ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា ៖ ក្នុងឱកាសនៃកិច្ចប្រជុំពេញអង្គលើកទី២៩ នៃ ICC-Angkor កាលពីម្សិលមិញ មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ ដើម្បីគាំទ្រដល់ក្រុម JAPAN-APSARA សម្រាប់ការអភិរក្សអង្គរ៖
1) «គម្រោងមូលនិធិសមភាគីជប៉ុនសម្រាប់គាំទ្រការធ្វើឲ្យមានលំនឹងដល់តួប៉មកណ្ដាល ប្រាសាទបាយ័ន ទាក់ទងនឹងគម្រោង JASA» ចុះហត្ថលេខា រវាងលោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោក មិកាមិ ម៉ាសាហ៊ីរ៉ុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
២) «គម្រោង UNESCO-Japan Funds in Trust សម្រាប់ការអភិរក្សប្រាសាទបាយ័នដំណាក់កាលទី៦» ចុះហត្ថលេខា រវាង ឯកឧត្តម បណ្ឌិត ហង្ស ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។
ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានបន្តថា៖ JASA គឺជាក្រុមជប៉ុន-អប្សរា សម្រាប់អភិរក្សប្រាសាទអង្គរ បង្កើតតាំងពីឆ្នាំ១៩៩៤។
រដ្ឋាភិបាលជប៉ុនបានផ្តល់មូលនិធិសរុបចំនួន ២៨៥៩៤២៧៥ ដុល្លារអាមេរិកសម្រាប់កអនុវត្តគម្រោងនេះចាប់តាំងពីឆ្នាំ១៩៩៤។ លើសពីនេះ រដ្ឋាភិបាលជប៉ុននាពេលថ្មីៗនេះបានសម្រេចផ្តល់ជំនួយហិរញ្ញប្បទានបន្ថែមចំនួន ៥២០៨៤៧ ដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា តាមរយៈមូលនិធិសមភាគីជប៉ុនសម្រាប់ បាយ័ន ដើម្បីទិញយានយន្ត និងម៉ាស៊ីនធុនធ្ងន់ សម្រាប់ការងាររក្សាលំនឹងនៃតួប៉មកណ្ដាលនៃប្រាសាទបាយ័ន។ គម្រោងនេះនឹងបន្តពង្រឹងសមត្ថភាពអ្នកជំនាញកម្ពុជាក្នុងការអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌ ដើម្បីម្ចាស់ការទាំងស្រុងលើការងារអភិរក្ស និងជួសជុលប្រាសាទបាយ័ន នាពេលអនាគត ៕
ដោយ ៖ សហការី