ភ្នំពេញ៖ រថយន្ដសាំយ៉ុងមួយគ្រឿងបើកក្នុងល្បឿនលឿនទំនងជាម្ចាស់ស្រវឹងបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់មួយផ្ទាំងនិងរថយន្ដខូចខាតទៅមុខលែងរួចចំណែកម្ចាស់រថយន្ដចុះរត់គេចខ្លួនបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចខាងទីស្ដីការគណរដ្ឋមន្ត្រី តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពណ៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Y-5054 ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សូី ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនពេលមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយផ្ទាំង ចំណែករថយន្ដរងការខូចខាតទៅមុខលែងរួច។ ក្រោយពេលបង្កហេតុម្ចាស់រថយន្ដបានបើកទ្វាររថយន្ដចុះគេចខ្លួនបាត់ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។
ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានឃើញមានស្រាបៀរនៅក្នុងរថយន្ដ៧ទៅ៨កំប៉ុងក្នុងរថយន្ដ ហើយបានសហការណ៍ជាមួយកម្លាំងចំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។
តាមសមត្ថកិច្ចប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីការបើកបរមិនគោរពច្បាប់និងការប្រើប្រាស់ល្បឿនលឿនហួសច្បាប់កំណត់ និងមានប្រើប្រាស់ជាតិស្រវឹងទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះ សំណាងហើយដែលមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនោះ៕
ដោយ៖ ព្រែកជ័យ