ភ្នំពេញ : នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ពីសេចក្តីប្រកាសព័ត៌មាន លទ្ធផលស្តីពីការធ្វើជាសហប្រធានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីប្រារព្ធខួបលើកទី៤៥ឆ្នាំនៃទំនាក់ទំនងដៃគូ សន្ទនារវាងតំបន់ទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រធានអាស៊ាន បានធ្វើជាសហ ប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នេះ ជាមួយ លោក ឆាលស៍ មីឆែល ដែលជាប្រធាន ក្រុមប្រឹក្សាអឺរ៉ុប។
ព្រឹត្តិការណ៍ដ៏សំខាន់នេះ មានអត្ថន័យជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅ និងមានសារសំខាន់ ជាលក្ខណៈយុទ្ធសាស្ត្រសម្រាប់ទាំងអាស៊ានក៏ដូចជាសហភាពអឺរ៉ុប កិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍នេះត្រូវបានចូលរួមដោយប្រធានគណៈកម្មការអឺរ៉ុប នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ ឆែក ដែលជាប្រធានប្តូរវេនក្រុមប្រឹក្សាសហភាពអឺរ៉ុប ក៏ដូចជាមេដឹកនាំនៃបណ្តាប្រទេសសមាជិក សហភាពអឺរ៉ុប និងប្រទេសសមាជិកអាស៊ាន។ មេដឹកនាំអាស៊ាន និងមេដឹកនាំសហភាពអឺរ៉ុបបាន ឆ្លៀតយកឱកាសនេះ … ធ្វើការពិនិត្យឡើងវិញកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុបនា ពេលបច្ចុប្បន្ន និងបានលើកទិសដៅសម្រាប់លើកស្ទួយទំនាក់ទំនងនាពេលអនាគត ហើយព្រមទាំង បានផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ។ លើសពីនេះ មេដឹកនាំទាំងអស់បានអះអាង ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ដែលផ្អែកលើការ គោរពគ្នាទៅវិញទៅមក សមភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
ដោយទទួលស្គាល់អំពីសារសំខាន់ពាណិជ្ជកម្ម ជាក្បាលម៉ាស៊ីនដ៏មានឥទ្ធិពលសម្រាប់ កំណើនសេដ្ឋកិច្ច មេដឹកនាំទាំងអស់បានសម្ដែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធ្វើការឆ្ពោះទៅរក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុបនាពេលអនាគត ដែលជាគោលដៅរួមរយៈ ពេលវែង។ មេដឹកនាំតំបន់ទាំងពីរក៏មានទំនុកចិត្តខ្ពស់ថា កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសដ៏ទូល ទូលាយអាស៊ាន-សហភាពអឺរ៉ុប ដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ ដែលជាកិច្ចព្រមព្រៀង អាកាសចរណ៍រវាងតំបន់និងតំបន់ពុំធ្លាប់មានពីមុនមក នឹងលើកកម្ពស់ការចល័តមនុស្ស និងបង្កើតឱកាសធុរកិច្ចជាច្រើន។ លើសពីនេះ មេដឹកនាំតំបន់ទាំងពីរក៏បានពិភាក្សាគ្នាផងដែរលើអាទិភាព សេដ្ឋកិច្ចជាច្រើន ដែលជាអាទិ៍មានខ្សែសង្វាក់ផ្គត់ផ្គង់ ការវិនិយោគតម្លៃបន្ថែម សហគ្រាសខ្នាតមីក្រូ ធុនតូច និងមធ្យម ថាមពល ការដឹកជញ្ជូន កសិកម្ម ភាពជាដៃគូសាធារណៈនិងឯកជន និងវិស័យ ផ្សេងៗជាច្រើនទៀត។
លើសពីនេះទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃការជំរុញ ការធ្វើសំយោគឱ្យបានខ្លាំងក្លារវាងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងយុទ្ធសាស្ត សហភាពអឺរ៉ុបស្តីពីការតភា្ជប់អឺរ៉ុប និងអាស៊ី។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវទំនុក ចិត្តផងដែរថា ថវិកាចំនួន ១០ ប៊ីលានអឺរ៉ូ របស់សហភាពអឺរ៉ុប ដើម្បីអនុវត្ត “ច្រកចេញចូលសកល របស់សហភាពអឺរ៉ុប» នឹងរួមចំណែកដល់ផែនការសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ ជាពិសេស លើផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលត្រូវការទុនវិនិយោគចំនួន ២០០០ ប៊ីលានដុល្លារអាមេរិក ចាប់ពីពេលបច្ចុប្បន្នរហូតដល់ឆ្នាំ២០៣០ និងសេដ្ឋកិច្ចឌីជីថលដែលត្រូវបានគេប៉ាន់ប្រមាណថា នឹងជួយបន្ថែមកំណើនទឹកប្រាក់ប្រហែល ១០០០ប៊ីលានដុល្លារអាមេរិក ទៅក្នុងផលិតផលក្នុងស្រុក សរុបក្នុងតំបន់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានទទូចឱ្យអាស៊ាន និងសហភាពអឺរ៉ុបខិតខំប្រឹងប្រែង បន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និរន្តរភាព និងភាពធន់។ សម្តេច តេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃសង្គមជាតិរបស់យើង ហើយ បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះការបន្តការគាំទ្រក្នុងការកសាងសមត្ថភាពដល់ប្រទេស សមាជិកអាស៊ាន និងផ្តល់នូវការអប់រំ និងជំនាញសតវត្សរ៍ទី២១ ដល់យុវជនអាស៊ាន ដើម្បីឱ្យពួកគេ អាចបោះជំហានទៅក្នុងពិភពការងារដែលបន្តផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ លើសពីនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតម្រូវការក្នុងការលើកកម្ពស់សមភាពយេនឌ័រលើគ្រប់វិស័យ និង ជាពិសេស ការយកស្ត្រីធ្វើជាស្នូលនៃការបង្កើតគោលនយោបាយ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ បានចែករំលែកជូនអង្គប្រជុំថា ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជាបានចាត់ទុកស្ត្រី សន្តិភាព និង សន្តិសុខជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់ខ្លួន។
ពាក់ព័ន្ធនឹងលទ្ធផលដ៏សំខាន់ៗនៃសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុ (COP27) ក្រោមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុនៅប្រទេសអេហ្ស៊ីប សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍កិច្ចព្រមព្រៀងផ្តល់មូលនិធិសម្រាប់ការបាត់បង់ និង សំណងខូចខាតរបស់ប្រទេសក្រីក្រ ដោយសារផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។ សម្តេច តេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ថ្វីត្បិតតែកម្ពុជាជាប្រទេសបញ្ចេញឧស្ម័នកាបូនកម្រិតទាប ប៉ុន្តែបានបង្កើនថវិកាចំនួនបីដងសម្រាប់សកម្មភាពអាកាសធាតុរបស់ខ្លួន ដែលស្មើនឹង២,២% នៃ ផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២០។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរអំពីសំណើរបស់កម្ពុជាក្នុងការរៀបចំ កិច្ច ព្រមព្រៀងបៃតងអាស៊ាន» ដែលជាក្របខ័ណ្ឌដ៏សំខាន់ មានគោលបំណងជួយដល់ប្រទេសសមាជិក ធ្វើការផ្លាស់ប្តូរបន្តិចម្ដងៗឆ្ពោះទៅរកអនាគតបៃតង ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី បានមើល ឃើញពីសក្តានុពលដ៏ធំនៃតួនាទីរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្រអាស៊ានដើម្បីសម្រេចឱ្យបាននូវ គោលដៅនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណផងដែរដល់សហភាពអឺរ៉ុប