ភ្នំពេញ៖ មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្ត នឹងម៉ូតូ ដោយសារតែអ្នកបើកបរទាំង២ខ្វះការប្រុងប្រយ័ត្ន ដល់ផ្លូវបំបែក មិនបន្ថយល្បឿន ទើបបង្កអោយមានគ្រោះថ្នាក់កើតឡើង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ១៣កែងផ្លូវ១១៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌឺ ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6212 បានបុកគ្នាជាមួយ នឹងម៉ូតូធំ ម៉ាក CBR ពណ៍សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-1999 អ្នកបើករបួសដៃជើងតិចតួច ។
តាមសាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូជិះតែម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿនព្រមទាំងបិតភ្លើងថែមទៀតផង ធ្វើដំណើរតាមបណ្តោយផ្លូវ១១៨ ក្នុងទឹសដៅពីកើតទៅលិច ពេលមកដល់ត្រង់ចំណុច ផ្លូវបំបែក ក៏ជ្រុលទៅបុកនិងរថយន្តមួយគ្រឿងដែលធ្វើដំណើរតាមផ្លូវលេខ១៣ ក្នុងទឹសដៅពីត្បូងទៅជើង បណ្តាលអោយរថយន្តវិលមួយជុំទៅបុកបង្កោលភ្លើងមួយដើមទៀត តែមិនមានការខូចខាត បង្កោលភ្លើងទេ ខូចតែរថយន្តមួយកំណាត់ខាងមុខបើកលែងកើត ចំណែកម៉ូតូហោះផ្លោងប្រហែល១០ម៉ែត្រ ។
ប្រភពដដែលបានបន្តទៀតថា មូលហេតុនៃគ្រោះថ្នាក់ចរាចរនេះគឺបណ្តាល មកពីការបើកបរខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវបំបែក អាងតែផ្លូវស្ងាត់បើកបរលឿន ។
ក្រោយពេលកើតហេតុភាគីទាំង២បានទូរស័ព្ទហៅតំណាងរាងៗខ្លួនមកដោះស្រាយ តែដោយសារអ្នកដែលមកដោះស្រាយនោះដោះមិនចេញ ទើបប្រគល់អោយសម្ថកិច្ចយកទាំងរថយន្ត និងម៉ូតូទៅរក្សារទុកនៅចរាចររាជធានីដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ ព្រែកជ័យ