សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរដល់ទីក្រុងព្រុចសែលប្រកបដោយសុវត្ថិភាព ក្នុងនាមសហប្រធានជាមួយប្រធានអឺរ៉ុប

ចែករំលែក៖

ប្រទេសប៊ែលហ្សិក : នៅម៉ោង ៩.៣០នាទីព្រឹក ម៉ោងនៅព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ត្រូវនឹងម៉ោង៣.៣០នាទីរសៀលម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ប្រកបដោយសុវត្ថិភាពហើយ។

សូមជម្រាបថា ធ្វើដំណើរអញ្ជើញរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់តំបន់អឺរ៉ុប គឺដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។​ 

ជាមួយនេះ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ក៏បញ្ជាក់លម្អិតផងដែរ, 

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានអាស៊ានឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម និងធ្វើជាសហ ប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយលោក ឆាល មីសែល ប្រធានក្រុមប្រឹក្សា អឺរ៉ុប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។

អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសនោះ រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា និងមន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀតផងដែរ។

កិច្ចប្រជុំពេញអង្គនៃជំនួបកំពូលរំលឹកខួបនេះ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន- សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ន និងកំណត់ទិសដៅអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-សហភាព អឺរ៉ុប។ ថ្នាក់ដឹកនាំរំពឹងថានឹងផ្តោតការពិភាក្សាទៅលើវិធីដើម្បីពង្រឹងសេដ្ឋកិច្ច និងទំនាក់ទំនងរវាង ប្រជាជននិងប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ ការធានាបាននូវការផ្លាស់ប្ដូរបៃតង ថាមពល និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភ និងការចាប់អារម្មណ៍រួម ផងដែរ។

អំឡុងពេលនៃកិច្ចប្រជុំកំពូលរំលឹកខួបនេះ ព្រឹត្តិការណ៍អមជាច្រើននឹងត្រូវបានរៀបចំឡើង រួមមាន អាហារថ្ងៃត្រង់តុមូល កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុបលើកទី១០ កិច្ចប្រជុំកំពូលយុវជន អាស៊ាន-សហភាពអឺរ៉ុប និងការអបអរសាទរកិច្ចសហប្រតិបត្តិការប្រជាជនអាស៊ាន-សហភាពអឺរ៉ុប ស្តីពីឧត្តមសិក្សា។

នៅមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង។ លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងទទួលស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅវិមាននៅអេលីហ្សេ(Élysée Palace ហើយនឹងរៀបចំអាហារការងារពេលល្ងាច ជាកិត្តិយសជូន សម្តេចតេជោ។ សម្តេចតេជោ ក៏នឹងអញ្ជើញចូលរួមក្នុងសន្និសីទស្ដីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន ជួប ប្រជុំជាមួយក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងជំនួបជាមួយតំណាងក្រុមហ៊ុន Vinci Airport។ អំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល សម្តេចតេជោនាយករដ្ឋមន្ត្រី រំពឹងថានឹងមានជំនួបពិភាក្សា ទ្វេភាគីជាមួយថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួន។ សម្តេចតេជោ ក៏នឹងមានកម្មវិធីពិសាអាហារការងាពេល ព្រឹកជាមួយ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោក ផនខាំ វិផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរ ដែលកំពុងរស់នៅអឺរ៉ុប ផងដែរ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print