់មួយនេះដំណើរការបានបុកគ្រឹះយ៉ាងរឹងមាំ ។

លោក មឿង រី ប្រធានការិយាល័យរៀបចំដែននគរូបនីយកម្មសំណង់និងភូមិបាលខណ្ឌ៧មករាបានប្រាប់នគរដ្រេហ្គនយ៉ាងដូច្នេះថា «សំណង់នេះខ្ញុំបានចុះទៅធ្វើការជាមួយនឹងក្រុមការងារផ្អាកហើយកាលពីម្សិលមិញក្នុងនោះដឹកនាំដោយលោកអគ្គនាយកអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដោយឲ្យផ្អាកបញ្ឈប់សកម្មភាពខ្ញុំមិនជឿថា គេនឹងបន្តធ្វើទៀតឡើយ»។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី​នគរូបនីយកម្មនិងសំណង់បានប្រាប់នគរដ្រេហ្គនថា រឿងសំណង់ខុសច្បាប់នេះគឺលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានឲ្យក្រុមការងាររបស់ក្រសួងចុះធ្វើផ្ទាល់ក្នុងនោះខាងមន្ទីរក៏បានចូលរួមផងដែរ ដូច្នេះបើក្នុងករណីបន្តសាងសង់អាចសួរទៅខាងអគ្គនាយកដ្ឋានសំណង់របស់ក្រសួងច្បាស់ជាង តើត្រូវបានអនុញ្ញាតឬមួយយ៉ាងណា?

មន្ត្រីខ្លះបានលើកឡើងថា​ បញ្ហាសំណង់ល្មើសច្បាប់នេះមិនត្រូវចាត់ទុកថាជារឿងបទល្មើសតូចតាចព្រោះបុគ្គលម្ចាស់សំណង់គាត់ដឹងរួចហើយថា ទីតាំងនោះជាដីសាធារណៈរបស់រដ្ឋមានតាំងពីជំនាន់មុនៗមកម្ល៉េះ ។ ម្យ៉ាងទៀតទាំងអាជ្ញាធរទាំងជំនាញមិនអាចខ្វះភាពទទួលខុសត្រូវរហូតទុកឲ្យសំណង់រឹងមាំមួយនេះសាងសង់តាំងពីបុកគ្រឹះដល់ចេញជារូបរាងបានដោយរលូនយ៉ាងនេះទេ? ដូច្នេះបញ្ហានេះគួរណាស់តែខាងជំនាញរបស់អគ្គនាយកដ្ឋានសំណង់របស់ក្រសួងបន្តនីតិវិធីតាមផ្លូវច្បាប់ដើម្បីរកឲ្យឃើញពីភាពគឃ្លើននៃម្ចាស់សំណង់ និងជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរជំនាញណាខ្លះ?

គួររំលឹកថា លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់កំពុងតែពង្រឹងលើផ្នែកច្បាប់ពាក់ព័ន្ធនឹងសំណង់អំពើល្មើសច្បាប់រំលោភយកដីប្រជាពលរដ្ឋដីសាធារណៈរបស់រដ្ឋ បឹងបួ ស្ទឹង ឆ្នេរសមុទ្រជាដើម ក្នុងនោះលោកទេសរដ្ឋមន្ត្រីបានលើកឡើងថា អ្នករំលោភយកដីប្រជាពលរដ្ឋដីរបស់រដ្ឋ ទោះជាចង្កូមប៉ុណ្ណាក៏ដោយគឺលោកនៅតែបន្តអនុវត្តច្បាប់ ។ ដូច្នេះសំណង់រឹងមាំនៅសង្កាត់អូរឫស្សី៣យកដីសាធារណៈ និងដីច្រមុះជ្រូករបស់រដ្ឋធ្វើសំណង់រឹងមាំនេះ តើគេនឹងត្រូវប្រឈមទៅនឹងផ្លូវច្បាប់ដោយ កម្រិតណា? ពីព្រោះទង្វើរបស់ម្ចាស់សំណង់បង្ហាញពីភាពគឃ្លើនផ្អាកពីម្សិលមិញបន្តសាងសង់ថ្ងៃនេះពិតជារឿងមិនធម្មតា៕

ss3

ss1

ss2

ss4

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print