ភ្នំពេញ : លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃអាទិត្យចុងសប្តាហ៍ ទី១១ ខែធ្នូ ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការ របស់លោក នូវបទពិសោធន៍ការដឹកនាំបច្ចេកទេសផ្សាយ និងការធានាបានលើការគ្រប់គ្រងខ្លឹមសាររួម ពីតុលាការអន្តរជាតិទីក្រុងឡាអេ ចុងឆ្នាំ២០១៣ សម្រាប់ជាមេរៀនមួយដ៏សំខាន់ផងដែរ ចែករំលែកអោយ បងប្អូន អ្នកសារព័ត៌មានយើង បានសិក្សាពីរបៀបរបប ផ្សព្វផ្សាយ ប្រមូល វិភាគ ព័ត៌មាន អោយគ្រប់ជ្រុងជ្រោយជារួម ។
លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា, បទពិសោធន៍ពី តុលាការអន្តរជាតិទីក្រុងឡាអេ ICJ ដែលខ្ញុំគួរចែករំលែកពី ការដឹកនាំបច្ចេកទេសផ្សាយ និងការធានាបានលើការគ្រប់គ្រងខ្លឹមសាររួម។ ខ្ញុំទទួលបានការចាត់តាំងផ្ទាល់ពី សម្តេចនាយក ឱ្យដឹកនាំការផ្សាយផ្ទាល់ចេញពី តុលាការអន្តរជាតិទីក្រុងឡាអេ ដែលបកស្រាយរឿងក្តីប្រាសាទព្រះវិហារ នៅថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០១៣។ សម័យនោះ ទូរទស្សន៍ វិទ្យុ កាសែត នៅពេញនិយម ហើយគ្មានបណ្តាញទំនាក់ទំនងសង្គម Facebook និងផ្សេងៗទៀតទេ។ ក្នុងនោះ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានលើកបង្ហាញពីគន្លឹះបច្ចេកទេសចំនួន ៧ សំខាន់ៗដូចខាងក្រោម :
១. លើការងារបច្ចេកទេស៖ ដើម្បីធានាសុវត្ថិភាពរូបភាពនិងសំឡេង ១០០% យើងបានរៀបចំជួលរថយន្តផ្កាយរណប២ ដើម្បី១ប្រតិបត្តិការ និង១ត្រៀម ហើយយើងប្រើផ្កាយរណបបម្រុង២ជាន់ ដោយមួយប្រើរយៈពេលមានកំណត់មធ្យម៤ម៉ោង ហើយ១ទៀតច្រើនជាងនេះ។ ខ្ញុំមានគោលការណ៍ជាក់លាក់លើបច្ចេកទេស។ បញ្ហាបច្ចេកទេសនេះ បើទុកចិត្តវាខ្លាំង ហើយបែរជាធ្វេសប្រហែស គឺវាបំផ្លាញការងាររួមចោលតែម្តង។
២. ការចាត់តាំងធនធានមនុស្ស៖ គឺយើងបានរៀបចំរហូត៣កម្រិត៖ ផ្ទាល់នៅកន្លែងផ្សាយពីតុលាការ, ផ្ទាល់នៅបន្ទប់ផ្សាយ និងជំនួយការចល័ត ដែលមានសិទ្ធិច្រើនលើការសម្របសម្រួល ដឹកនាំ សម្រេចលើការងារបច្ចេកទេស។
៣. ការងារខ្លឹមសារ៖ សម្រាប់ការងារដែលជាផលប្រយោជន៍ជាតិរួម ការសម្រេចចិត្តរៀបចំក្រុមការងារផ្សាយដែលល្អបំផុត គឺកុំឱ្យមានច្រើនក្រុម។ តែ១ក្រុមទទួលរួម គឺគ្រប់គ្រាន់ ហើយច្បាស់លាស់។ ឯបណ្តាអង្គភាព ស្ថានីយ៍ ដទៃទៀត ចាប់យកផ្សាយបន្ត គឺជាការបន្ទរដ៏ល្អ ដែលធានាបាននូវខ្លឹមសារតែ១ សារតែ១ ក្នុងពេលតែ១។ *** អ្នកកាន់កិច្ចការផ្សាយ ចូរចងចាំថា «ការផ្សាយខ្លឹមសារជាតិ សូមកុំប្រជែងខ្លឹមសារឱ្យសោះ» ព្រោះនាំឱ្យអ្នកមើល អ្នកស្តាប់ វ៉ល់ ហើយបាត់បង់អ្វីដែលជាគោលបំណងរួម។