ដែលបានជួយអាស៊ាន និងជាពិសេសកម្ពុជា តាមរយៈការផ្ដល់ជូននូវការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ វ៉ាក់សាំង និងហិរញ្ញវត្ថុ ដើម្បីទប់ទល់នឹងជម្ងឺកូវីដ-១៩។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាស៊ាន និង សហភាពអឺរ៉ុប ដើម្បីដោះស្រាយវិបត្តិសុខភាពសាធារណៈនេះ គឺជាគំរូមួយនៃកិច្ចសហប្រតិបត្តិការ ដែលគួរត្រូវបានលើកកម្ពស់ និងធ្វើតាមសម្រាប់បញ្ហាប្រឈមសកលផ្សេងៗទៀត។ មេដឹកនាំអាស៊ាន ក៏បានទទួលស្គាល់ការរួមចំណែករបស់សហភាពអឺរ៉ុប ជាអ្នកនាំចេញវ៉ាក់សាំងដ៏ធំមួយ និងជាអ្នកផ្តល់ ជំនួយធំទីពីរដល់កូវ៉ាក់ (COVAX) ដែលមានទឹកប្រាក់ជាង ៥ ប៊ីលានអឺរ៉ូ ជាជំនួយឥតសំណង និង ជាប្រាក់កម្ចី។
ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ សម្តេចតេជោនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា ពិភព លោកបានប្រឈមមុខនឹងការសាកល្បងដ៏ធំបំផុតចាប់តាំងពីពេលបញ្ចប់សង្គ្រាមលោកលើកទី២ មក។ ការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយរវាងមហាអំណាចធំៗបានធ្វើឱ្យរង្គោះរង្គើសណ្តាប់ ធ្នាប់អន្តរជាតិ និងគំរាមកំហែងដល់សន្តិភាព ស្ថិរភាព និងវិបុលភាពដែលរកបានយ៉ាងលំបាក។ ជម្លោះប្រដាប់អាវុធទាំងឡាយដែលគេតែងតែគិតថាជាបញ្ហាអតីតកាលនោះ បានវិលមកវិញ ហើយ ក្លាយជាកង្វល់យ៉ាងធ្ងន់ធ្ងរនៅតាមតំបន់ជាច្រើននៃពិភពលោក ហើយបញ្ហាទាំងនេះក៏គ្មានការលើក លែងចំពោះអាស៊ាន និងសហភាពអឺរ៉ុបនោះដែរ។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺការវិវត្តទាំងនេះ បាននិងកំពុងកើតឡើងនៅពេលដែលពហុភាគីនិយមស្ថិតនៅក្រោមភាពតានតឹងដ៏ខ្លាំង ហើយជាតិ និយម និងគាំពារនិយមកំពុងកើនឡើងយ៉ាងឆាប់រហ័ស។
ក្នុងបរិបទនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ត្រូវតែការពារឱ្យបាន ហើយប្រព័ន្ធពហុភាគីត្រូវតែប្រកបដោយបរិយាប័ន្ន មាន តម្លាភាព យុត្តិធម៌ និងបើកចំហ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យប្រទេសមហាអំណាច នានាស្វែងរកវិស័យសហប្រតិបត្តិការជាក់ស្ដែង ដែលអាចឱ្យពួកគេកសាងបាននូវសេចក្ដីទុកចិត្ត និងជំនឿចិត្តទៅវិញទៅមក និងលើកកម្ពស់ផលប្រយោជន៍រួមនិងជាសកល។ នៅខណៈពេលទទួល ស្គាល់ថាការប្រកួតប្រជែងចៀសមិនរួច សម្ដេចតេជោនាយករដ្ឋមន្ត្រី មានទស្សនៈយ៉ាងមុតមាំថា មហាអំណាចទាំងឡាយគួរដាក់ចេញនូវរនាំងមួយចំនួនដែលអាចការពារការប្រកួតប្រជែងរបស់ពួក គេមិនឱ្យនាំទៅដល់ការខាតបង់ទាំងសងខាង។
ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា ជា ប្រទេសដែលផ្អែកលើច្បាប់ និងមានការទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់ បទដ្ឋាន និងគោលការណ៍ទាំងឡាយដែលទទួលស្គាល់ជាសកល ហើយជំទាស់ដាច់ខាត ចំពោះការកាត់យកទឹកដី និងការប្រើប្រាស់ ឬការគំរាមកំហែងកម្លាំងប្រឆាំងនឹងរដ្ឋអធិបតេយ្យណា មួយ។ ការចូលរួមរបស់កម្ពុជាជាប្រទេសសហស្ថាបនិកនៃសេចក្ដីសម្រេចចិត្តរបស់អង្គការសហ ប្រជាជាតិលើបញ្ហានេះ គឺជាសក្ខីភាពពិតនៃការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះកាតព្វកិច្ចអន្តរជាតិ។
