ខេត្តរតនគិរី៖ បើទោះជាឧកញ៉ាទ្រីភាព មេជំនួញឈើដ៏ធំនៅកម្ពុជា តែងតេរងនូវការរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋស្ទើរតែក្របខ័ណ្ឌទូទាំងប្រទេសថា គាត់បានបំផ្លាញព្រៃឈើ សម្បតិ្តធម្មចាតិដ៏មានតម្លៃរបស់ខ្មែរយើង ហើយថ្មីៗនេះ ឧកញ៉ាទ្រីភាពក៏បានអះអាងថា ឈប់កាប់ឈើ បែរទៅរកមុខជំនួញវិនិយោគលើវិស័យឧស្សាហកម្មក៏ដោយ ប៉ុន្តែគេបានរាយការណ៍មកថា ក្រុមហ៊ុនទ្រីភាពយ៉ាងតិចក្នុងមួយថ្ងៃ ត្រូវបានដឹកឈើចេញពីខេត្តរតនគិរីពី២ទៅ៣រថយន្តយីឌុប ។
បើទោះជាគ្មានប្រភពណាមួយត្រូវបានទម្លាយថា ក្រុមហ៊ុនទ្រីភាពដឹកឈើប្រណិត ឬឈើអារ និងមានប៉េសេ អត់ប៉េសេកម្រិតណាក៏ដោយ ប៉ុន្តែក្រុមហ៊ុនទ្រីភាពបានប្រមូលទិញឈើស្តុកទុកនៅឃ្លាំងដ៏ធំមហិមា ស្ថិតនៅក្នុងស្រុងវឿនសៃ ខេត្តរតនគិរី ។ ដូច្នេះការអះអាងរបស់ឧកញ៉ាទ្រីភាពថា ឈប់កាប់ឈើ ជំនួញឈើអាចត្រូវម្យ៉ាងដែរ ពីព្រោះរូបនេះមិនមែនចូលទៅកាប់ឈើដោយខ្លួនឯង ចេញមុខប្រមូលទិញឈើដោយខ្លួនឯ ឬដៃកាន់ចង្កូតរថយន្តយីឌុបដឹកឈើទាំងនោះទេ ។
ឃ្លាំងឈើធំៗរបស់ក្រុមឧកញ៉ាទ្រីភាពនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានបិទឃ្លាំង និងបើកជាចំហរកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ ហើយក្រោយនោះ ពីរ បីថ្ងៃ ឧកញ៉ាទ្រីភាពបានបញ្ជាក់ក្តែងៗថា មិនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ។ ចំពោះសកម្មភាពឃ្លាំងឈើ នៅស្រុកវឿនសៃ ដូចជាពុំទាំន់ឃើញឧកញ៉ាទ្រីភាព អះអាងថា ឈប់ប្រមូលទិញ ឬឈប់ដឹកនៅឡើយទេ ។
សម្តេចនាយករដ្ឋមន្ត្រី បានព្រមានធ្ងន់ៗទៅកាន់កងកម្លាំងប្រដាប់អាវុធត្រូវតែប្រឈមនឹងការបង្ក្រាបបទល្មើសព្រៃឈើ និងការដឹកជញ្ជូន ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃនេះ ទាំងសមត្ថកិច្ច អាជ្ញាធរ និងជំនាញផងដែរ ហាក់ដូចជាលាក់លៀម រាល់សកម្មភាពក្រុមហ៊ុនទ្រីភាពដឹកឈើចេញពីខេត្តរនគិរី ៕ អ៊ុច សាវុទ្ធ