៤. កិច្ចសហការ៖ ចងចាំថា យើងមិនអាចខ្លាំងតែម្នាក់ឯងបានទេ។ ពិតណាស់ កត្តាដឹកនាំគឺសំខាន់ តែកត្តាមានកិច្ចសហការ និងការចូលរួម កាន់តែសំខាន់ជាងនេះ។ យើងបានទទួលគោលការណ៍សហការគ្រប់ផ្នែក រួមទាំងអ្នកបកប្រែភាសាបរទេសដ៏មានសមត្ថភាព ៣រូប ពីសាលាក្តីខ្មែរក្រហម ឱ្យជួយការងារនេះផងដែរ។ កិច្ចសហការពី អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ពីក្រសួងព័ត៌មាន ពីបណ្តាស្ថានីយ៍ទូរទស្សន៍ទាំងជាង២០ គឺយើងសម្រេចលទ្ធផលបានល្អបំផុត ជាប្រវត្តិសាស្ត្រ។
៥. ការទទួលខុសត្រូវ និងប្រសិទ្ធភាព៖ ខ្លួនខ្ញុំ មិនត្រឹមតែទទួលខុសត្រូវរួមលើការងារនេះ ប៉ុន្តែ ខ្ញុំក៏ត្រូវចុះអនុវត្តដោយផ្ទាល់ផងដែរ ដោយឈរជើងជួរមុខនៅ ទីក្រុងឡាអេតែម្តង ព្រោះបញ្ហាវានៅខាងមុខខ្លាំងជាងនៅផ្នែកបន្ទប់ផ្សាយខាងក្រោយ។ ក្រៅពីនេះ ក្នុងពេលតែមួយ ខ្ញុំក៏ជាជំនួយការខ្លឹមសារផងដែរ ដើម្បីបញ្ជូនរាល់ខ្លឹមសារជាឯកសារឱ្យបានលឿនទាន់ពេល គោរពជូន សម្តេចនាយក ដែលស្របពេលតុលាការកំពុងជម្រះក្តី ថ្នាក់ដឹកនាំយើង ក៏មានកិច្ចប្រជុំតាមដាន វាយតម្លៃ និងត្រៀមខ្លឹមសារផ្ញើជូនជនរួមជាតិចំពោះកិច្ចប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ក្នុងការការពារផលប្រយោជន៍ជាតិយើងផងដែរ។
៦. ជំនឿទុកចិត្ត៖ ការជឿជាក់នេះសំខាន់ណាស់! អ្នកដឹកនាំផ្តល់ការទុកចិត្តលើអ្នកធ្វើ ហើយសម្រាប់ទស្សនិកជនដែលជាអ្នកមើល ក៏ទុកចិត្តលើអ្នកធ្វើ។ ខ្ញុំត្រូវចូលរួមកិច្ចប្រជុំខ្លឹមសារជាបន្តបន្ទាប់ជាមួយ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ទាំងនៅមុនពេលសវនាការ និងនៅក្រោយពេលសវនាការជំនុំជម្រះ ពីព្រោះអត្ថន័យខ្លះ យើងយល់ដឹងមិនអស់ទេ វាទាមទារការពន្យល់ពីអ្នកជំនាញ មេធាវី និងចៅក្រម ហើយយើងប្រឹងស្តាប់ ប្រឹងយល់ដែរ ព្រោះខ្លាចផ្សាយខុស នាំយល់ច្រឡំ។ ជាថ្មីម្តងទៀត កិច្ចការបែបនេះ គឺមានតែម្តង ហើយមិនអាចធ្លោះធ្លោយ ធ្វេសប្រហែស និងគ្មានកិច្ចសហការជារួម និងទូលំទូលាយនោះទេ។ រួមគ្នា យើងសម្រេចបានលទ្ធផលជាប្រវត្តិសាស្ត្រ។
@រូបថតនៅខាងមុខ អគារតុលាការអន្តរជាតិ ICJ ៕
ដោយ : សុខ ខេមរា