សំខាន់បំផុត សម្ដេចតេជោនាយករដ្ឋមន្រ្តី បានលើកមតិឡើងថា ប្រសិនបើប្រវត្តិសាស្ត្រ អាចផ្តល់ជាមគ្គុទ្ទេសណាមួយនោះ សង្គ្រាមមិនអាចបញ្ចប់សង្គ្រាមបានទេ ហើយកិច្ចសន្ទនាដែល អនុញ្ញាតឱ្យភាគីពាក់ព័ន្ធទាំងឡាយលើកឡើងពីកង្វល់របស់ខ្លួន និងស្វែងរកដំណោះស្រាយដោយ សន្តិវិធី គួរតែចាប់ផ្ដើមដោយមិនមានការបង្អង់។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យភាគី ពាក់ព័ន្ធទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចបង្កើនអំពើហិង្សានៅអ៊ុយក្រែន និង បង្កើតបរិយាកាសមួយដែលអំណោយផលសម្រាប់ការផ្ដល់ជំនួយមនុស្សធម៌ជូនអ្នកដែលត្រូវការ បំផុត។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានចែករំលែកជូនអង្គប្រជុំផងដែរថា កម្ពុជា នឹងផ្តល់វគ្គ បណ្តុះបណ្តាលជូនអ្នកដោះមីនអ៊ុយក្រែនចំនួន ១៥នាក់ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់អង្គភាព ផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់អ៊ុយក្រែន នៅក្នុងខែមករា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ហើយនឹងបញ្ជូនក្រុមអ្នកជំនាញទៅធ្វើការបណ្តុះបណ្តាលបន្ថែមទៀតសម្រាប់អ្នកដោះមីនអ៊ុយក្រែន នៅក្នុងខែមេសា ឆ្នាំ២០២៣ នៅប្រទេសប៉ូឡូញ
ដោយមានការគាំទ្រពីប្រទេសជប៉ុន។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរៀបរាប់សង្ខេបផងដែរជូនអង្គប្រជុំអំពីកិច្ចខិតខំប្រឹង ប្រែងរបស់កម្ពុជា និងការងារទាំងឡាយរបស់ប្រេសិតពិសេស ដើម្បីជួយមីយ៉ាន់ម៉ាវិលទៅរកប្រក្រតី ភាពឡើងវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបអង្គប្រជុំផងដែរថា នៅក្នុងឱកាសកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤១ មេដឹកនាំអាស៊ានបានអនុម័តលើឯកសារស្តីពី «ការពិនិត្យឡើងវិញ និង សេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច» ដែលធ្វើ ឡើងដើម្បីសម្របសម្រួលឱ្យមានកាអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ឱ្យបានឆាប់។ ជាការ ឆ្លើយតប សហភាពអឺរ៉ុបបានកោតសរសើរកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងទាំងឡាយ និងបាន សម្តែងនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ដើម្បីគាំទ្រមជ្ឍភាពអាស៊ាន និងតួនាទីដឹកនាំរបស់អាស៊ាន ក្នុងការ ដោះស្រាយស្ថានការណ៍វិបត្តិនៅមីយ៉ាន់ម៉ា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រធានក្រុមប្រឹក្សាអឺរ៉ុប និងថ្នាក់ ដឹកនាំសហភាពអឺរ៉ុប ចំពោះការគាំទ្រដោយឥតងាករដល់ភាពជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ នេះ។ ជាងនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី មានសុទិដ្ឋិនិយម និងទំនុកចិត្តថា ភាពជាដៃគូ អាស៊ាន-សហភាពអឺរ៉ុបនឹងបន្តរីកចម្រើនយ៉ាងរឹងមាំ ហើយទន្ទឹងរង់ចាំនូវជោគជ័យដ៏ត្រចះត្រចង់ បន្ថែមទៀតក្នុងរយៈពេល ៤៥ឆ្នាំខាងមុខ។ កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាព អឺរ៉ុបបានអនុម័តសេចក្ដីថ្លែងការណ៍រួមរបស់មេដឹកនាំ និងបានកត់សម្គាល់ផែនការសកម្មភាព ដើម្បី អនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប (២០២៣-២០២៧)៕
ដោយ : សុខ ខេមរា