ភ្នំពេញ : លោក សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរថយន្តដែលស្នើសុំលើកលែងពន្ធនាំចូល ព្រមទាំងជម្រះបញ្ជីរថយន្តដែលខូចចាស់ទ្រុឌទ្រោមចេញពីបញ្ជីសារពើភណ្ឌ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ។
សូមបញ្ជាក់ថា, ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរថយន្តដែលស្នើសុំលើកលែងពន្ធនាំចូល ព្រមទាំងជម្រះបញ្ជីរថយន្តដែលខូចចាស់ទ្រុឌទ្រោមចេញពីបញ្ជីសារពើភណ្ឌរបស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគបាលជាតិ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានប្រសាសន៍ថាកិច្ចប្រជុំនេះរៀបចំឡើងតបតាមការស្នើសុំរបស់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្នុងការដកចេញរថយន្តមួយចំនួនចេញពីការលើកលែងពន្ធនាំចូល និងដើម្បីជម្រះបញ្ជីរថយន្តដែលខូចចាស់ទ្រុឌទ្រោមចេញពីបញ្ជីសារពើភណ្ឌ និងបញ្ជូនរថយន្តដែលយកពីស្ថាប័នតុលាការ បញ្ជូនទៅឱ្យតុលាការវិញ។
នាឱកាសនោះដែរ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍ណែនាំដល់អង្គភាពនីមួយៗត្រូវរៀបចំឯកសារនៃរថយន្តនីមួយឱ្យបានច្បាស់លាស់ ដោយឡែកការជម្រះបញ្ជីរថយន្តដែលខូចចាស់ទ្រុឌទ្រោមចេញពីបញ្ជីសារពើភណ្ឌ លោកបានណែនាំ ឱ្យអង្គភាពនីមួយៗដែលមានចំនួនរថយន្តខូចខាតលែងប្រើប្រាស់ ត្រូវបញ្ជូនព័ត៌មានទៅកាន់អគ្គនាយកដ្ឋានភស្តុភារ និង ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យលទ្ធភាពក្នុងកាត់តួលេខរថយន្តទាំងនោះ ចេញពីក្នុងបញ្ជីភស្តុភារ៕
ដោយ៖ សហការី