ភ្នំពេញ : អ្នកនាំពាក្យ និងជា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា នៅព្រលប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ប្រើសស្បូវ (ឈ្មោះអង់គ្លេស៖ Sambar ឈ្មោះវិទ្យាសាស្រ្ត៖ Rusa unicolor)៖ ប្រើសស្បូវជាថនិកសត្វតិណាសី ស្ថិតក្នុងត្រកូលប្រើសដែលមានមាឌធំជាងគេ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់លម្អិតថា, លើដងខ្លួន មានរោមពណ៌ប្រផេះស្ទើរក្រម៉ៅ និងនៅលើកមានរោមញឹកវែងសណ្ឋានជាប្រែង។ វារកស៊ីនៅពេលព្រលប់ និងពេលព្រលឹម ហើយសំរាកនៅពេលថ្ងៃតាមព្រៃក្រាស់ៗ។
រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបន្តថា, ប្រើសស្បូវរស់នៅតាមតំបន់ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង រួមទាំងព្រៃល្បោះ។ ប្រើសស្បូវចូលចិត្តស៊ីដីច្រាប ជាពិសេសប្រើសឈ្មោលដែលកំពុងលូតលាស់ស្នែង ហើយមានជារៀងរាល់ឆ្នាំរដូវកាច់ស្តែងនៅអំឡុងខែកក្កដា-កញ្ញា។ សត្វព្រៃប្រភេទនេះ មានវត្តមាននៅភូមិភាគខាងជើង និរតី និងភូមិភាគឦសាន នៃប្រទេសកម្ពុជា។ ប្រើសស្បូវជាប្រភេទសត្វមានដោយបង្គួរនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទងាយរងគ្រោះថ្នាក់(VU) ៕
ដោយ : សហការី