ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសថាព្រឹកថ្ងៃទី១១ខែ ធ្នូ ឆ្នាំ២០២២នេះដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានចាប់ផ្ដើមហើយ។ ដូចបណ្ដាលឆ្នាំមុនៗដែរកំណែសន្លឹកកិច្ចការត្រូវចំណាយពេលជាងពីរថ្ងៃ។គេរំពឹងថា កំណែសន្លឹកកិច្ចការអាចនឹងចប់សព្វគ្រប់នៅថ្ងៃទី១៣ខែធ្នូឆ្នាំ ២០២២។
ដំណើរការកំណែសន្លឹកកិច្ចការ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលកំណែទាំង១០ បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ ដោយប្រធាន អនុប្រធានមណ្ឌល នៅតាមមណ្ឌលកំណែទាំងអស់ បានដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេស ជូនដល់ប្រធាន និងសមាជិកមុននឹងចាប់ផ្ដើមដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ០៥ ធ្នូ ២០២២។
ដំណើរការកំណែបានចាប់ផ្ដើមនាព្រឹកថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសនោះ លោកគ្រូ អ្នកគ្រូ ដែលជាប្រធានក្រុមដឹកនាំធ្វើអត្រាកំណែទាំងអស់ បានធ្វើការបែងចែកសមាជិកបន្តជាក្រុមតូច និងធ្វើការណែនាំដល់សមាជិកទាំងឲ្យបំពេញភារកិច្ចឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវយកភ្ជាប់មកជាមួយនូវទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកចូលបន្ទប់កំណែ គ្រប់បន្ទប់កំណែទាំងអស់មានបំពាក់កាម៉េរ៉ាសុវត្ថិភាព និងក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពេីពុករលួយ។
គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល ជាថ្ងៃប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕ ដោយ៖ សូរិយា