ភ្នំពេញ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋដែលមានឈ្មោះអុឹម សម្បត្តិ ចូលក្នុងផេកសម្តេចក្រឡាហោម និងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាក់ទងទៅនឹងបញ្ហា “ពិបាកក្នុងការរស់នៅ ដោយសារមានជនទំនើង និងប្រើប្រាស់ថ្នាំញៀនជោកជាំម្នាក់រស់នៅជិតខាង តែងតែបង្កការអុកឡុក ធ្វើទុក្ខបុកម្នេញដល់ក្រុមគ្រួសារ និងអ្នកជិតខាង”។
ប្រភពដដែលបន្តថា ភ្លាមៗនោះក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឱ្យអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីធ្វើការស្រាវជ្រាវករណីនេះ។
សូមជម្រាបជូនថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២១:៤៥នាទីកន្លងទៅ ឈ្មោះអុឹម សម្បត្តិ ស្នាក់នៅភូមិឃ្លះសណ្ដាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានទូរស័ព្ទមកលេខប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលខណ្ឌដង្កោថាឈ្មោះ ឌីម ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួលក្នុងភូមិឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានយកកាំបិតនិងគប់ដុំថ្មទៅលើផ្ទះខ្លួន។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកបានចុះដល់កន្លែងកើតហេតុ និងបានសហការជាមួយលោកមេភូមិដើម្បីត្រួតពិនិត្យជាក់ស្តែង ដោយបានហៅឈ្មោះឌីម ពិសិដ្ឋ មកទីស្នាក់ការប៉ុស្តិ៍ដើម្បីសួរនាំ និងឱ្យលោកអុឹម សម្បត្តិ មកដាក់ពាក្យបណ្តឹង តែលោកអុឹម សម្បត្តិ មិនបានប្តឹង ទៅលើឈ្មោះឌីម ពិសិដ្ឋ នោះទេ។ បន្ទាប់ពីសាកសួររួច សមត្ថកិច្ចបានណែនាំអប់រំ ធ្វើកិច្ចសន្យាឱ្យអាណាព្យាបាលមកធានាឈ្មោះឌីម ពិសិដ្ឋ ដើម្បីយកទៅអប់រំណែនាំបន្តនៅស្រុកកំណើត ភូមិលើ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បច្ចុប្បន្ន ឈ្មោះឌីម ពិសិដ្ឋ មិនបានស្នាក់នៅផ្ទះជួលក្នុងភូមិឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៀតទេ តាំងពីពេលសមត្ថកិច្ចបានណែនាំអប់រំមកនោះ៕ ដោយ៖សហការី