លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖​«ការថែរក្សា និងការអភិរក្សអង្គរ» ជាកាតព្វកិច្ចរបស់កូនខ្មែរទាំងអស់គ្នា

ចែករំលែក៖

ខេត្តសៀមរាប : លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងបើកព្រឹត្តិការណ៍ បុណ្យរំលឹកគុណអង្គរ និងរាប់បាត្រព្រះសង្ឃចំនួន ១៣០អង្គ នៅខេត្តសៀមរាប នាព្រឹកថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត មានប្រសាន៍ថា ៖ (១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២២) គឺជាខួប ៣០ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ទៅក្នុងបេតិកភណ្ឌពិភពលោក ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលបានកសាង ថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ ។ ជាពិសេស បានបង្ហាញអំពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ ក្នុងការលើកស្ទួយពាក្យស្លោក កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ និងធ្វើឱ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក អរគុណសន្តិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកស្រីបានបន្តទៀតថា ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងត្រូវបង្កើនការខិតខំប្រឹងប្រែងទ្វេរឡើង ដើម្បីអភិវឌ្ឍប្រទេសយើង ការពារឱ្យបានដាច់ខាតនូវនាវាសន្តិភាព ស្ថិរភាពសង្គម និងផ្តល់ឱ្យជាតិរបស់យើងនូវកិត្តិនាមរបស់ខ្លួនឡើងវិញ។ បេតិកភណ្ឌអង្គរនឹងមិនត្រូវបានបំភ្លេចឡើយ ចំណែកឯការថែរក្សា និងការអភិរក្សអង្គរ ជាកាតព្វកិច្ចរបស់កូនខ្មែរទាំងអស់គ្នា។

ពិធីរំលឹកគុណអង្គរ ត្រូវបានប្រារព្ធឡើងមានរយៈពេលចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី និងកម្មវធីកម្សាន្តជាច្រើនទៀត ។

លោកស្រីបាននាំយកថវិការបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៤០លានរៀល ឧបត្ថម្ភដល់កម្មវិធី​ ។

នៅចុងបញ្ចប់នៃកម្មវិធី​ ក៏មានពិធីរាប់បាត្រព្រះសង្ឃចំនួន​ ១៣០អង្គ​ ជាកិច្ចបង្ហេីយបុណ្យផងដែរ​ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print