ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ក្រោមរថយន្តយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូឌុបគ្នាតាមដងផ្លូវ ស្រាប់តែត្រូវរថយន្តម៉ាកហុីណូសណ្ដោងកុងតឺន័របុកពីក្រោយនិងកិន ពីលើកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅស្ពានព្រែកជ្រៃ តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងភូមិបារគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សមត្ថកិច្ចបានឱ្យដឹងថា ភាគីខាងម៉ូតូ ដែលរងគ្រោះរហូតដល់ស្លាប់មានឈ្មោះ ឡៅ ជំនោរ ភេទប្រុស អាយុ១៨ឆ្នាំ មុខ
របរបេីករថយន្ត ស្នាក់នៅភូមិបារគូ សង្កាត់ដង្កោ ខណ្ឌដង្កោ (ជាអ្នកឌុប) ។ រីឯជនរងគ្រោះរបួសធ្ងន់មានឈ្មោះ សៀង ឡុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរព្រូរថយន្ត ស្នាក់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ (ជាអ្នករួមដំណេីរ) ។
ដោយឡែក អ្នកបេីករថយន្តបង្កហេតុ មានឈ្មោះ ដុក រ៉ាទិ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបេីករថយន្ត ស្នាក់នៅភូមិចំបក់ ឃុំពោធិមរា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃេីញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JD-5513 ឌុបគ្នាពីត្បូងទៅជេីងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក HINO ប្រភេទសណ្ដោងកុងតឺន័រ ក្បាលពណ៌ស ពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 -3-3214 បើកស្របទិសគ្នាក្នុងល្បឿនលឿន រួចបុកម៉ូតូហុងដាឌ្រីមពីក្រោយពេញទំហឹងបណ្ដាលឱ្យម៉ូតូដួល រីឯមនុស្សម្នាក់ខ្ទាតចូលក្រោមរថយន្តកិនអូសជិត១០ម៉ែត្រស្លាប់ភ្លាមៗនៅនឹងកន្លែង ឯអ្នករួមដំណេីរម្នាក់ទៀតបានរងរបួសធ្ងន់ ។
ក្រោយកេីតហេតុភ្លាមៗ តៃកុងរថយន្តបង្កហេតុបានឈប់រថយន្តអែបខាងបម្រុងចុះគេចខ្លួន តែត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីចាត់ការតាមច្បាប់ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញចរាចរណ៍ខណ្ឌដង្កោ និងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ធ្វេីការវាស់វែងយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនាពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុ រួចប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ៖ ភារ៉ាដង្កោ