ភ្នំពេញ៖ ដោយសារតែជំងឺទឹកនោមផ្អែមរើឡើងបានធ្វើឲ្យបុរសជនជាតិអង់គ្លេសម្នាក់គាំងបេះដូងស្លាប់បន្ទាប់ពីប្រពន្ធរបស់គាត់ទូរស័ព្ទហៅរថយន្តសាមុយមន្ទីរពេទ្យ Contral ដឹកបញ្ចូនទៅសង្គ្រោះ តែអកុសល្យពេលដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យពិនិត្យមើលក៏បានស្លាប់បាត់ទៅហើយ ។
ករណីជនជាតិបរទេសគាំងបេះដូងស្លាប់ដោយសារជំងឺប្រចាំកាយខាងលើនេះ សមត្ថកិច្ចនគរបាលមូលដ្ឋានប៉ុស្តិ៍ផ្សារទី៣ បានទទួលព័ត៍មានពីប្រពន្ធជនរងគ្រោះកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ។
សាកសពឈ្មោះ CLOUGH PAUL COLIN ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិអង់គ្លេស មុខបរគ្រប់គ្រងបារកាន់លិខិតឆ្លងដែនលេខ៧៦១៣២៨៧០ ស្នាក់នៅផ្ទះជួលលេខ៣ ផ្លូវលេខ១៧៤ ភូមិ១៤ សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះឈ្មោះ មាស ឡាណា អាយុ២៨ឆ្នាំ បានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុនៅវេលាម៉ោង៧យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ប្តីរបស់គាត់ បានស្លាប់នៅពេលដឹកចេញពីផ្ទះជួលរបស់គាត់ ពេលបញ្ចូនទៅមន្ទីរ Contral ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥៤ ក្បែរផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដោយដឹកបញ្ចូនទៅសង្គ្រោះតែអកុសល្យពេលដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យពិនិត្យមើល ក៏បានស្លាប់បាត់ទៅហើយ ។ បន្ទាប់មកប្រពន្ធបានដឹកសពជនរងគ្រោះទៅដំកល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយមិនបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននោះទេ ។ លុះនៅថ្ងៃទី៣០ ខែឧសភា វេលាម៉ោង៤រសៀលទើបប្រពន្ធជនរងគ្រោះរាយការណ៍ជូននគរបាលមូលដ្ឋានថា ប្តីរបស់គាត់ជាជនជាតិអង់គ្លេសបានស្លាប់ដោយសារជំងឺប្រចាំកាយ ។
បន្ទាប់ពីសមត្ថកិច្ចបានទទួលដំណឹងថា មានករណីមនុស្សដោយមិនរាយការណ៍ភ្លាមៗនោះ ទើបកម្លាំងបានចុះទៅសហការជាមួយកម្លាំងផ្នែកបច្ចេកទេសក្រុងត្រួតពិនិត្យទៅលើសពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទើបដឹងថាការស្លាប់នេះដោយសារជំងឺប្រចាំកាយ (ទឹកនោមផ្អែម) ពិតប្រាកដមែន ៕
ដោយ៖ ស ដារ៉ា